ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា កិច្ចប្រជុំជាមួយលោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប នៅសេតវិមាន នាទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ទី១៨ ខែសីហា បានប្រព្រឹត្តទៅយ៉ាងល្អ ជាមួយនឹងការរៀបចំសម្រាប់ជំនួបរវាងមេដឹកនាំរុស្ស៊ី-អ៊ុយក្រែន អាចធ្វើឡើងរយៈពេល ២សប្ដាហ៍ទៀត។
នេះបើតាមការបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social របស់លោក ត្រាំ ដែលចុះផ្សាយបន្តដោយបណ្ដាញផ្សាយព័ត៌មានអាមេរិក នៅថ្ងៃទី១៩ សីហា។
សាររបស់លោក ត្រាំ បានរៀបរាប់ដូចនេះថា៖ «ខ្ញុំមានជំនួបដ៏ល្អជាមួយភ្ញៀវកិត្តិយសដ៏ធំ មានលោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី លោកប្រធានាធិបតីបារាំង Emmanuel Macron លោកប្រធានាធិបតីប្រទេសហ្វាំងឡង់ Alexander Stubb នាយករដ្ឋមន្ត្រីអ៊ីតាលី អ្នកស្រី Giorgia Meloni នាយករដ្ឋមន្ត្រី Keir Starmer នៃចក្រភពអង់គ្លេស អធិការបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ Friedrich Merz ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen អគ្គលេខាធិការណាតូ Mark Rutte នៅក្នុងសេតវិមាន ដែលបានបញ្ចប់ទៅក្នុងបរិយាកាសយ៉ាងល្អ និងមានកិច្ចព្រមព្រៀងមួយចំនួន។»
សាររបស់លោក ត្រាំ បានបញ្ជាក់ទៀតថា៖ «កិច្ចប្រជុំដ៏ពិសេសនេះ យើងបានពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដែលការធានា នឹងត្រូវបានផ្តល់ពីបណ្តាប្រទេសអឺរ៉ុបផ្សេងៗ ដោយមានការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក។ យើងជួបគ្នាដោយក្ដីសប្បាយចិត្តចំពោះលទ្ធភាពនៃសន្តិភាពសម្រាប់រុស្ស៊ី–អ៊ុយក្រែន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ខ្ញុំបានទូរសព្ទទៅប្រធានាធិបតី ពូទីន ហើយបានចាប់ផ្តើមការរៀបចំសម្រាប់ជំនួប ពូទីន–ហ្សេឡេនស្គី នៅទីតាំងកំណត់ណាមួយ។ បន្ទាប់ពីជំនួបដ៏ធំនេះ យើងនឹងមានជំនួបត្រីភាគី ដែលមានប្រធានាធិបតីទាំងពីរនេះ រួមទាំងខ្លួនខ្ញុំផងដែរ ហើយសង្ឃឹមថាអាចនឹងមាននៅចុងខែសីហា នេះ។»
លោក ត្រាំ បានហៅព្រឹត្តិការណ៍ជំនួបដ៏ធំនេះពុំធ្លាប់មានទេនៅសេតវិមាន តែលោកថាគឺជាជំហានដំបូងដ៏ល្អមួយផ្ដោតលើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
តាមទីភ្នាក់ងារសារព័ត៌មាន AFP អនុប្រធានាធិបតីអាមេរិក លោក JD Vance រដ្ឋមន្ត្រីក្រសួងការបរទេស លោក Marco Rubio និងបេសកជនពិសេស លោក Steve Witkoff កំពុងសម្របសម្រួលជាមួយភាគីរុស្ស៊ី និងអ៊ុយក្រែន ឱ្យមានជំនួបត្រីភាគីដ៏ឆាប់ខាងមុខនេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីជំនួបពិភាក្សាជាមួយលោក ដូណាល់ ត្រាំ និងក្រុមមេដឹកនាំអឺរ៉ុប នៅឯសេតវិមាន លោក ហ្សេឡេនស្គី បាននិយាយថា រូបលោកបានត្រៀមខ្លួនហើយដើម្បីជួបលោក ពូទីន ដែលជាជំនួបតទល់លើកដំបូងរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី គិតចាប់តាំងពីទីក្រុងមូស្គូ បានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។
យ៉ាងណា លោក ហ្សេឡេនស្គី កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងក្នុងការធ្វើសម្បទានទឹកដី ដើម្បីបិទបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ស្របពេលដែលកងកម្លាំងរបស់រុស្ស៊ី បង្កើនការវាយលុកយ៉ាងខ្លាំងនៅគ្រប់សមរភូមិទាំងអស់ ជាពិសេសនៅខេត្តដូណែត ក្នុងតំបន់ដុនបាស ដែលរុស្ស៊ី ទាមទារឱ្យអ៊ុយក្រែន បោះបង់ចោលដែនដីភាគខាងកើតអ៊ុយក្រែន មួយនេះឱ្យរុស្ស៊ី។
ជាមួយគ្នានេះ មុនកិច្ចប្រជុំនៅសេតវិមាន លោក ត្រាំ បានជំរុញឱ្យអ៊ុយក្រែន បោះបង់គំនិតចង់យកឧបទ្វីបគ្រីមៀរ មកវិញ និងការសុំចូលជាសមាជិកអង្គការណាតូ ដែលសំណុំរឿងទាំងពីរនេះសុទ្ធតែជាលក្ខខណ្ឌទាមទាររបស់រុស្ស៊ី ដាក់ទៅលើអ៊ុយក្រែន។
តែបើតាមប្រធានាធិបតីបារាំង លោក Emmanuel Macron ជំនួបពិភាក្សាកំពូលជាមួយលោក ត្រាំ បានផ្ដោតលើរបៀបរៀបចំការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក្នុងករណីសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ជាជាងការធ្វើសម្បទានទឹកដីពីអ៊ុយក្រែន។
តាមលោក ហ្សេឡេនស្គី ផែនការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ទំនងនឹងសម្រេចចេញជាផ្លូវការក្នុងទម្រង់ណាមួយនៅអំឡុងសប្តាហ៍ក្រោយ ឬក៏ ១០ថ្ងៃទៀត។
លោក ហ្សេឡេនស្គី ចាត់ទុកថាវាជារឿងដ៏សំខាន់ដែលសហរដ្ឋអាមេរិកបានបញ្ជូនសញ្ញាច្បាស់លាស់ថា ខ្លួននឹងស្ថិតក្នុងចំណោមប្រទេសសម្របសម្រួល ហើយក៏ជាអ្នកចូលរួមក្នុងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ហ្សេឡេនស្គី បានបញ្ជាក់ថា ការធានាសន្តិសុខ ប្រហែលជាត្រូវបែងចែកទៅដៃគូសម្ព័ន្ធភាពអ៊ុយក្រែន ហើយព័ត៌មានលម្អិតច្រើនទៀត នឹងចេញមកបន្តបន្ទាប់ បន្ទាប់ពីមានលិខិតផ្លូវការក្នុងរយៈពេល ១០ថ្ងៃទៀតនេះ ថាតើមានវិធានការយ៉ាងណាចំពោះការជួយពង្រឹងសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន។
ចំពោះកំណត់ត្រារបស់អ្នកសង្កេតការណ៍ជុំវិញជំនួបរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ជាមួយលោក ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន និងមេដឹកនាំអឺរ៉ុប កាលពីថ្ងៃទី១៨ សីហា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាលើកដំបូងដែលសេតវិមានបានបើកទ្វារយ៉ាងធំទទួលជួបភ្ញៀវបរទេសឋានៈជាប្រមុខរដ្ឋ ជានាយករដ្ឋមន្ត្រី ជាមេដឹកនាំសហគមន៍អឺរ៉ុប និងមេដឹកនាំអង្គការយោធាណាតូ ត្រូវបានចាត់ទុកជាការបំបែកព្រឹត្តិការណ៍ស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅសេតវិមាន។ ជាព្រឹត្តិការណ៍អន្តរជាតិថ្មីមួយទៀតទាក់ទងនឹងសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន ក្នុងខែសីហា ឆ្នាំ២០២៥ នេះ បន្ទាប់ពីជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅដែនដីអាឡាស្កា ជារដ្ឋទី៤៩ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ សីហា៕
© 2025, . All rights reserved.