លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ (Michael B Alfaro)

ព័ត៌មានជាតិ

រដ្ឋាភិបាល​ថៃ ដាក់​ឈ្មោះ​អ្នកកាសែត​ពី​សេតវិមាន​ពីរ​នាក់​ក្នុង​បញ្ជីខ្មៅ​រឿង​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

August 22, 2025

ប្រធាន​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​សេតវិមាន​របស់​ប្រធានាធិបតី​អាមេរិក លោក ហ្គារី ហ្វ្រង់ស៊ី (Gary Franchi) អះអាង​ថា ប្រទេស​ថៃ បាន​ដាក់​លោក Michael B Alfaro និង​រូបលោក​ផ្ទាល់​ក្នុង​បញ្ជីខ្មៅ​របស់​ពួកគេ បន្ទាប់ពី​លោក​រាយការណ៍​អំពី​វិបត្តិ​ព្រំដែន​កម្ពុជា-ថៃ និង​បាន​ដឹកនាំ​ព្រះសង្ឃ​កម្ពុជា ៧០០០​អង្គ ដើម្បី​គាំទ្រ​លោក​ប្រធានាធិបតី​អាមេរិក​សម្រាប់​រង្វាន់​ណូបែល​សន្តិភាព។

ប្រធាន​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​សេតវិមាន​ប្រធានាធិបតី​អាមេរិក លោក ហ្គារី ហ្វ្រង់ស៊ី (Gary Franchi) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ សីហា នេះ​ថា ដោយសារ​ការ​រាយការណ៍​របស់​លោក និង​ទីប្រឹក្សា​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ គឺ​លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ (Michael B Alfaro) បាន​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់​ពី​លោក​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ជុំវិញ​វិបត្តិ​ព្រំដែន​កម្ពុជា-ថៃ នា​ពេលនេះ។

លោក ហ្គារី ហ្វ្រង់ស៊ី (Gary Franchi) លើកឡើង​ថា ថៃ​អាច​ដាក់​រូបលោក និង​លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ (Michael B Alfaro) ក្នុង​បញ្ជីខ្មៅ​របស់​ពួកគេ​បាន ហើយ​ក៏​អាច​លាប​ពណ៌​លើ​រូបលោក​បន្ថែម​ទៀត​បាន​ដែរ ប៉ុន្តែ​ថៃ មិន​អាច​លុបបំបាត់​ការពិត​ចំពោះ​របាយការណ៍​ដែល​លោក​បាន​ផ្តល់​ជូន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ឡើយ។

លោក​រៀបរាប់​ថា លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ (Michael B Alfaro) បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា ក្រោយ​មាន​បទ​ឈប់​បាញ់ ដោយ​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម​ពី​ជនភៀសខ្លួន​ដែល​រស់នៅ​ក្នុង​តង់​ប្លាស្ទិក សាលារៀន និង​ប្រាសាទ​ដែល​ត្រូវ​បាន​បំផ្លាញ រួម​ទាំង​រាយការណ៍​ពី​ទាហាន​កម្ពុជា ១៨​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កងកម្លាំង​ថៃ ផង​ដែរ។

លោក​បន្ត​ថា ការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​លោក អាល់ហ្វារ៉ូ (Alfaro) អំពី​រឿង​នេះ បាន​ទាក់ទាញ​អ្នក​ទស្សនា​ជាង ៩​លាន​នាក់​ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​ម៉ោង​ក្នុង​ការ​បង្ហាញ​ពី​ការពិត​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សំខាន់ៗ​មួយ​ចំនួន​មិន​អើពើ ហើយ​លោក​ក៏​បាន​ពង្រីក​ការ​រក​ឃើញ​ទាំងនោះ​ដល់​មនុស្ស​រាប់​លាន​នាក់​ថែមទៀត​ដែរ តាមរយៈ​បណ្ដាញ​ព័ត៌មាន Next News Network។

ប្រធាន​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​សេតវិមាន​រូប​នេះ បញ្ជាក់​ថា យុទ្ធនាការ​លាប​ពណ៌​ដែល​ធ្វើឡើង​ដោយ​កងទ័ព​ថៃ និង​អ្នកកាសែត​ឆ្វេង​និយម​ដែល​ហៅ​លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ ថា​ជា “អ្នក​បញ្ចុះបញ្ចូល” ហើយ​រូបលោក​ផ្ទាល់​គ្រាន់តែ​ជា YouTuber នោះ គឺជា​ចេតនា​បង្អាប់​ដើម្បី​លុបបំបាត់​ការពិត​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៥ លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ (Michael B Alfaro) បាន​ទៅ​ដល់​ប្រទេស​កម្ពុជា និង​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​នៅ​ជំរំ​ជនភៀសសឹក និង​តំបន់​ជម្លោះ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ផ្សេង​ទៀត ទាំង​មេឃ​កំពុង​ធ្លាក់​ភ្លៀង​នៅ​យប់​ថ្ងៃ​ដដែល​នោះ។

លោក Michael B Alfaro បាន​ធ្វើ​សេចក្តី​រាយការណ៍​ផ្ទាល់​នៅ​ច្រក​អូរបីជាន់ ខេត្ត​បន្ទាយមានជ័យ ជា​ទី​ដែល​ថៃ បាន​រាយ​លួស​បន្លា ដាក់​រនាំង និង​សម្បក​កង់ឡាន ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ប្រាប់​ថា​ទាហាន​ថៃ បាន​ហ៊ុមព័ទ្ធ​យក​ផ្ទះ​របស់​ពួកគេ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២៥ សារព័ត៌មាន ខៅ​ស៊ុត (Khaosod) បាន​ស្រង់​សម្ដី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ លោក ជីរ៉ាយុ ហួងសព្ទ (Jirayu Huangsap) ថា លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ (Michael B Alfaro) មិន​ត្រូវ​បាន​ស្វាគមន៍​ឱ្យ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ឡើយ បើ​ទោះបីជា​ប្រទេស​ថៃ ធ្លាប់​បាន​អញ្ជើញ​គាត់​រួច​ហើយ​ក៏ដោយ។

ប្រភព​ដដែល បញ្ជាក់​ថា ការ​លុប​ការ​អញ្ជើញ​នេះ ដោយសារតែ​លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ បាន​បំភ្លៃ​ការពិត​លើ​សំណុំរឿង​ព្រំដែន​កម្ពុជា-ថៃ។ ជាង​នេះ​ទៀត ក៏​ដោយសារតែ​ថៃ បាន​រក​ឃើញ​ថា ជនជាតិ​អាមេរិកកាំង​រូប​នេះ​មិនមែន​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​សេតវិមាន​នោះ​ទេ គឺ​គ្រាន់តែ​ជា​អ្នក​បញ្ចុះបញ្ចូល​របស់​កម្ពុជា​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ក្រោយ​ការ​ចោទប្រកាន់​របស់​ថៃ បែប​នេះ កាលពី​ថ្ងៃទី​១៧ សីហា ប្រធាន​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​សេតវិមាន​នៅ​ក្រុមហ៊ុន Next News Network លោក ហ្គារី ហ្វ្រែនស៊ី (Gary Franchi) បាន​អះអាង​ថា លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ (Michael B Alfaro) មិនមែន​ជា​អ្នក​បញ្ចុះបញ្ចូល (lobbyist) សម្រាប់​កម្ពុជា ទេ ហើយ​លោក​ក៏​មិន​បាន​ទទួល​ប្រាក់​ណា​មួយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែរ។

លោក ហ្គារី ហ្វ្រែនស៊ី បញ្ជាក់​ថា លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ (Michael B Alfaro) បាន​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​របស់​លោក បន្ទាប់ពី​សារព័ត៌មាន One America News ទទួល​បាន​លិខិត​បញ្ជាក់​ពី​សេតវិមាន​គាំទ្រ​អំពី​បេសកកម្ម​របស់​លោក ដោយ​យោង​ទៅ​លើ​ហានិភ័យ​ផ្នែក​សុវត្ថិភាព​នៅ​ព្រំដែន​កម្ពុជា-ថៃ នោះ៕

© 2025, . All rights reserved.