អ្នកតាមដានស្ថានការណ៍ប្រទេសកម្ពុជា បណ្ឌិត មាស នី ជំរុញឱ្យរាជរដ្ឋាភិបាលប្រុងប្រយ័ត្នសង្គ្រាមនយោបាយការទូត ដើម្បីទប់ស្កាត់កុំឱ្យប្រទេសកម្ពុជា វិលទៅជាន់ដានប្រវត្តិសាស្ត្រធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដូចពីអតីតកាល។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍនសង្គម បណ្ឌិត មាស នី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១ កញ្ញា នេះថា ទោះបីជាពេលនេះ សង្គ្រាមត្រូវបានផ្អាកជាបណ្ដោះអាសន្នមែន តែប្រទេសកម្ពុជាមិនត្រឹមតែត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ជុំវិញសង្គ្រាមការទូត និងនយោបាយអន្តរជាតិដើម្បីតែការពារខ្លួនតែម្យ៉ាងទេ គឺត្រូវឈរលើជំហរការទូតដ៏ត្រឹមត្រូវមួយ ដែលមិននាំប្រទេសកម្ពុជាធ្លាក់ទៅក្នុងដានប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ដូចអតីតកាល។
បណ្ឌិត មាស នី លើកឡើងថា ទោះបីជាការប្រឈមដែលកម្ពុជាបានទទួលរងក្នុងពេលនេះ មិនមែនជារឿងថ្មីជាមួយប្រទេសជិតខាងក៏ដោយ ក៏ប៉ុន្តែបញ្ហានេះបានបង្ហាញឲ្យអ្នកនយោបាយ និងពលរដ្ឋខ្មែរគ្រប់រូបដឹងយ៉ាងច្បាស់ថា ប្រទេសកម្ពុជាត្រូវរស់ដូចម្តេចសម្រាប់ពេលអនាគត ដោយមិនរង់ចាំខ្ចីដង្ហើមគេដកដូចពីមុននោះ។
អ្នកតាមដានស្ថានការណ៍កម្ពុជារូបនេះ បញ្ជាក់ថា ពេលនេះអ្វីដែលប្រទេសកម្ពុជាត្រូវធ្វើ គឺត្រូវតែត្រៀមខ្លួន និងពង្រឹងសមត្ថភាពក្នុងការការពារខ្លួន ទាំងរយៈពេលខ្លី និងអនាគតវែងឆ្ងាយទៅមុខ ដែលមិនមែនគ្រាន់តែដើម្បីដោះស្រាយឱ្យរួចខ្លួនមួយគ្រាៗ ដោយទុកឱ្យកូនចៅជំនាន់ក្រោយជាអ្នករងគ្រោះបន្តពីការឈ្លានពានពីប្រទេសជិតខាងនោះទេ។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពកម្ពុជា និងកងទ័ពថៃ បានប៉ះទង្គិចគ្នានៅតំបន់មុំ៣ ដែលបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់។ ចេញពីការផ្ទុះអាវុធនេះ បានបង្កទៅជាសង្គ្រាមរយៈពេល ៥ថ្ងៃ ដែលបណ្តាលឱ្យជីវិតមនុស្សស្លាប់ របួស និងភៀសខ្លួន ទាំងថៃ និងកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១ កញ្ញា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា អះអាងថា ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងប្រឈមនាពេលនេះ កម្ពុជាបានអនុវត្តនូវបទឈប់បាញ់បានយ៉ាងល្អ និងទទួលបានការចាប់អារម្មណ៍លើឆាកអន្តរជាតិជុំវិញនយោបាយការទូតរបស់កម្ពុជា ក្នុងការគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ត្រឹមត្រូវនេះ។
ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅថ្ងៃទី១ កញ្ញា នេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អះអាងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានបញ្ជាក់ពីការតាមដានរបស់លោកជុំវិញជម្លោះព្រំដែនរវាងកម្ពុជា និងថៃ យ៉ាងយកចិត្តទុកដាក់៕
© 2025, . All rights reserved.