លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ ចេញពី​តុលាការ​នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៥។

ព័ត៌មានអន្តរជាតិ

អ្នក​សង្កេតការណ៍៖ ថៃ​កំពុង​សម្រួល​បរិយាកាស​នយោបាយ​ទាញ​កម្លាំង​សាមគ្គី​ទប់ទល់​នឹង​កម្ពុជា​ករណី​ជម្លោះ​ព្រំដែន

By ឌឹ ខេមបូឌា ដេលី

September 01, 2025

នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​សីហា អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី​ព្យួរ​តំណែង ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​ថៃ សម្រេច​ជា​ផ្លូវការ​ដក​តំណែង​នាយករដ្ឋមន្ត្រី។

អ្នកស្រី ផែថងថាន ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ថៃ ព្យួរ​តំណែង​នាយករដ្ឋមន្ត្រី​អស់​រយៈពេល​ជិត ២​ខែ​មក​ហើយ បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា ៣៦​នាក់ បាន​រួម​គ្នា​ដាក់​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា អ្នកស្រី​មាន​ភាព​មិន​ស្មោះត្រង់​ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស និង​បំពាន​ក្រមសីលធម៌​នៃ​រដ្ឋធម្មនុញ្ញ អំឡុង​កិច្ចសន្ទនា​តាម​ទូរសព្ទ​ជាមួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​បញ្ហា​វិវាទ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​ក្រោយ​មក សំឡេង​នៃ​កិច្ចសន្ទនា​នោះ​ត្រូវ​បាន​បែកធ្លាយ​ជា​សាធារណៈ។

ការ​ដកហូត​តំណែង​ជា​ផ្លូវការ​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកស្រី ផែថងថាន ទើប​តែ​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ បាន​មួយ​ឆ្នាំ កាលពី​ខែ​សីហា ឆ្នាំ​២០២៤ ប៉ុន្តែ​អ្នកស្រី ផែថងថាន នៅ​មាន​មុខតំណែង​មួយ​ផ្សេង​ទៀត​ក្នុង​ជួរ​រដ្ឋាភិបាល​ថៃ គឺ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌។

ការ​ដកហូត​តំណែង​នាយករដ្ឋមន្ត្រី​ពី​អ្នកស្រី ផែថងថាន កូនស្រី​ពៅ​របស់​មហាសេដ្ឋី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​មហាសេដ្ឋី​ថៃ រូប​នេះ ក៏​ត្រូវ​ទម្លាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​នៅ​ខែ​កញ្ញា ឆ្នាំ​២០០៦។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ទោះជា​កូនស្រី​លោក ថាក់ស៊ីន ត្រូវ​បាន​ដកហូត​តំណែង​ដែល​ជា​រូបភាព​វាយប្រហារ​លើ​អំណាច និង​ឥទ្ធិពល​របស់​ត្រកូល ថាក់ស៊ីន ក៏​ពិត​មែន តែ​វា​ដូចជា​ការ​សម្រប​បរិយាកាស ព្រោះ​មិន​ចង់​ឱ្យ​មហាជន​ថៃ ខក​ចិត្ត​ខ្លាំង​នោះ​ទេ ព្រោះ​ថា​កាលពី​ថ្ងៃ​សុក្រ ទី​២២ សីហា តុលាការ​ថៃ បាន​សម្រេច​រំលាយ​ចោល​បទ​ចោទប្រកាន់​ទាំងស្រុង​ទៅ​លើ​លោក ថាក់ស៊ីន នៅ​ក្នុង​សំណុំរឿង​ដែល​លោក​ជាប់​ចោទ​ពី​បទ «ប្រមាថ​ព្រះ​ចេស្ដា​អង្គ​ព្រះមហាក្សត្រ​ថៃ»។

តែ​តាម​មេធាវី​របស់​លោក ថាក់ស៊ីន ការ​សម្រេច​របស់​តុលាការ គឺ​ដោយសារតែ​ចៅក្រម​យល់​ថា ពុំ​មាន​ភស្តុតាង​ដាក់​បន្ទុក​ទៅ​លើ​រូបលោក ថាក់ស៊ីន ដែល​ជា​ជនជាប់ចោទ។ តែ​រាល់​ការ​ចោទ​ដូចនេះ សូម្បី​ជនបរទេស​ក្ដី ក៏​មិន​ដែល​រួច​ខ្លួន​ឡើយ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ទៀត​ថា ក្នុង​ស្ថានភាព​ថៃ កំពុង​មាន​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​កម្ពុជា គឺ​យ៉ាងហោចណាស់​គេ​ត្រូវការ​កម្លាំង​សាមគ្គី​ជាមួយ​ក្រុម​គាំទ្រ​លោក ថាក់ស៊ីន ជាពិសេស​គេ​ត្រូវការ​លោក ថាក់ស៊ីន ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ជា​កម្លាំង​មួយ​ដ៏​រឹង​របស់​ថៃ។ តាមរយៈ​ការ​ទម្លាក់​បទ​ចោទ​ទៅ​លើ​លោក ថាក់ស៊ីន ដោយ​ផ្ដល់​ឱ្យ​លោក ថាក់ស៊ីន មាន​សេរីភាព​ឡើងវិញ វា​មាន​ន័យ​ថា លោក ថាក់ស៊ីន បន្ត​មាន​វត្តមាន​ក្នុង​ប្រទេស​ថៃ ហើយ​ក្រុម​គ្រួសារ​គាត់​ទាំងអស់​ក៏​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ដែរ គឺជា​ការ​ដោះដូរ​បរិយាកាស​ទាញ​កម្លាំង​សាមគ្គី​ជាតិ​ទប់ទល់​នឹង​កម្ពុជា ករណី​ជម្លោះ​ព្រំដែន។

គេ​រំពឹង​ថា អ្នកស្រី ផែថងថាន អាច​មាន​តំណែង​ថ្នាក់​រដ្ឋមន្ត្រី​នៃ​គណៈរដ្ឋមន្ត្រី​ថ្មី ព្រោះ​តុលាការ​ជាន់​ទាប​មិន​បាន​ចោទប្រកាន់​អ្នកស្រី​ពី​បទ​ព្រហ្មទណ្ឌ ករណី​បែកធ្លាយ​កិច្ចសន្ទនា​ជាមួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​នោះ​ទេ។

អ្វី​ដែល​សំខាន់ គេ​រំពឹង​ថា​នៅ​ទីក្រុង​បាងកក អាច​មិន​មាន​ភាព​ចលាចល​នយោបាយ​ប្រឆាំង​នឹង​អ្នកស្រី ផែថងថាន ទៀត​នោះ​ទេ។

ម្យ៉ាង​ទៀត គេ​មើល​ឃើញ​ថា ទាំង​លោក ថាក់ស៊ីន និង​ក្រុម​គ្រួសារ​លោក ថាក់ស៊ីន បាន​ចាប់ផ្ដើម​មាន​ចំណង​ទាក់ទង​ល្អ​ជាមួយ​ក្រុម​រាជបល្ល័ង្គ និង​កងទ័ព​ថៃ។ ដូច្នេះ ស្ថាប័ន​ជាតិ​ធំៗ​នៅ​ថៃ គេ​ត្រូវ​ព្យាយាម​កាត់បន្ថយ​រឿងអាស្រូវ​ដល់​បុគ្គល ឬ​គ្រួសារ​ដ៏​មាន​ឥទ្ធិពល។

ការ​ដកហូត​អំណាច​នាយករដ្ឋមន្ត្រី​ពី​អ្នកស្រី ផែថងថាន កូនស្រី​ពៅ​របស់​លោក ថាក់ស៊ីន ជាមួយ​នឹង​ការ​ទម្លាក់​បទ​ចោទ​ទៅ​លើ​លោក ថាក់ស៊ីន ពី​បទ​ប្រមាថ​ចេស្ដា​ព្រះមហាក្សត្រ ត្រូវ​គេ​មើល​ឃើញ​ថា វា​ដើរ​ផ្ទុយ​គ្នា​បន្តិច​មែន តែ​វា​រម្ងាប់​អារម្មណ៍​ក្រុម​អាវ​លឿង ដែល​ចង់​ផ្ដួល​អ្នកស្រី ផែថងថាន និង​ជា​ការ​បំពេញ​ចិត្ត​ក្រុម​អាវ​ក្រហម​ដែល​គាំទ្រ​លោក ថាក់ស៊ីន ព្រោះតែ​ក្រុម​អាវ​ក្រហម​សប្បាយ​ចិត្ត​ដែល​លោក ថាក់ស៊ីន លែង​ក្លាយ​ជា​អ្នក​នយោបាយ​មាន​ទោស​រត់​ចោល​ប្រទេស​ដូច​មុន​ទៀត​ហើយ។

តែ​ជា​ការពិត តុលាការ​ធម្មនុញ្ញ​ថៃ បាន​ដកហូត​តំណែង​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​ដូចជា​ទម្លាប់​ទៅ​ហើយ​ទៅ​លើ​គ្រួសារ​លោក ថាក់ស៊ីន និង​គណបក្ស​ភឿថៃ ចាប់តាំងពី​ការ​ដកហូត​តំណែង​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ជា​ម្ដាយមីង​បង្កើត​របស់​អ្នកស្រី ផែថងថាន នៅ​មុន​រដ្ឋប្រហារ​រំលាយ​គណបក្ស​ភឿថៃ នៅ​ខែ​ឧសភា ឆ្នាំ​២០១៤ និង​ចុងក្រោយ​មួយ​ទៀត គឺ​លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ក៏​ជា​នាយករដ្ឋមន្ត្រី​ពី​គណបក្ស​ភឿថៃ ផង​ដែរ។

តែ​យ៉ាងណា នៅ​ពេលនេះ ប្រទេស​ថៃ អាច​មាន​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ចំនួន ៥​រូប ដែល​មាន​សិទ្ធិ​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី។

បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia បាន​បង្ហាញ​ឈ្មោះ​អ្នក​នយោបាយ​លេចធ្លោ​ដែល​អាច​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​រាជាណាចក្រ​ថៃ គឺ​មាន៖

  1. លោក Chaikasem Nitisiri មកពី​គណបក្ស​ភឿថៃ។ លោក Chaikasem Nitisiri ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​ឥស្សរជន​ជើងចាស់​នៅ​ក្នុង​គណបក្ស​ភឿថៃ។ លោក​មាន​ចំណេះដឹង​ផ្នែក​ច្បាប់​ដ៏​ទូលំទូលាយ និង​មាន​បទពិសោធ​នយោបាយ​យូរ​ឆ្នាំ។
  2. លោក Anutin Charnvirakul ប្រធាន​គណបក្ស​ភូមិចៃថៃ។ លោក Anutin Charnvirakul មិនមែន​មកពី​គណបក្ស​ភឿថៃ នោះ​ទេ តែ​ធ្លាប់​ចង​សម្ព័ន្ធភាព​ជាមួយ​គ្នា ដែល​លោក​មាន​ឥទ្ធិពល និង​តួនាទី​ក្នុង​ការ​ដឹកនាំ​សម្ព័ន្ធភាព​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ភឿថៃ។
  3. លោក Prayut Chan-o-cha ប្រធាន​គណបក្ស​ថៃ​រួបរួម​ជាតិ ដែល​គាំទ្រ​ដោយ​ពួក​យោធា។ លោក Prayut Chan-o-cha ធ្លាប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ចេញពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ហើយ​បន្ត​រហូត​ថ្ងៃ​បោះឆ្នោត​ថ្មី​នៅ​ខែ​ឧសភា ឆ្នាំ​២០២៣ តែ​បក្ស​របស់​លោក​ចាញ់​ឆ្នោត​យ៉ាង​អាម៉ាស់។
  4. លោក Pirapan Salirathavibhaga មកពី​គណបក្ស​ថៃ​រួបរួម​ជាតិ។ លោក​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​នៃ​រដ្ឋាភិបាល​ចម្រុះ​គណបក្ស​ភឿថៃ។
  5. លោក Jurin Laksanawisit អតីត​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ។ លោក Jurin ត្រូវ​បាន​ចាត់ទុក​ជា​ឥស្សរជន​សំខាន់​មួយ​រូប។ លោក​បាន​ឡើង​កាន់​តំណែង​ជា​មេ​គណបក្ស​ប្រជាធិបតេយ្យ នៅ​ឆ្នាំ​២០១៩ បន្ទាប់ពី​លោក Abhisit Vejjajiva លា​ឈប់។ បន្ទាប់ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ដែល​គណបក្ស​ទទួល​បាន​អាសនៈ​តិច​ជាង​ការ​រំពឹង​ទុក លោក Jurin ក៏​បាន​សម្រេច​លាឈប់​ពី​តំណែង​ជា​មេ​បក្ស​នៃ​គណបក្ស​ប្រជាធិបតេយ្យ។ លោក Jurin ធ្លាប់​ជា​រដ្ឋមន្ត្រី​របស់​នាយករដ្ឋមន្ត្រី Abhisit Vejjajiva ហើយ​ក៏​ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក Prayut Chan-o-cha ដែរ។ លោក Jurin ត្រូវ​គេ​មើល​ឃើញ​ថា​មាន​និន្នាការ​ជាមួយ​នឹង​រដ្ឋាភិបាល​ចម្រុះ​របស់​គណបក្ស​ភឿថៃ។

អ្វី​ដែល​អ្នក​សង្កេតការណ៍​មើល​ឃើញ​សម្រាប់​នាយករដ្ឋមន្ត្រី​ថ្មី​ចេញពី​ការ​បោះឆ្នោត គឺ​លោក Pita Limjaroenrat នៃ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ដែល​ជា​បក្ស​ឈ្នះ​ឆ្នោត​លំដាប់​ទី​១ ក្នុង​ការ​បោះឆ្នោត​សភា​ថៃ កាលពី​ឆ្នាំ​២០២៣ តែ Pita Limjaroenrat បាន​លាលែង​ពី​ប្រធាន​គណបក្ស ព្រោះ​លោក​មាន​រឿង​ក្ដី​នៅ​តុលាការ​ករណី​លោក​ជា​ម្ចាស់​ក្រុមហ៊ុន​ទូរទស្សន៍ ITV ថៃ ដែល​ច្បាប់​ថៃ ហាម​ឈរ​ជា​អ្នក​តំណាងរាស្ត្រ។ តុលាការ​ធម្មនុញ្ញ​ថៃ បាន​ចេញ​ដីកា​ហាម​លោក Pita Limjaroenrat ធ្វើ​នយោបាយ​រយៈពេល ១០​ឆ្នាំ។ ចំណែក​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ របស់​លោក ក៏​ត្រូវ​បាន​រំលាយ។ បច្ចុប្បន្ន ជំនួស​ដោយ​បក្ស​ប្រជាជន​ថៃ៕

© 2025, . All rights reserved.