អតីតជនភៀសខ្លួននៅជំរំណងចាន់ និងជាប្រធានបក្សក្រៅរដ្ឋាភិបាលមួយរូប អះអាងថា កងទ័ពថៃ បានវាយប្រហារ និងដុតបំផ្លាញផ្ទះសម្បែងជនភៀសសឹកខ្មែរនៅជំរំណងចាន់ អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ យ៉ាងសាហាវឃោរឃៅបំផុត ដើម្បីកាន់កាប់ជាកម្មសិទ្ធិ។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២ កញ្ញា នេះថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ១៩៨០ កម្លាំងថ្មើរជើងកងទ័ពថៃ ប្រដាប់ដោយកាំភ្លើងធំ រួមទាំងយន្តហោះ បានវាយប្រហារលើជំរំណងចាន់ និងបានដុតបំផ្លាញផ្ទះសម្បែងពលរដ្ឋខ្មែរដែលជាជនភៀសសឹករាប់ពាន់នាក់ហិនហោចគ្មានសេសសល់។
លោកបន្តថា លោក កែវ កុត ដែលជាប្រធានជំរំណងចាន់បណ្ដោះអាសន្ន និងលោក ជា រិទ្ធីឈុត ដែលជាសមាជិករណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ បានរងរបួសពីការវាយប្រហារនេះយ៉ាងធ្ងន់ធ្ងរ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ភូមិណងចាន់ គឺជាអតីតជំរំជនភៀសខ្លួនខ្មែររស់នៅ ដែលគេហៅថាជំរំណងចាន់ ហើយទីតាំងនេះ គឺធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់អតីតចលនាតស៊ូរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលដឹកនាំដោយលោកតា សឺន សាន នាយឧត្ដមសេនីយ៍ សក់ ស៊ុតសាខន និងឧត្ដមសេនីយ៍ ដៀន ឌែល។
លោកបន្តថា អតីតជំរំតស៊ូមួយនេះ ស្ថិតនៅខាងកើតជាប់នឹងភូមិរបស់ថៃ ហើយជំរំណងចាន់នេះ ក៏ត្រូវស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ឧត្ដមសេនីយ៍ ជា រិទ្ធីឈុត ដែលជាប្រធានជំរំ និងជាសមាជិករណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរនាពេលនោះដែរ ដែលមានប្រជាពលរដ្ឋខ្មែររស់នៅជាង ៣ពាន់នាក់ (៣៦៥០នាក់) ពេលជនភៀសសឹកខ្មែរចាប់ផ្តើមទៅរស់នៅលើកដំបូង។
ប្រធានគណបក្សជំនាន់ថ្មីរូបនេះ បញ្ជាក់ថា លោកធ្លាប់ជាអតីតជនភៀសខ្លួនខ្មែរម្នាក់ដែលបានរស់នៅក្នុងទឹកដីអតីតជំរំណងចាន់ ក្នុងឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨១ មុនពេលកងទ័ពវៀតណាម វាយបែកជំរំនេះ។
លោកបន្តថា ក្រោយមក លោកបានបន្តទៅរស់នៅតំបន់ព្រៃចាន់ ដែលគេហៅថាជំរំណងចាន់ថ្មីនៅឆ្នាំ១៩៨២ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបាត់ដំបង នាសម័យនោះ។
កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaoshod បានចុះផ្សាយថា អភិបាលខេត្តស្រះកែវ លោក បរិញ្ញា ពោធិ៍សាត់ (Parinya Phothisat) បានអនុញ្ញាតឱ្យពលរដ្ឋថៃ នៅភូមិណងចាន់ ចូលទៅប្រើប្រាស់ដីចំនួន ៦ទីតាំង ក្នុងដីភូមិរបស់ពលរដ្ឋខ្មែរ បន្ទាប់ពីទាហានថៃ បានរាយបន្លាលួសព័ទ្ធយក។
ប្រភពដដែល រាយការណ៍ថា អាជ្ញាធរថៃ បានប្រាប់ឱ្យពលរដ្ឋរបស់ខ្លួនត្រូវជូនដំណឹងជាមុន ដើម្បីការពារសុវត្ថិភាព មុនពេលចូលទៅប្រើប្រាស់ដីរបស់ពលរដ្ឋខ្មែរទាំងនោះ ព្រោះដីនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និងលេខ៤៧ ត្រូវបានវាស់វែងរួចរាល់អស់ហើយ។
ទោះបីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានផ្ញើលិខិតទៅអភិបាលខេត្តស្រះកែវ កាលពីថ្ងៃទី២៥ ខែសីហា ដើម្បីជំទាស់នឹងការចេញបណ្ណកម្មសិទ្ធិដីធ្លីឱ្យអ្នកភូមិណងចាន់ ដែលស្ថិតនៅជាប់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក៏ដោយ ក៏អភិបាលខេត្តស្រះកែវ នៅតែអនុញ្ញាតឱ្យពលរដ្ឋថៃ ចូលទៅប្រើប្រាស់ដីដែលរំលោភយកពីពលរដ្ឋខ្មែរដដែល។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៥ ខែសីហា បណ្ឌិត ឥន សុផល អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ សរសេររលើគណនីហ្វេសប៊ុករបស់លោកដោយភ្ជាប់ជាមួយផែនទីអង្គការសហប្រជាជាតិថា ជំរំណងចាន់ (Nong Chan) គឺស្ថិតនៅលើទឹកដីកម្ពុជា ជាប់នឹងព្រំដែនថៃ ដែលជំរំនេះធ្លាប់ត្រូវបានគ្រប់គ្រងដោយចលនារណសិរ្សរំដោះជាតិខ្មែរ។
បណ្ឌិត ឥន សុផល អះអាងថា នៅឆ្នាំ១៩៧៩ មានជនភៀសខ្លួនខ្មែរ ១ម៉ឺន ៣ពាន់នាក់ (១៣០០០នាក់) រហូតដល់ឆ្នាំ១៩៨៤ ជនភៀសខ្លួនខ្មែរបានកើនឡើងរហូតដល់ ១ម៉ឺន ៦ពាន់នាក់ (១៦០០០នាក់) ដែលរស់នៅក្នុងជំរំណងចាន់នេះ៕
© 2025, . All rights reserved.