ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បានធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោន កាលពីយប់ថ្ងៃអាទិត្យ ទី១៧ ខែសីហា ហើយបានទទួលស្វាគមន៍នៅឯសេតវិមានវេលាម៉ោង ១:១៥នាទី រសៀលថ្ងៃទី១៨ ខែសីហា ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
មុនទៅដល់រដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ភាគីទាំងអស់សុទ្ធតែចង់ស្វែងរកការបិទបញ្ចប់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ឱ្យឆាប់ ប៉ុន្តែមេដឹកនាំអ៊ុយក្រែន រូបនេះ បានអំពាវនាវឱ្យមានសន្តិភាពមួយដែលឋិតថេរយូរអង្វែង។
មេដឹកនាំដែលអមដំណើរលោក ហ្សេឡេនស្គី ទៅទីក្រុងវ៉ាស៊ីនតោន មានដូចជា មេដឹកនាំបារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី មេដឹកនាំសហភាពអឺរ៉ុប និងអគ្គលេខាធិការអង្គការយោធាណាតូ (NATO)។
លោក ហ្សេឡេនស្គី ដែលទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជួបលោក ត្រាំ ជាលើកទីពីរតាមការអញ្ជើញរបស់លោក ត្រាំ បន្ទាប់ពីលោក ត្រាំ បានបើកកិច្ចប្រជុំកំពូលទ្វេភាគីជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយបានជជែកអំពីសង្គ្រាមនៅអ៊ុយក្រែន កាលពីថ្ងៃទី១៥ សីហា នៅរដ្ឋអាឡាស្កា។
នៅមុនតែប៉ុន្មាននាទី មុនលោក ហ្សេឡេនស្គី ជាន់ដីទីក្រុងវ៉ាស៊ីនតោន លោក ដូណាល់ ត្រាំ បានបង្ហោះសារថា លោក ហ្សេឡេនស្គី អាចជ្រើសរើសការបញ្ចប់សង្គ្រាមភ្លាមៗជាមួយរុស្ស៊ី ឬក៏បន្តសង្គ្រាមទៅមុខទៀត។ លោក ត្រាំ ថាបើចង់បញ្ចប់សង្គ្រាម គឺអ៊ុយក្រែន ត្រូវបោះបង់ចោលការទាមទារយកជ្រោយគ្រីមៀរ ពីរុស្ស៊ី ហើយនិងដកចេញវិញពាក្យសុំចូលជាសមាជិកអង្គការយោធាណាតូ។
លោក ត្រាំ បានសង្កត់ធ្ងន់ថា ការយកជ្រោយគ្រីមៀរ ដែលរុស្ស៊ី វាយយកកាន់កាប់តាំងពី ១២ឆ្នាំមុន ហើយនឹងការចូលជាសមាជិកអង្គការ NATO គឺជាកត្តាមួយមិនអាចបញ្ចប់សង្គ្រាមឡើយ។
សាររបស់លោក ត្រាំ ដែលគេមើលឃើញនៅលើបណ្ដាញសង្គម Truth Social បានសរសេររៀបរាប់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី អាចបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី សឹងតែបានភ្លាមៗ ប្រសិនបើលោកមានបំណងធ្វើរឿងនេះឱ្យមានលទ្ធផលល្អ តែមិនអាចយកគ្រីមៀរ ដែលបាត់បង់តាំងតែពី ១២ឆ្នាំមុន ដោយសារលោក បារ៉ាក់ អូបាម៉ា បានឡើយ។ រឿងនេះគ្មានថ្ងៃប្រែប្រួលឡើយ។ វាធ្លាក់ក្នុងដៃរុស្ស៊ី ១២ឆ្នាំហើយ។ ម្យ៉ាងវាជារឿងចាស់។
សាររបស់លោក ត្រាំ ដូចនេះ ត្រូវគេមើលឃើញថាអាចមកពីលោក ពូទីន ស្ដាប់អនុសាសន៍របស់លោកក្នុងជំនួបកាលពីថ្ងៃទី១៥ សីហា នៅរដ្ឋអាឡាស្កា។ ដូចនេះ លោក ត្រាំ ត្រូវតែព្រមានលោក ហ្សេឡេនស្គី ដូចនេះ មុនលោកជួបលោក ហ្សេឡេនស្គី នៅពេលនេះ។
ក្នុងជំនួបរយៈពេល ៣ម៉ោងជាមួយលោក ត្រាំ លោក ពូទីន បានលើកឡើងពីការចរចាដោះដូរទឹកដីនឹងសន្តិភាព។ លោក ពូទីន ត្រូវការបញ្ចប់សង្គ្រាម តែត្រូវការទឹកដីតំបន់ដុនបាស់ ពីអ៊ុយក្រែន ដែលតំបន់នេះមានខេត្តលូហ្គាន់ និងខេត្តដូណែត។
ជាដែនដីមានផ្ទៃដីជាង ៥៣០០០គីឡូម៉ែត្រក្រឡាស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ ជាដែនដីដែលសម្បូរដោយរ៉ែកម្រ។ តំបន់នេះកំពុងបង្ហូរឈាមប្រយុទ្ធគ្នាយ៉ាងសហាវរវាងកងទ័ពប្រទេសទាំងពីរ ដែលមានព្រំដែនជាប់គ្នា។ តាមក្រុមអ្នកវិភាគនៃវិទ្យាស្ថានសិក្សាសង្គ្រាម ISW រុស្ស៊ីវាយកាន់កាប់បានប្រមាណជា ៩៨ភាគរយនៃដែនដីខេលូហ្គាន់ និង ៧០ភាគរយនៃដែនដីខេត្តដូណែត។
ទោះជាយ៉ាងណាក៏ដោយ លោក ហ្សេឡេនស្គី ថ្លែងថា ខ្សែត្រៀមប្រយុទ្ធជួរមុខត្រូវតែពង្រឹង និងត្រូវរុញច្រានទ័ពសត្រូវ ទើបជាមូលដ្ឋានសម្រាប់កិច្ចចរចាសន្តិភាពជាមួយអ្នកឈ្លានពាន។ លោក ហ្សេឡេនស្គី បានលើកឡើងដូចនេះនៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃអាទិត្យ មុនលោកឡើងយន្តហោះទៅទីក្រុងវ៉ាស៊ីនតោន។
លោក ហ្សេឡេនស្គី សង្កត់ធ្ងន់ថា អ៊ុយក្រែន ត្រូវការការចរចាពិតប្រាកដ ដែលមានន័យថាអាចចាប់ផ្តើមពីកន្លែងដែលខ្សែប្រយុទ្ធជួរមុខស្ថិតនៅពេលនេះ គឺត្រូវតែរឹងមាំ។ លោកបានបន្ថែមថា មេដឹកនាំអឺរ៉ុប បានគាំទ្រជំហររបស់អ៊ុយក្រែន ប្រយុទ្ធដើម្បីទឹកដីតាំងពីដើមរៀងមក។
បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters លោក ហ្សេឡេនស្គី បានបញ្ជាក់ជាថ្មីនូវជំហររបស់លោកថា វាចាំបាច់ណាស់ក្នុងការបង្កើតបទឈប់បាញ់មួយជាមុនសិន ទើបអាចចរចាលើកិច្ចព្រមព្រៀងនៅវិនាទីចុងក្រោយ។ លោក ហ្សេឡេនស្គី សង្កត់ធ្ងន់ទៀតថា មានន័យសំខាន់ណាស់ដែលទីក្រុងវ៉ាស៊ីនតោន នៅខាងពួកយើង។
ទោះជាបែបនេះក្តី លោក ហ្សេឡេនស្គី បាននិយាយថា លោកមិនទាន់បានដឹងពីការទាមទារទាំងអស់ដែលលោក ពូទីន បានធ្វើឡើងនៅក្នុងជំនួបជាមួយលោក ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះនៅឡើយទេ តែជាមួយគ្នានេះ លោក ហ្សេឡេនស្គី អះអាងថា ការពិនិត្យមើលការទាមទាររបស់រុស្ស៊ី នឹងត្រូវការពេលវេលាយូរថែមទៀត។
តាមប្រេសិតរបស់លោក ត្រាំ លោក Steve Witkoff ក្នុងជំនួបជាមួយលោក ត្រាំ លោក ពូទីន យល់ព្រមឱ្យអាមេរិក ជាប្រទេសធានាសន្តិសុខសម្រាប់អ៊ុយក្រែន ហើយក៏មានប្រទេសអឺរ៉ុប ផងដែរ ឱ្យតែអ៊ុយក្រែន ព្រមដូរសន្តិភាពជាមួយនឹងការកាត់ទឹកដីដុនបាស់ ឱ្យរុស្ស៊ី។
សម្រាប់លោក ហ្សេឡេនស្គី តែងតែទាត់ចោលគំនិតណាមួយដែលគាបអ៊ុយក្រែន ឲ្យដោះដូរទឹកដី ដើម្បីបានសន្តិភាពពីអ្នកឈ្លានពាន៕
© 2025, . All rights reserved.