នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និង​ព្រះចៅ ហាស់សាណាល់ ប៊ុលគីយ៉ះ (Sultan Hassanal Bolkiah) នៃ​ប្រទេស​ប្រ៊ុយណេ

ព័ត៌មានជាតិ

មេដឹកនាំ​ប្រទេស​ម៉ាឡេស៊ី និង​ប្រ៊ុយណេ អំពាវនាវ​ឱ្យ​ភាគី​ថៃ​និង​កម្ពុជា បន្ត​អនុវត្ត​បទ​ឈប់​បាញ់​គ្នា

By ឌឹ ខេមបូឌា ដេលី

August 29, 2025

នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និង​ស៊ុលតង់​ព្រះចៅ​ប្រទេស​ប្រ៊ុយណេ អំពាវនាវ​ឱ្យ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ បន្ត​អនុវត្ត​បទ​ឈប់​បាញ់​គ្នា ដោយ​ងាក​មក​ចូលរួម​ក្នុង​ការ​សន្ទនា​ដោយ​ការ​ស្ថាបនា ដើម្បី​រក​ដំណោះស្រាយ​ប្រកប​ដោយ​ចីរភាព និង​សន្តិភាព។

ទីភ្នាក់ងារ​សារព័ត៌មាន​ម៉ាឡេស៊ី Bernama បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៨ សីហា នេះ​ថា នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម និង​ព្រះចៅ ហាស់សាណាល់ ប៊ុលគីយ៉ះ (Sultan Hassanal Bolkiah) នៃ​ប្រទេស​ប្រ៊ុយណេ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ក្រោយ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ប្រចាំ​ឆ្នាំ​ទ្វេភាគី​លើក​ទី​២៦ (Annual Leaders’ Consultation=ALC) នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៧ ខែ​សីហា ជុំវិញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ។

មេដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ចាត់ទុក​ថា​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នេះ គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​គោលការណ៍​អាស៊ាន​នៃ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក គោលការណ៍​មិន​ជ្រៀតជ្រែក និង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី។

សេចក្តី​ថ្លែងការណ៍​រួម​ដដែល​បញ្ជាក់​ថា ម៉ាឡេស៊ី និង​ប្រ៊ុយណេ នៅតែ​បន្ត​ប្ដេជ្ញាចិត្ត​ចំពោះ​គោលការណ៍​កណ្តាល និង​ឯកភាព​របស់​អាស៊ាន ក្នុង​ការ​លើក​កម្ពស់​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់ ខណៈ​ដែល​មាន​ភាព​មិន​ច្បាស់លាស់​ជា​សកល។

កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (Extraordinary GBC Meeting) ត្រូវ​បាន​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ កាល​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៥ ដោយ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​លើ​លក្ខខណ្ឌ​ចំនួន ១៣​ចំណុច​ដែល​ជា​យន្តការ​ធានា​ឱ្យ​មាន​បទ​ឈប់​បាញ់​ជុំវិញ​ជម្លោះ​ព្រំដែន​របស់​ខ្លួន។

កិច្ចប្រជុំ​នេះ ធ្វើឡើង​ទៅ​តាម​សំណើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​បាន​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា​លើ​បទ​ឈប់​បាញ់​គ្នា បន្ទាប់ពី​ជម្លោះ​នៅ​តាម​ព្រំដែន​បង្ក​ទៅ​ជា​សង្គ្រាម​ប្រដាប់​អាវុធ​កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ​នោះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២០ ខែ​សីហា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ពុធ ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ការ​ស្នើ​ឲ្យ​រូបលោក​ជា​បេក្ខជន​ពានរង្វាន់​ណូបែល​សន្តិភាព បន្ទាប់ពី​លោក​បាន​ជួយ​ធ្វើ​អន្តរាគមន៍​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​រូប​នេះ​បញ្ជាក់​ថា លោក​ពិត​ជា​មាន​កិត្តិយស​ក្រៃលែង​ដែល​បាន​រួម​ចំណែក​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ហើយ​លោក​ជឿជាក់​ថា លោក ហ៊ុន ម៉ាណែត គឺជា​មេដឹកនាំ​ដ៏​ឆ្នើម​មួយ​រូប​ដែល​ផ្តល់​តម្លៃ​លើ​ជីវិត​មនុស្ស និង​ស្រឡាញ់​សន្តិភាព៕

© 2025, . All rights reserved.