យោងតាមការផ្សព្វផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន The European ចុះផ្សាយកាលពីថ្ងៃទី២៩ សីហា បានឱ្យដឹងថា កម្ពុជាកំពុងពិចារណាកែប្រែឈ្មោះផ្លូវ Highway មួយខ្សែរបស់ខ្លួន ដោយប្តូរទៅជាឈ្មោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ វិញ។
គោលបំណងរបស់កម្ពុជា គឺជាការគោរព និងផ្តល់កិត្តិយសដល់តួនាទីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការសម្របសម្រួលដែលនាំមកនូវបទឈប់បាញ់រវាងកម្ពុជា និងថៃ។
ការសម្រេចចិត្តនេះ ត្រូវបានពិភាក្សាបន្ទាប់ពីលោក ត្រាំ បានចូលខ្លួនអន្តរាគមន៍សហការជាមួយអង្គការអន្តរជាតិ ដើម្បីនាំឱ្យមានបទឈប់បាញ់គ្នាក្នុងសំណុំរឿងវិវាទព្រំដែនកម្ពុជា-ថៃ កាលពីចុងខែកក្កដា កន្លងទៅ។
ការដើរតួនាទីជាអ្នកសម្របសម្រួលរបស់លោក ត្រាំ ក្នុងការបញ្ចប់ស្ថានភាពតានតឹង បានធ្វើឱ្យលោក ត្រាំ ក្លាយជាបុគ្គលមួយរូបដែលត្រូវបានគោរពកោតសរសើរយ៉ាងខ្លាំងនៅក្នុងចំណោមប្រជាជនជាច្រើននៅប្រទេសកម្ពុជា។
មន្ត្រីជាន់ខ្ពស់មួយចំនួនបានបញ្ជាក់ថា ការផ្លាស់ប្ដូរឈ្មោះផ្លូវជាតិលេខ៤ អាចក្លាយជារូបសញ្ញានៃ “សន្តិភាពថ្មី” និងជាការទទួលស្គាល់ដល់តួនាទីអន្តរជាតិនៃសហរដ្ឋអាមេរិក។
គំនិតក្នុងការប្តូរឈ្មោះ Highway ផ្លូវជាតិលេខ៤ ទៅជា Trump Highway ត្រូវបានបង្ហាញដំបូងដោយអ្នកកាសែតកម្ពុជាដ៏ល្បីឈ្មោះមួយរូប គឺលោក សយ សុភាព ដែលជាប្រធានស្ថាប័នសារព័ត៌មានដើមអម្ពិល។ លោក សយ សុភាព បានលើកគំនិតនេះដំបូងគេបង្អស់ក្នុងការ Live Video មួយលើគណនីហ្វេសប៊ុករបស់លោក កាលពីដើមខែសីហា ហើយត្រូវបានលោក Gary Franchi អ្នកឆ្លើយឆ្លងសារព័ត៌មានប្រចាំសេតវិមានរបស់ក្រុមហ៊ុន Next News Network ដកស្រង់យកមកចុះផ្សាយ។
នៅក្នុងវីដេអូមួយក្រោយមកទៀតដែលលោក Alfaro បានសម្ភាសឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅរាជធានីភ្នំពេញ ពេលនោះឈ្មោះរបស់លោក សយ សុភាព ត្រូវបានគេលើកមកនិយាយដោយផ្ទាល់ ដោយពិពណ៌នាថា លោកជាអ្នកបង្កើតសំណើនេះ ទោះបីជាគាត់មិនបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ក៏ដោយ។
ក្នុងអំឡុងនៃការសន្ទនានោះ លោក ស៊ុន ចាន់ថុល បានបង្ហាញការគាំទ្រយ៉ាងច្បាស់ចំពោះគំនិតយោបល់របស់លោក សយ សុភាព ដែលបញ្ជាក់ថាគំនិតនេះមិនមែនស្ថិតនៅក្នុងភាពចចាមអារ៉ាមទេ ប៉ុន្តែចាប់ផ្តើមត្រូវបានលើកឡើងនៅក្នុងកំណត់ត្រាផ្លូវការរួចទៅហើយ។
លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់លោក Michael Alfaro ថា គាត់ជឿជាក់ថាគំនិតនៃការដាក់ឈ្មោះផ្លូវជាតិលេខ៤ តាមឈ្មោះប្រធានាធិបតី Donald Trump នឹងទទួលបានការគាំទ្រច្រើនក្នុងប្រទេសកម្ពុជា។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា៖ «ខ្ញុំគិតថានឹងទទួលបានការគាំទ្រច្រើននៅក្នុងប្រទេស។ ដូច្នេះលោក សយ សុភាព នឹងជំរុញឲ្យមានរឿងនោះ ហើយសង្ឃឹមថានឹងសម្រេចបានឆាប់ៗ។ ចលនានៅក្នុងប្រទេស នឹងឃើញការគាំទ្រច្រើនក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែវានឹងត្រូវឆ្លងកាត់ការយល់ព្រមពីនាយករដ្ឋមន្ត្រីជាមុនសិន។»
ប្រសិនបើការផ្លាស់ប្ដូរឈ្មោះត្រូវបានអនុម័ត កម្ពុជានឹងក្លាយជាប្រទេសដំបូងដែលដាក់ឈ្មោះផ្លូវជាតិរបស់ខ្លួនតាមឈ្មោះលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។
ផ្លូវដែលត្រូវពិចារណានោះ គឺផ្លូវជាតិលេខ៤ ដែលមានប្រវែងប្រមាណ ២៣០គីឡូម៉ែត្រ ដោយភ្ជាប់រាជធានីភ្នំពេញទៅនឹងកំពង់ផែព្រះសីហនុ។ ផ្លូវនេះត្រូវបានសាងសង់ដំបូងក្នុងចន្លោះឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦៩ ដោយមានជំនួយពីសហរដ្ឋអាមេរិក នៅពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងប្រកួតប្រជែងអំណាចនយោបាយ និងយោធាជាមួយទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ក្នុងសង្គ្រាមត្រជាក់។
មកដល់សព្វថ្ងៃនេះ ផ្លូវជាតិលេខ៤ នៅតែជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់បំផុតរបស់កម្ពុជា ដោយភ្ជាប់រាជធានីទៅកំពង់ផែទឹកជ្រៅនៃផែសមុទ្រប្រទេសកម្ពុជា នៅក្រុងព្រះសីហនុ ដែលក្លាយជាខ្សែជីវិតសេដ្ឋកិច្ចរបស់ប្រទេសដ៏សំខាន់បំផុត។
គំនិតប្តូរឈ្មោះផ្លូវជាតិដ៏សំខាន់មួយនេះ ត្រូវបានពិចារណាថាជាផ្នែកមួយនៃចលនាដ៏ទូលំទូលាយក្នុងការដឹងគុណ និងកោតសរសើរដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលទើបចូលកាន់តំណែងកាលពីឆ្នាំ២០២៣ បានផ្ញើលិខិតផ្លូវការទៅកាន់គណៈកម្មាធិការណូបែលនៃប្រទេសន័រវែស ដោយស្នើសុំតែងតាំងលោក ត្រាំ សម្រាប់រង្វាន់សន្តិភាពឆ្នាំ២០២៥។ ក្នុងលិខិតចុះថ្ងៃទី៧ សីហា លោក ហ៊ុន ម៉ាណែត បានបង្ហាញការគោរពចំពោះ “ភាពជាមេដឹកនាំដ៏អស្ចារ្យ” របស់លោក ត្រាំ ដែលជួយបញ្ចប់វិបត្តិព្រំដែនជាមួយប្រទេសថៃ។
ការប៉ះទង្គិចបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា ជុំវិញប្រាសាទតាមាន់ធំ ដែលជាសំណង់បុរាណរបស់ខ្មែរ មានទីតាំងនៅតាមព្រំដែនកម្ពុជា-ថៃ។ ប្រទេសទាំងពីរបានប្រកាសថាប្រាសាទ និងតំបន់ព្រំដែនមួយចំនួនជាកម្មសិទ្ធិរបស់ខ្លួន ហើយស្ថានការណ៍បានឆ្ពោះទៅរកការវាយប្រហារគ្នាដោយប្រដាប់អាវុធយ៉ាងហិង្សា។
ក្នុងសង្គ្រាមព្រំដែនកម្ពុជា-ថៃ រយៈពេល ៥ថ្ងៃ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F-16 ដើម្បីវាយប្រហារលើទីតាំងយោធាកម្ពុជា បណ្ដាលឲ្យគ្រាប់បែកធ្លាក់លើខ្នងភ្នំតំបន់ប្រាសាទព្រះវិហារ ដែលត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌយូណេស្កូ។
អំឡុងការប៉ះទង្គិច បានបង្កឱ្យមានជនស៊ីវិល រួមទាំងទាហាននៃប្រទេសទាំងពីរស្លាប់រាប់សិបនាក់។ ភូមិមួយចំនួននៅតាមព្រំដែន ត្រូវបានបោះបង់ចោល ដោយសារពលរដ្ឋខ្មែរជាច្រើនបានរត់ភៀសខ្លួន ដែលបណ្តាលឱ្យមានជនភៀសខ្លួនកើនឡើងរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅរស់នៅក្នុងជំរំបណ្ដោះអាសន្ន។
ទន្ទឹមនឹងភាពភ័យខ្លាចនៃសង្គ្រាមទ្រង់ទ្រាយធំចេះតែមានរៀងរាល់ថ្ងៃ ព្រោះថៃ នៅតែមានសមភាពបំពានព្រំដែនកម្ពុជា តែមិនបង្កការផ្ទុះអាវុធនោះទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចូលមកអន្តរាគមន៍ផ្ទាល់ ដោយមានកិច្ចគាំទ្រពីក្រសួងការបរទេសអាមេរិក។ លោកបានទូរសព្ទទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ ដោយលើកទឹកចិត្តឱ្យភាគីទាំងពីរមានការអត់ធ្មត់។ បន្ទាប់មក លោក ត្រាំ បានរៀបចំវេទិកាបន្ទាន់ ដែលនាំឲ្យមេដឹកនាំកម្ពុជា-ថៃ យល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ ដោយមានអ្នកសង្កេតការណ៍មកពីសមាគមប្រជាជាតិអាស៊ាន ត្រួតពិនិត្យ។
បទឈប់បាញ់ត្រូវបានអនុវត្តដោយកម្លាំងទ័ពនៃភាគីទាំងពីរ ត្រូវបញ្ឈប់សកម្មភាព និងត្រូវបន្ថយភាពតានតឹង។ លោក ត្រាំ បានប្រកាសថា នេះជាជំហានដ៏សំខាន់សម្រាប់សន្តិភាព ខណៈដែលប្រព័ន្ធផ្សព្វផ្សាយប្រទេសកម្ពុជា បានពោលពាក្យសរសើរលោកថាជាបុរសដែលបានជួយទប់ស្កាត់តំបន់មិនឱ្យធ្លាក់ចូលទៅក្នុងជម្លោះកាន់តែធំ និងធ្ងន់ធ្ងរជាងនេះ។
សម្រាប់រដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ការអំពាវនាវឲ្យកម្ពុជាងាកទៅរកសហរដ្ឋអាមេរិក បានកើតឡើងស្របពេលដែលពលរដ្ឋកម្ពុជាយល់ឃើញអំពីការអន្តរាគមន៍របស់លោក ត្រាំ ទាន់ពេលវេលានៃការពន្លត់ភ្លើងសង្គ្រាម។
ប្រសិនបើកម្ពុជា អនុម័តផ្លូវជាតិលេខ៤ ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ មែន វាអាចនឹងក្លាយជាផ្លូវអន្តរជាតិដ៏ល្បីឈ្មោះដែលមានឈ្មោះថា Trump Highway ហើយវានឹងក្លាយជានិម្មិតសញ្ញាដ៏ច្បាស់លាស់ បង្ហាញពីការតបស្នងសងគុណដែលប្រទេសតូចមួយនៅអាស៊ីអាគ្នេយ៍ ឱ្យតម្លៃខ្លាំងណាស់ចំពោះបទអន្តរាគមន៍របស់ប្រធានាធិបតីអាមេរិកទី៤៧ ដោយចាត់ទុកជាអ្នកបង្កើតសន្តិភាព និងជាអ្នកការពារអាយុជីវិតមនុស្សរាប់ពាន់នាក់ដែលរួចផុតពីសង្គ្រាមព្រំដែន។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាការឆ្លើយតបចំពោះលោក ហ៊ុន ម៉ាណែត ដែលបានស្នើតែងតាំងរូបលោកជាបេក្ខជនសម្រាប់ពានរង្វាន់ណូបែលសន្តិភាព។
លិខិតរបស់លោក ត្រាំ មានខ្លឹមសារដើមដូចនេះថា៖ «ខ្ញុំមានកិត្តិយសក្រៃលែងដែលបានសន្ទនាជាមួយឯកឧត្តម ដើម្បីរួមចំណែកបញ្ចប់ជម្លោះប្រដាប់អាវុធជាមួយប្រទេសថៃ។ ប្រទេសកម្ពុជា មានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូណ៌បែប។ ខ្ញុំជឿជាក់ថាឯកឧត្តមជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភាព។ ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ចាប់ពីពេលនេះតទៅ យើងអាចផ្ដោតការយកចិត្តទុកដាក់ជាមួយគ្នាលើការកសាងវិបុលភាពសម្រាប់ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ។»
កាលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតផ្លូវការទៅកាន់គណៈកម្មាធិការណូបែលន័រវែស ដើម្បីគាំទ្រ និងតែងតាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ លោក ហ៊ុន ម៉ាណែត យល់ឃើញថា លោក ដូណាល់ ត្រាំ បានរួមចំណែកយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ពិសេសការស្វែងរកសន្តិភាពតាមព្រំដែននៃប្រទេសទាំងពីរ ដែលនាំឱ្យសង្គ្រាមព្រំដែនកម្ពុជា-ថៃ ៥ថ្ងៃត្រូវបានពន្លត់៕
© 2025, . All rights reserved.