ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnet) (រូប​ឆ្វេង) និង​រូបភាព​ខាង​ស្ដាំ​បង្ហាញ​ពី​អំពើ​សម្លាប់​ពលរដ្ឋ​ខ្មែរ​នា​ពេល​កន្លង​មក

ព័ត៌មានជាតិ

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​ថា​បើ​ចង់​ដឹង​អ្នក​ណា​ឈ្លានពាន​អ្នក​ណា ត្រូវ​ពិនិត្យ​របាយការណ៍​ជាង​១០​ឆ្នាំ​មុន

By ឌឹ ខេមបូឌា ដេលី

August 20, 2025

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnet) អំពាវនាវ​ឱ្យ​អ្នក​សង្កេតការណ៍​អន្តរជាតិ ពិនិត្យ​របាយការណ៍​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤ អំពី​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង ៤០​នាក់​នា​ពេល​នោះ ទើប​ដឹង​អ្នក​ណា​ជា​អ្នក​ឈ្លានពាន​អ្នក​ណា ចំពោះ​សង្គ្រាម​កម្ពុជា-ថៃ ក្នុង​ពេលនេះ។

លោក ខេស៊ី បាណេត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែ​សីហា ថា ប្រសិនបើ​អ្នក​សង្កេតការណ៍​អន្តរជាតិ​ណា​មួយ​មិន​ច្បាស់​ថា​អ្នក​ណា​ជា​អ្នក​ឈ្លានពាន​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នា​ពេលនេះ ពួកគេ​អាច​ពិនិត្យ​មើល​គំរូ​នៃ​ការ​សម្លាប់​ជនស៊ីវិល​កម្ពុជា ដោយ​ទាហាន​ថៃ កាលពី​ជាង ១០​ឆ្នាំ​មុន។

លោក ខេស៊ី បាណេត លើកឡើង​ថា ចាប់តាំងពី​ឆ្នាំ​២០១០ រហូត​ដល់​ឆ្នាំ​២០១៤ គឺជា​ពេល​ដែល​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់ អូចា និង​ជា​មេបញ្ជាការ​កងទ័ព​ថៃ នា​ពេល​នោះ បាន​ធ្វើ​ឱ្យ​មាន​ជនស៊ីវិល​ខ្មែរ​យ៉ាងហោចណាស់ ៤២​នាក់​ត្រូវ​បាន​សម្លាប់​នៅ​តាម​បណ្តោយ​ព្រំដែន​ដោយ​យោធា​ថៃ។

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​រូប​នេះ​បញ្ជាក់​ថា លោក ប្រាយុទ្ធ ចាន់ អូចា បាន​ដើរតួ​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​បង្ក្រាប​ក្រុម​បាតុករ​អាវ​ក្រហម​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ថៃ រហូត​នាំ​ឱ្យ​មាន​ការ​សម្លាប់​ក្រុម​បាតុករ​យ៉ាងតិច ៩០​នាក់ ដោយ​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១០។

លោក​បន្ត​ថា បន្ទាប់ពី​សម្លាប់​បាតុករ​ថៃ ទាំងនោះ លោក​ក៏​បាន​គ្រប់គ្រង​លើ​កងទ័ព​ថៃ ដែល​ប្រើ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​លើ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្តោយ​ព្រំដែន ដើម្បី​ពង្រឹង​នូវ​អត្តសញ្ញាណ​ជាតិ​និយម​របស់​លោក មុន​ពេល​លោក​ឡើង​កាន់​អំណាច​ក្នុង​អំពើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០១៤។

លោក ខេស៊ី បាណេត បញ្ជាក់​ថា ពេលនេះ លោក ប្រាយុទ្ធ ចាន់ អូចា កំពុង​ផ្តល់​ដំបូន្មាន​ដល់​ព្រះមហាក្សត្រ​ថៃ អំពី​ការ​ឈ្លានពាន​តាម​ព្រំដែន​កម្ពុជា ព្រោះ​គាត់​ទំនង​ជា​មើលស្រាល​ការ​ស្លាប់​របស់​ពលរដ្ឋ​ខ្មែរ​ដែល​មិន​បាន​រាយការណ៍​ទាំង ៤២​នាក់ ក្នុង​អំឡុង​ពេល​ដែល​ខ្លួន​ធ្វើ​ជា​អគ្គមេបញ្ជាការ​កាលពី​ជាង ១០​ឆ្នាំ​មុន​នោះ។

របាយការណ៍​ស្ដីពី​ការ​សម្លាប់​របស់​ជនស៊ីវិល​កម្ពុជា នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤ បង្ហាញ​ថា នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១០ ពលរដ្ឋ​ខ្មែរ ២​នាក់​ត្រូវ​បាន​សម្លាប់ និង​នៅ​ក្នុង​អំឡុង​ខែ​តុលា ឆ្នាំ​២០១១ ពលរដ្ឋ​ខ្មែរ​ចំនួន ៨​នាក់​ក៏​ត្រូវ​បាន​ទាហាន​ថៃ សម្លាប់​បន្ថែម​ទៀត។ នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១២ ពលរដ្ឋ​ខ្មែរ ២​នាក់​ត្រូវ​បាន​សម្លាប់ ក្រោយ​មក​នៅ​អំឡុង​ខែ​មេសា ឆ្នាំ​២០១២ ដដែល ទាហាន​ថៃ បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ចំនួន ២​លើក គឺ​លើក​ទី​១ បាន​សម្លាប់​ម្នាក់ និង​លើក​ទី​២ សម្លាប់ ៣​នាក់ ខណៈ​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១២ ដដែល ទាហាន​ថៃ ក៏​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ ២​នាក់​ទៀត​ដែរ។

បន្ថែម​ពី​នេះ នៅ​អំឡុង​ខែ​មេសា ពលរដ្ឋ​ខ្មែរ ៣​នាក់ ត្រូវ​បាន​ទាហាន​ថៃ បាញ់​សម្លាប់ និង​នៅ​អំឡុង​ខែ​កញ្ញា ទាហាន​ថៃ បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត រហូត​ដល់​អំឡុង​ខែ​វិច្ឆិកា ទាហាន​ថៃ ក៏​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ ៣​នាក់​បន្ថែម​ទៀត ហើយ​ការ​សម្លាប់​ទាំង ៣​លើក​នេះ គឺ​ស្ថិត​នៅ​ក្នុង​ឆ្នាំ​២០១៣ ដូច​គ្នា។

ជាង​នេះ​ទៀត នៅ​អំឡុង​ខែ​មីនា និង​ខែ​មេសា ឆ្នាំ​២០១៤ ពលរដ្ឋ​ខ្មែរ ១៥​នាក់​ត្រូវ​បាន​សម្លាប់ ខណៈ​ខែ​កញ្ញា ឆ្នាំ​២០១៤ ទាហាន​ថៃ ក៏​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត​ដែរ និង​នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ​ដដែល ទាហាន​ថៃ ក៏​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ស្លាប់​ម្នាក់​ថែមទៀត។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៥ មេបញ្ជាការ​ភូមិភាគ​ទី​២ របស់​ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) លើកឡើង​ក្នុង​ពិធី​មួយ​នៅ​សាកលវិទ្យាល័យ Kasetsart ក្នុង​ទីក្រុង​បាងកក ថា ព្រះមហាក្សត្រ​ថៃ បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ជា​ប្រចាំ​អំពី​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ ព្រោះ​ព្រះអង្គ​បាន​សួរ​អំពី​ស្ថានភាព​នេះ​ជាមួយ​ខ្លួន​ជា​រៀងរាល់​ថ្ងៃ​អំពី​ទាហាន​នៅ​សមរភូមិ ហើយ​លោក​ក៏​បាន​រាយការណ៍​ត្រឡប់​ទៅវិញ​ជា​រៀងរាល់​ថ្ងៃ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នកវិភាគ​លើកឡើង​ថា ជា​លើកដំបូង​ហើយ​ដែល​មេបញ្ជាការ​ភូមិភាគ​២ ថៃ បាន​បង្ហាញ​ថា ស្ថាប័ន​ព្រះមហាក្សត្រ​ថៃ នៅ​ពីក្រោយ​ខ្នង​កងទ័ព​ថៃ ដែល​បាន​បើក​ការ​វាយប្រហារ​លើ​កងទ័ព​កម្ពុជា កាលពី​ពេល​កន្លង​មក​នេះ ដូច្នេះ គឺ​មាន​ន័យ​ថា សង្គ្រាម​ឈ្លានពាន​ទឹកដី​កម្ពុជា នា​ពេលនេះ គឺ​មហាក្សត្រ​ថៃ ជា​អ្នក​បញ្ជា​កងទ័ព​ទាំងនោះ៕

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnet)

© 2025, . All rights reserved.