ក្រុមសង្គមស៊ីវិល នាំគ្នាដង្ហែញត្តិដាក់តាមស្ថានទូតទាំង ១៨ ប្រចាំនៅកម្ពុជា ដែលជាប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃពុធនេះ រួមទាំងការិយាល័យអង្គការសហប្រជាជាតិ ដើម្បីស្នើសុំឱ្យប្រទេសទាំងនេះអនុវត្តនូវការប្ដេជ្ញាចិត្តរបស់ខ្លួនដែលបានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចំពោះការការពារអធិបតេយ្យភាពជាតិកម្ពុជា។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រាប់អ្នកសារព័ត៌មានថា គោលបំណងនៃការដាក់ញត្តិនេះ គឺសុំឱ្យសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ដើម្បីអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការប្ដេជ្ញាចិត្តរបស់ប្រទេសហត្ថលេខី ជុំវិញការឈ្លានពានរបស់ប្រទេសជិតខាងមកលើកម្ពុជា នាពេលនេះ។
លោក វន់ ពៅ លើកឡើងថា ក្នុងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺធានាការពារនូវដែនអធិបតេយ្យជាតិរបស់កម្ពុជា មិនឱ្យមានការរំលោភបំពានពីបរទេសជិតខាងដាច់ខាត ដូច្នេះការដាក់ញត្តិនេះ គឺដើម្បីឱ្យប្រទេសហត្ថលេខីទាំងនោះជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងផ្ទុះឡើងនេះ។
ប្រធានសមាគមរូបនេះបញ្ជាក់ថា ខ្លឹមសារក្នុងញត្តិនេះ ក៏បានស្នើឱ្យមានការដោះលែងទាហានខ្មែរទាំង ១៨នាក់ ដែលត្រូវបានថៃ ចាប់ខ្លួន រួមទាំងស្នើឱ្យជួយអន្តរាគមន៍ផ្នែកមនុស្សធម៌ដល់ពលរដ្ឋកម្ពុជា ដែលកំពុងជម្លៀសដោយសារជម្លោះរវាងកម្ពុជា-ថៃ នាពេលនេះផងដែរ។
លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) បានលើកឡើងក្នុងពិធីដង្ហែញត្តិនេះដែរថា ជម្លោះកម្ពុជា-ថៃ គឺបញ្ជាក់យ៉ាងច្បាស់អំពីការរំលោភបំពានរបស់ថៃ តាមរយៈសកម្មភាពកងទ័ពថៃ កន្លងមក ជាពិសេសការធ្វើឱ្យខូចខាតដល់ប្រាសាទព្រះវិហារ ដែលស្ថិតក្នុងទឹកដីកម្ពុជា។
ប្រធានអង្គការសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា ក្នុងពេលនេះ ការចល័តកងទ័ព និងការពង្រាយបន្លាលួស ចេះតែបន្តធ្វើឡើងឥតឈប់ឈរពីសំណាក់យោធាថៃ ក្នុងទឹកដីខ្មែរនៅតាមបណ្តាខេត្តខ្មែរជាប់ព្រំដែនជាមួយថៃ ដូច្នេះទង្វើរបស់ថៃ ដែលបានធ្វើនេះ គឺទាមទារឱ្យមានការយកចិត្តទុកដាក់ពីប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាបន្ទាន់។
សារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃទី២០ សីហា នេះថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វិឆាយាឆ័យ បានប្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ថា ថៃចង់ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា តាមយន្តការទ្វេភាគី ជាជាងការដាក់អ្នកសង្កេតការណ៍អន្តរជាតិសម្រាប់ការពិនិត្យព្រំដែនបន្ថែមទៀត។
ជម្លោះព្រំដែនកម្ពុជា-ថៃ រហូតបង្កទៅជាសង្គ្រាមដោយប្រើអាវុធរយៈពេល ៥ថ្ងៃ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាសង្គ្រាមឈ្លានពាន ខណៈមេបញ្ជាការយោធភូមិភាគ២ របស់ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) បានប្ដេជ្ញាថានឹងកាន់កាប់ប្រាសាទតាមបន្ទាត់ព្រំដែនក្នុងទឹកដីកម្ពុជា ឱ្យបានមុនពេលខ្លួនចូលនិវត្តន៍៕
© 2025, . All rights reserved.