ជនជាតិ​វៀតណាម ចំនួន ៧២​នាក់ (ស្រី ២៤​នាក់) ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំដិន ខេត្ត​តាកែវ នៅ​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

ជនជាតិ​វៀតណាម ៧២​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា ពាក់ព័ន្ធ​ឆ្លងដែន​ខុស​ច្បាប់​និង​បទល្មើស​ឆបោក​អនឡាញ

By ឌឹ ខេមបូឌា ដេលី

August 15, 2025

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បន្ត​បណ្តេញ​ជនជាតិ​វៀតណាម សរុប​ចំនួន ៧២​នាក់​ចេញពី​កម្ពុជា ក្រោយ​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​លួច​ឆ្លងដែន​ខុស​ច្បាប់ និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams) នៅ​កម្ពុជា។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ក្នុង​ចំណោម​ជនជាតិ​វៀតណាម ទាំង ៧២​នាក់​នោះ គឺ​មាន​ស្រី​ចំនួន ២៤​នាក់ ដែល​ទទួល​បាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង ខេត្ត​កណ្តាល ខេត្ត​ព្រៃវែង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​ត្បូងឃ្មុំ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​អនុវត្ត​នីតិវិធី​បណ្ដេញ​ចេញ​ចំពោះ​ជនជាតិ​វៀតណាម ទាំងនោះ គឺ​ពាក់ព័ន្ធ​ករណី​បំពាន​ប្រកាស​ស្ដីពី​ការ​បណ្ដេញ​ជនបរទេស​ចេញពី​កម្ពុជា អនុវត្ត​ទោស​ចប់ លួច​ស្នាក់នៅ​ខុស​ច្បាប់​លើស​ទិដ្ឋាការ​កំណត់ លួច​ឆ្លងដែន​ខុស​ច្បាប់ និង​លួច​ស្នាក់នៅ​ធ្វើការ​ខុស​ច្បាប់​ទាក់ទង​អំពើ​ឆបោក​តាម​អនឡាញ (Online Scams)។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បន្ថែម​ទៀត​ថា ជនជាតិ​វៀតណាម សរុប​ចំនួន ៧២​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំដិន ខេត្ត​តាកែវ កាលពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២៥ តាម​ការ​ណែនាំ​របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​អគ្គនាយក​អន្តោប្រវេសន៍។

កាលពី​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២៥ កន្លង​ទៅ សមត្ថកិច្ច​កម្ពុជា បាន​ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម ៣៥២​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ពាក់ព័ន្ធ​ករណី​លួច​ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់ និង​គ្មាន​លិខិត​ឆ្លងដែន។

អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស លោកស្រី ជូ ប៊ុនអេង បាន​ថ្លែង​កន្លង​មក​ថា ការ​បង្ក្រាប​ទីតាំង​ឆបោក​អនឡាញ​មាន​ភាព​ស្មុគស្មាញ​ច្រើន ព្រោះ​ទីតាំង​មួយ​ចំនួន​ជ្រក​ក្រោម​ផ្លាក​អាជីវកម្ម​ស្រប​ច្បាប់។ ម្យ៉ាង ជនបរទេស​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា មិន​បាន​បញ្ជាក់​ពី​គោលបំណង​ច្បាស់លាស់​របស់​ពួកគេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​មាន​ភាព​លំបាក។

យោង​តាម​លិខិត​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២០ បង្ហាញ​ថា ជនបរទេស​អន្តោប្រវេសន៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​ស្នើសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនអន្តោប្រវេសន៍ និង​សុំ​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជាង ៨​ម៉ឺន ៩​ពាន់​នាក់ (៨៩៧៨៦​នាក់)។ ក្នុង​ចំណោម​ជនបរទេស​ទាំង​ជាង ៨​ម៉ឺន​នាក់​នេះ គឺ​ស្មើ​នឹង​ជាង ២​ម៉ឺន ៨​ពាន់​គ្រួសារ (២៨៩៤៥​គ្រួសារ) ដែល​មាន ១១​សញ្ជាតិ ក្នុង​នោះ ជនជាតិ​វៀតណាម មាន​ចំនួន ៨៩៤៧១​នាក់ ខណៈ​ជនបរទេស ១០​សញ្ជាតិ​ផ្សេង​ទៀត​ដែល​ទទួល​បាន​បណ្ណ​ស្នាក់នៅ​មាន​ត្រឹមតែ​ជាង ៣០០​នាក់ (៣១៥​នាក់) ប៉ុណ្ណោះ៕

© 2025, . All rights reserved.