យន្តហោះ​ចម្បាំង​របស់​ប្រទេស​ថៃ

ព័ត៌មានអន្តរជាតិ

សមាជិក​សភា​ស៊ុយអែត មកពី​បក្ស​ប្រឆាំង ទាមទារ​ឱ្យ​បក្ស​កាន់​អំណាច​ផ្អាក​ការ​លក់​អាវុធ​គ្រប់​ប្រភេទ​ទៅ​ប្រទេស​ថៃ

By ឌឹ ខេមបូឌា ដេលី

August 29, 2025

ពី​ប្រទេស​ស៊ុយអែត សមាជិក​សភា​មកពី​បក្ស​ប្រឆាំង ទាមទារ​ទៅ​កាន់​បក្ស​កាន់​អំណាច ឱ្យ​ផ្អាក​ជាបន្ទាន់​នូវ​ការ​លក់​អាវុធ​គ្រប់​ប្រភេទ​ទៅ​ឱ្យ​រាជាណាចក្រ​ថៃ។

សមាជិក​សភា ២​រូប​នៃ​គណបក្ស Green Party ដែល​ជា​បក្ស​ប្រឆាំង​នៅ​ប្រទេស​ស៊ុយអែត បាន​រួម​គ្នា​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​របស់​ពួកគេ ផ្អាក​ការ​លក់​អាវុធ​ទៅ​ឱ្យ​ប្រទេស​ថៃ។

សមាជិក​សភា​បក្ស​ប្រឆាំង ២​រូប​នេះ​មាន​ឈ្មោះ Jacob Risberg និង Emma Nohren បញ្ជាក់​ថា យន្តហោះ​ចម្បាំង Jas Gripen របស់​ស៊ុយអែត ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សមរភូមិ​ប្រយុទ្ធ​នៅ​ពេល​ដែល​យោធា​ថៃ បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​គោលដៅ​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​ខាង​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​កម្ពុជា។

ការ​ទាមទារ​របស់​សមាជិក​សភា​ពី​ខាង​បក្ស​ប្រឆាំង​នៅ​ប្រទេស​ស៊ុយអែត ធ្វើឡើង​បន្ទាប់ពី​យន្តហោះ​ចម្បាំង Jas Gripen ដែល​ផលិត​ដោយ​ក្រុមហ៊ុន​មួយ​នៃ​ប្រទេស​ស៊ុយអែត ត្រូវ​បាន​កងទ័ព​អាកាស​ថៃ ប្រើប្រាស់​អំឡុង​ពេល​សង្គ្រាម​ព្រំដែន​កាលពី​ចុង​ខែ​កក្កដា ដោយ​វាយប្រហារ​លើ​ដែនដី​កម្ពុជា។ នេះ​បើ​តាម Website Dagens Arena នៃ​ប្រទេស​ស៊ុយអែត ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​២៧ ខែ​សីហា។

អ្នក​នយោបាយ​ស៊ុយអែត ទាំង​ពីរ​នាក់​នេះ​បាន​ថ្លែង​ថា ទោះបីជា​ប្រទេស​ស៊ុយអែត មាន​ការ​កំណត់​លក្ខខណ្ឌ​ក្នុង​ការ​លក់​សព្វាវុធ​របស់​ខ្លួន​ឱ្យ​បរទេស​ក៏ដោយ តែ​ការ​លក់​ឱ្យ​ទៅ​ប្រទេស​ប្រកាន់​របប​ផ្ដាច់ការ ឬ​ប្រទេស​គ្រប់គ្រង​ដោយ​ពួក​យោធា​ដែល​គ្មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ ដូចជា​រាជាណាចក្រ​ថៃ គឺជា​ការ​មិន​សមរម្យ​នោះ​ទេ។

តែ​បើ​តាម​គេហទំព័រ Dagens Arena ដដែល​នេះ កាលពី​ចន្លោះ​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ស៊ុយអែត បាន​នាំចេញ​សម្ភារៈ​សឹក​ទៅ​ឱ្យ​ប្រទេស​ថៃ មាន​ទំហំ ២០៨​លាន​ដុល្លារ​អាមេរិក។

កាលពី​ថ្ងៃទី​២៥ ខែ​សីហា ថ្មីៗ​នេះ រដ្ឋាភិបាល​ស៊ុយអែត ទើប​តែ​ចុះ​កិច្ចព្រមព្រៀង​លក់​យន្តហោះ​ចម្បាំង Jas Gripen ចំនួន ៤​គ្រឿង​ទៀត ជាមួយ​សម្ភារៈ​សឹក​ជាច្រើន​ក្នុង​ទំហំ​ទឹកប្រាក់ ៥៥៥​លាន​ដុល្លារ។

ទីក្រុង​បាងកក ដាក់​ផែនការ​ទិញ​យន្តហោះ Jas Gripen ស៊េរី​ថ្មី​ចំនួន ១២​គ្រឿង​ពី​ក្រុមហ៊ុន Saab របស់​ប្រទេស​ស៊ុយអែត ខណៈ​ប្រទេស​ថៃ មាន​យន្តហោះ​ប្រភេទ​នេះ​ចំនួន ១០​គ្រឿង​ដែល​បាន​ប្រើប្រាស់​វាយប្រហារ​លើ​ប្រទេស​កម្ពុជា ក្នុង​សង្គ្រាម ៥​ថ្ងៃ​កន្លង​មក។

ការ​ចុះ​កិច្ចព្រមព្រៀង​នេះ កើត​មាន​ឡើង​ត្រឹមតែ ២​ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់ពី​សហរដ្ឋ​អាមេរិក បាន​សម្រេច​មិន​លក់​យន្តហោះ​ចម្បាំង​ប្រភេទ F-35 ទៅ​ឱ្យ​ថៃ បើ​ទោះ​រាជាណាចក្រ​មួយ​នេះ​កំពុង​ប្រើប្រាស់​យន្តហោះ F-16 របស់​អាមេរិក​ក៏ដោយ។

លោក Jacob Risberg និង​លោកស្រី Emma Nohren អំពាវនាវ​ឲ្យ​ស៊ុយអែត ចាំបាច់​ត្រូវ​រឹត​បន្តឹង​នូវ​លក្ខខណ្ឌ​នៃ​ការ​នាំចេញ​សព្វាវុធ​របស់​ខ្លួន​ទៅ​ក្រៅ​ប្រទេស។ សមាជិក​សភា​ស៊ុយអែត ទាំង​ពីរ​រូប​នេះ​យល់​ឃើញ​ថា រាជាណាចក្រ​ថៃ បាន​កំពុង​ធ្លាក់​ក្នុង​អំណាច​របស់​ពួក​យោធា ដែល​ជា​របប​ផ្ដាច់ការ និង​រដ្ឋាភិបាល​ស៊ីវិល​ដែល​ទន់ខ្សោយ​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ។

បើ​តាម​សមាជិក​សភា​បក្ស​ប្រឆាំង​ស៊ុយអែត ការ​ផ្តល់​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ថែមទៀត​ដល់​របប​ដឹកនាំ​មួយ​ក្រោម​អំណាច​របស់​យោធា ដូចជា​រាជាណាចក្រ​ថៃ នេះ មិន​ជួយ​លើក​កម្ពស់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ទេ។

ទោះជា​យ៉ាងនេះ​ក្ដី រដ្ឋមន្ត្រី​ការពារ​ជាតិ​ស៊ុយអែត លោក Pål Jonson អះអាង​ថា កាលៈទេសៈ​នេះ​វា​សមស្រប​សម្រាប់​ការ​ការពារ​ខ្លួន។

ក្រោយពី​ចុះ​កិច្ចព្រមព្រៀង​លក់​យន្តហោះ​ទាំងនេះ​ទៅ​រាជាណាចក្រ​ថៃ គេ​មើល​ឃើញ​ថា​ប្រទេស​ស៊ុយអែត មាន​ទំនាក់ទំនង​ជាមួយ​ថៃ ឡើង​ដល់​កម្រិត​យុទ្ធសាស្ត្រ​ទ្វេភាគី៕

© 2025, . All rights reserved.