អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)

ព័ត៌មានជាតិ

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា​វិញ្ញាសា​គណិតវិទ្យា​អំឡុង​ប្រឡង​បាក់ឌុប​មាន​លទ្ធភាព​បែកធ្លាយ​ពិត​មែន

By ឌឹ ខេមបូឌា ដេលី

September 03, 2025

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) អះអាង​ថា វិញ្ញាសា​គណិតវិទ្យា​អំឡុង​សម័យ​ប្រឡង​បាក់ឌុប កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៥ មាន​លទ្ធភាព​បែកធ្លាយ​ក្រោយ​ដំណាក់កាល​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ជួន ណារ៉ុន បាន​ពិនិត្យ​រួច ខណៈ​ម្ចាស់​គណនី Facebook និង TikTok ចំនួន ៦​នាក់​ដែល​បាន​បង្ហោះ​ពី​ការ​លេច​ធ្លាយ​កន្លង​មក មិនមែន​ជា​បុគ្គល​បំពុល​សង្គម​នោះ​ឡើយ ប៉ុន្តែ​ជា​អ្នក​ឈាន​មុខ​ក្នុង​ការ​ជូនដំណឹង​ឱ្យ​មាន​ការ​ស្រាវជ្រាវ បកស្រាយ និង​ដោះស្រាយ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២៥ បាន​អះអាង​ថា អាច​មាន​លទ្ធភាព​បែកធ្លាយ​វិញ្ញាសា​ប្រឡង​បាក់ឌុប​កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៥ ពិត​មែន ព្រោះ​តាម​លទ្ធផល​ដំបូង​នៃ​ការ​ធ្វើ​កោសលវិច័យ​ឯកសារ​ដែល​គេ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា ដូចជា​រូបភាព​ព្រាលៗ​ក្តី ឬ​ច្បាស់ៗ​ក្តី ដោយ​មាន​ទាំង​ហត្ថលេខា​សង្ខេប​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ជួន ណារ៉ុន ឬ​គ្មាន​ហត្ថលេខា​សង្ខេប​ក្តី ឯកសារ​ទាំងនោះ​ត្រូវ​បាន​កំណត់​ថា​ពិត​ក្នុង​កម្រិត​ពី ៨០ ទៅ ១០០​ភាគរយ​ដូច​នឹង​វិញ្ញាសា​ដើម។

ACU បាន​ឱ្យ​ដឹង​ទៀត​ថា ការ​បង្ហោះ​វិញ្ញាសា​ដែល​បែកធ្លាយ​ក្រោយ​ប្រឡង​នេះ ACU កំពុង​ពិចារណា​លើ​ចំណុច​ពីរ​ធំៗ គឺ​ចំណុច​ទី​១ វិញ្ញាសា​គណិតវិទ្យា អំឡុង​សម័យ​ប្រឡង​បាក់ឌុប​កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៥ មាន​លទ្ធភាព​បែកធ្លាយ​ក្រោយ​ដំណាក់កាល​រដ្ឋមន្ត្រី​អប់រំ ពិនិត្យ និង​សម្រេច​ជាមួយ​នឹង​ហត្ថលេខា​សង្ខេប។

ប្រភព​ដដែល​អះអាង​ថា ចំណុច​ទី​២ ការ​បញ្ចូល​វិញ្ញាសា​ក្នុង​ស្រោមសំបុត្រ​នីមួយៗ​ចំនួន ១០០​សន្លឹក​សម្រាប់ ៤​ថ្នាក់ ការ​បញ្ចូល​វិញ្ញាសា ២០​សន្លឹក​ក្នុង​ស្រោមសំបុត្រ​ដោយឡែក​សម្រាប់​បម្រុង ការ​វេច​ចូល​ជា​កញ្ចប់​ធំៗ​សម្រាប់​មួយ​មណ្ឌល ឬ​ការ​ដាក់​ក្នុង​ហិប​ចាក់​សោ​មក​រក្សា​ទុក​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ និង​សម្រាប់​ថ្នាក់​ដែល​បេក្ខជន​វត្តមាន​មិន​គ្រប់ ២៥​នាក់ ក៏​អាច​មាន​លទ្ធភាព​លួច​ថតចម្លង​វិញ្ញាសា​គណិតវិទ្យា​នោះ​ផង​ដែរ។

លិខិត​ពី​លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធាន​ទី​១ ACU បាន​បញ្ជាក់​ពី​ឆន្ទៈ​ក្នុង​ការ​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​បេក្ខជន​ប្រឡង​បាក់ឌុប តាមរយៈ​ការ​សហការ​ផ្តល់​ដំណឹង​ពី​មិត្តភក្ដិ​បណ្ដាញ​សង្គម​មួយ​ចំនួន មាន​គណនី TikTok រស្មី កែវរដ្ឋា, គណនី​ហ្វេសប៊ុក ស្រ៊ី ម៉ុងតាល់, ឃុន សុផានិត, គង់ សំណាង, ឡី សំបូរ, អ៊ីង ខេមរៈ និង សាយ សេងហ៊ង។ លោក​បាន​អះអាង​ថា បុគ្គល​ទាំង ៦​នាក់​ជា​អ្នក​ឈាន​មុខ​ជូនដំណឹង​ពី​ការ​សង្ស័យ​ថា​អាច​មាន​ការ​លេច​ធ្លាយ​វិញ្ញាសា​ប្រឡង​បាក់ឌុប ហើយ​សំណូមពរ​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា ស្រាវជ្រាវ បកស្រាយ និង​ដោះស្រាយ ដើម្បី​ជា​យុត្តិធម៌​ដល់​បេក្ខជន​បេក្ខនារី។

ACU បាន​សិក្សា និង​ពិចារណា​លើ​ចំណុច​ផ្សេង​ទៀត ដោយ​ភស្តុតាង​កាន់តែ​បង្ហាញ​ឃើញ​ថា លទ្ធភាព​នៃ​ការ​បែកធ្លាយ​វិញ្ញាសា​នេះ អាច​កើតឡើង​ក្រោយ​ដំណាក់កាល​រដ្ឋមន្ត្រី​ពិនិត្យ និង​សម្រេច​ជាមួយ​នឹង​ហត្ថលេខា​សង្ខេប ពោល​គឺ​អាច​មាន​ការ​លួច​ថត​នៅ​ថ្នាក់​ដែល​បេក្ខជន​អវត្តមាន​មិន​គ្រប់ ២៥​នាក់។

ទោះជា​យ៉ាងណាក៏ដោយ អង្គភាព​ប្រឆាំង​អំពើពុករលួយ កន្លង​មក​បាន​ទទួល​ការរិះគន់​ពី​មជ្ឈដ្ឋាន​សាធារណជន​ខ្មែរ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ថា​បិទ​ភ្នែក បិទ​ត្រចៀក បិទ​មាត់​ចំពោះ​អំពើពុករលួយ​ក្នុង​ជួរ​មេដឹកនាំ​រដ្ឋាភិបាល និង​មន្ត្រី​រាជការ​តាម​ក្រសួង មន្ទីរ នាយកដ្ឋាន ការិយាល័យ ដែល​មាន​ខ្សែ មាន​បក្ខពួក​អ្នក​មាន​អំណាច តាំងពី​រឿង​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដល់​រឿង​វិវាទ​ដីធ្លី។

កាលពី​ខែ​ឧសភា ឆ្នាំ​២០២៥ ទស្សនាវដី្ត PAD Magazine – Property & Development ខាង​អចលនទ្រព្យ និង​អភិវឌ្ឍន៍ ផ្សាយ​ថា បើ​យោង​តាម​ការ​អះអាង​ពី​អ្នក​ឯកទេស​ជាច្រើន​នាក់ លោក ហ៊ុន សែន និង​គ្រួសារ មាន​ទ្រព្យសម្បត្តិ​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ពី ៥០០ ទៅ ៤​ពាន់​លាន​ដុល្លារ។ ជា​ការ​ពិបាក​នឹង​ជឿ ដែល​ថា​ប្រាក់ខែ​របស់​លោក​ប្រចាំ​ខែ​បាន​តែ ១១០០​ដុល្លារ​នោះ។ សមាជិក​គ្រួសារ​លោក ជា​កូន ក្មួយ គ្រប់គ្រង​ចាត់ចែង​អាជីវកម្ម​ក្នុង​ស្រុក​ចំនួន ១១៤​ប្រភេទ ដែល​គិត​ជា​តម្លៃ​ទឹកប្រាក់ ២០០​លាន​ដុល្លារ។ គេ​ឃើញ​លោក ហ៊ុន សែន ពាក់​នាឡិកា​ដៃ​មួយ​ម៉ាក Richard Mille RM57-05 Tourbillon Eagle តម្លៃ ១​លាន ២​សែន​ដុល្លារ; ម៉ាក Patek Philippe Grandmaster Chime 5175 តម្លៃ ២​លាន ៧​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

© 2025, . All rights reserved.