រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្តែនៅតាមបណ្តាខេត្តនានាអាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងពលរដ្ឋ។
សារាចរស្ដីពីការផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៧ ខែសីហា កន្លងទៅ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា នេះ។
សារាចរដដែលនេះ អះអាងថា បច្ចុប្បន្ន កម្ពុជាកំពុងបន្តអនុវត្តបទឈប់បាញ់ ដូច្នេះរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនពលរដ្ឋភៀសសឹក និងពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជា វិញជាបន្តបន្ទាប់នាពេលនេះ។
ប្រភពដដែល បញ្ជាក់ថា ទោះព្រះរាជពិធីបុណ្យអុំទូក ត្រូវបានផ្អាក ប៉ុន្តែការឈប់សម្រាករបស់មន្ត្រីរាជការ និងនិយោជិតកម្មករចំនួន ៣ថ្ងៃ គឺរក្សានៅដដែល។
រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ក្នុងរាជធានីភ្នំពេញរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
គួររំលឹកថា កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានរាជរដ្ឋាភិបាលប្រកាសផ្អាកពីរឆ្នាំជាប់ៗគ្នា ដើម្បីទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រហូតដល់ឆ្នាំ២០២២ ត្រូវបន្តផ្អាកម្តងទៀត ដោយសារកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែវិច្ឆិកា។
យ៉ាងណាក៏ដោយ នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ រដ្ឋាភិបាលបានប្រកាសប្រារព្វពិធីបុណ្យនេះឡើងវិញដូចធម្មតា ប៉ុន្តែឆ្នាំ២០២៥ នេះ ត្រូវផ្អាកសាជាថ្មី ដោយសារកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។
ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគលើកឡើងថា ការផ្អាកពិធីបុណ្យនេះ គឺជារឿងត្រឹមត្រូវដើម្បីចូលរួមកាន់ទុក្ខដល់យោធិនពលី និងរំលែកទុក្ខដល់យោធិនពិការ និងរបួស រួមទាំងរំលែកទុក្ខដល់ជនភៀសសឹកដោយសារសង្គ្រាម ៥ថ្ងៃជាមួយប្រទេសថៃ នាពេលនេះផងដែរ។
ប្រភពដដែល បញ្ជាក់ថា ការផ្អាកពិធីបុណ្យនេះ ក៏ដើម្បីត្រៀមខ្លួនពីការលួចវាយឆ្មក់ពីយោធាថៃ ដែរ ព្រោះកន្លងមក កងទ័ពថៃ តែងរកវិធីលួចវាយប្រហារលើកម្ពុជាមួយលើកជាពីរលើក ដូច្នេះក្នុងស្ថានភាពនេះ កម្ពុជាត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងពីការលួចវាយឆ្មក់ពីសំណាក់សត្រូវឈ្លានពាននៅតាមបណ្តោយព្រំដែន៕
© 2025, . All rights reserved.