ព័ត៌មានជាតិ

សារព័ត៌មាន​បរទេស​រក​ឃើញ​ថា​សង្គ្រាម​ខាង​ព័ត៌មាន​ក្លែងក្លាយ ភាគី​ខ្មែរ​ឈ្នះ​ភាគី​ថៃ

By ឌឹ ខេមបូឌា ដេលី

August 25, 2025

បណ្ដាញ​ផ្សាយ​ព័ត៌មាន​អង់គ្លេស ប៊ីប៊ីស៊ី (BBC) កាលពី​ថ្ងៃ​ពុធ ទី​២០ ខែ​សីហា បាន​ស្រង់​សម្ដី​អ្នក​សង្កេតការណ៍​ជុំវិញ​ការ​វាយប្រហារ​គ្នា​រឿង​ព្រំដែន​រវាង​រាជាណាចក្រ​កម្ពុជា និង​រាជាណាចក្រ​ថៃឡង់ដ៍ ដោយ​សម្គាល់​បាន​ថា ខាង​ភាគី​ខ្មែរ​មាន​ប្រៀប​ជាង​ភាគី​ថៃ រឿង​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ហៅថា social media។

អ្នកវិភាគ​មើល​ឃើញ​ថា ការ​ផ្សាយ​ព្រោងព្រាត​អំពី​ស្ថានការណ៍​សឹក ទម្លាក់​គ្រាប់បែក បាញ់​ផ្លោង​ដាក់​គ្នា​លើ​បណ្ដាញ​សង្គម ដោយ​ពុំ​មាន​នរណា​គ្រប់គ្រង​បាន មាន​លាយឡំ​ដោយ​ព័ត៌មាន​ក្លែងក្លាយ​កាឡៃ​ការពិត​យក​តែ​ពី​ឈ្នះ​ដៃ។

គេ​ថា មូលហេតុ​ដែល​ភាគី​ខ្មែរ​ធ្វើ​ដូច្នេះ​បាន គឺ​គ្មាន​សារព័ត៌មាន​ឯករាជ្យ សារព័ត៌មាន​ទាំងអស់​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋអំណាច។ ចំពោះ​ភាគី​ថៃ វិញ ដែល​មាន​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ បាន​ត្រឹមតែ​ចេញ​ផ្សាយ​ព័ត៌មាន​កែតម្រូវ កែ​តម្រង់ និង​បដិសេធ។

ប៊ីប៊ីស៊ី លើក​ជា​ឧទាហរណ៍​ថា ដូចជា​ការ​បង្ហោះ​តាម​យូធូប ហ្វេសប៊ុក។ល។ អំពី​យន្តហោះ​ចម្បាំង​ឆេះ​ធ្លាក់ គេ​ថា​យន្តហោះ​ចម្បាំង​ថៃ។ តាម​ពិត គេ​ច្នៃ​រឿង​យន្តហោះ​ចម្បាំង​បាញ់​ធ្លាក់​នៅ​ប្រទេស​អ៊ុយក្រែន។ ឃើញ​យន្តហោះ​បញ្ចេញ​ផ្សែង​ពណ៌​ផ្កាឈូក ថា​យន្តហោះ​ថៃ បាញ់​ផ្សែង​ពុល​សម្លាប់​ទាហាន និង​ប្រជាពលរដ្ឋ ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន អាអែហ្វប៉ែ (AFP) តាម​រាវរក​ការពិត​ឃើញ​ថា​ជា​រឿង​ច្នៃប្រឌិត​ពី​យន្តហោះ​បាញ់​សារធាតុ​ពន្លត់ និង​ស្កាត់​ភ្លើង​ឆេះ​ព្រៃ​កុំ​ឲ្យ​រាលដាល​នៅ Los Angeles រដ្ឋ​កាលីហ្វ័នីញ៉ា សហរដ្ឋ​អាមេរិក។

អ្នកកាសែត Sabastian Strangio និយាយ​ថា លោក ហ៊ុន សែន ជា​មនុស្ស​ឆ្លាត ចង់​ច្រៀក​បំបែក​នយោបាយ​ផ្ទៃក្នុង​ប្រទេស​ថៃ ក្នុង​ពេល​លោក​ឃើញ​អ្នក​នយោបាយ​ថៃ បែក​គ្នា ដោយ​ប្រើ​វិធី​ចាក់​ឆ្វេង​ចាក់​ស្តាំ ហើយ​ដើរតួ​ជា​ជនរងគ្រោះ​លើ​ឆាក​អន្តរជាតិ៕

© 2025, . All rights reserved.