នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជួប​ពិភាក្សា​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (UN) លោក António Guterres នៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ថា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ចាំបាច់​មាន​ភាគី​ទី​បី​តាមដាន ទើប​អាច​ដោះស្រាយ​ដោយ​សន្តិវិធី

By ឌឹ ខេមបូឌា ដេលី

September 05, 2025

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (UN) លោក António Guterres ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ថា ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ចាំបាច់​ត្រូវ​មាន​ភាគី​ទី​បី​តាមដាន ទើប​អាច​ដោះស្រាយ​បញ្ចប់​បញ្ហា​ដោយ​សន្តិវិធី។

អង្គភាព​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៤ កញ្ញា នេះ​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន កាលពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ពី​ករណី​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​ភាគី​ថៃ បាន​ពង្រាយ​លួស​បន្លា និង​បណ្តេញ​ពលរដ្ឋ​ចេញពី​ផ្ទះសម្បែង ទៅ​កាន់​មេដឹកនាំ​ពិភពលោក​មួយ​ចំនួន​ផង​ដែរ។

អង្គភាព​ដដែល​នេះ អះអាង​ថា លោក ហ៊ុន ម៉ាណែត បាន​ស្នើ​មេដឹកនាំ​ទាំងនោះ​សុំ​ឱ្យ​មាន​កិច្ច​អន្តរាគមន៍ ដើម្បី​ជំរុញ​ឱ្យ​មាន​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ពេញលេញ​នូវ​បទ​ឈប់​បាញ់​គ្នា តាមរយៈ​វត្តមាន​ចាំបាច់​នៃ​យន្តការ​តាមដាន​ដោយ​ភាគី​ទី​បី ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​បញ្ឈប់​ការពង្រីក​តំបន់​ជម្លោះ​បន្ត​ទៀត។

ប្រភព​ដដែល បញ្ជាក់​ថា ការ​ប្រើប្រាស់​យោធា​ចូល​កាន់កាប់​ដោយ​ខុស​ច្បាប់ និង​បណ្តេញ​ប្រជាពលរដ្ឋ​ស៊ីវិល​ដោយ​បង្ខំ​ចេញពី​តំបន់​ដែល​ពួកគេ​កំពុង​រស់នៅ​ជា​យូរលង់​មក​ហើយ​នោះ អាច​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​សាជាថ្មី និង​ជា​ការ​ប្រឈមមុខ​ដាក់​គ្នា​ប្រកប​ដោយ​គ្រោះថ្នាក់ ដូច្នេះ​យន្តការ​តាមដាន​របស់​ភាគី​ទី​បី​នេះ ក៏​ដើម្បី​ទប់ស្កាត់​សកម្មភាព​បង្ក​ហេតុ និង​បញ្ចៀស​ហានិភ័យ​ធ្ងន់ធ្ងរ​ដែរ។

ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នា​ពេលនេះ រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ ខែ​កញ្ញា នេះ​ថា ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​ដោយ​សន្តិវិធី ប្រទេស​កម្ពុជា​បាន​ប្រើ​យន្តការ​គ្រប់​លំដាប់​ថ្នាក់​ដែល​នៅ​ជាធរមាន ដើម្បី​តវ៉ា​ទៅ​កាន់​ភាគី​ថៃ និង​ជូនដំណឹង​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ តាម​គ្រប់​មធ្យោបាយ​ការទូត​ដោយ​ស្រប​តាម​ច្បាប់​អន្តរជាតិ។

គួរ​រំលឹក​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​ឯកភាព​គ្នា​ឱ្យ​មាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​កាលពី​ថ្ងៃទី​៧ ខែ​សីហា កន្លង​ទៅ ក្រោម​លក្ខខណ្ឌ ១៣​ចំណុច ប៉ុន្តែ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នៅតែ​បន្ត ទោះជា​មាន​បទ​ឈប់​បាញ់​គ្នា​នេះ​ទៅ​ហើយ​ក្តី។

ការវិវឌ្ឍ​ដោយឡែក​មួយ ប្រទេស​ថៃឡង់ដ៍ ហាក់បីដូចជា​រំកិល​កាន់តែ​ជិត​សហរដ្ឋ​អាមេរិក​ឡើងវិញ ស្រប​តាម​កិច្ចព្រមព្រៀង​ចំណង​មិត្តភាព​ជា​សម្ព័ន្ធមិត្ត​រយៈពេល ៧​ទសវត្ស ឬ ៧០​ឆ្នាំ។ តាម​ការ​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ កងនាវាចរណ៍​ទី​៧ សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក នាវា​ផ្គត់ផ្គង់​សម្ភារៈ និង​ជួសជុល​អមដំណើរ​នាវា​មុជទឹក ឈ្មោះ USS Frank Cable (AS 40) submarine tender បាន​ចាក​ចេញពី​កោះភូខេត្ត ប្រទេស​ថៃឡង់ដ៍ នៅ​ថ្ងៃទី​៤ ខែ​កញ្ញា បន្ទាប់ពី​ចូល​ចត​បួន​ថ្ងៃ​ក្នុង​បេសកកម្ម​ល្បាត​មហាសមុទ្រ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នា​ថ្ងៃទី​៣១ ខែ​សីហា។ នាវា USS Frank Cable (AS 40) submarine tender ជា​ប្រភេទ​នាវា​មាន​មុខនាទី​ជា​មូលដ្ឋាន​ចល័ត​សម្រាប់​នាវាមុជទឹក និង​កប៉ាល់​ចម្បាំង​ផ្សេងៗ​ទៀត។

ដំណាល​ពេល​គ្នា​នេះ ព្រឹត្តិបត្រ​ផ្សាយ​អំពី​កិច្ចការ​កងទ័ព​ឈ្មោះ Defense Visual Information Distribution Service (dvids) ចុះផ្សាយ​អំពី​សមយុទ្ធ​ប្រចាំ​ឆ្នាំ​២០២៥ រួម​គ្នា​រវាង​ទ័ព​អាកាស​ថៃ និង​ឆ្មាំ​ជាតិ​ទ័ព​អាកាស​សហរដ្ឋ​អាមេរិក Washington Air National Guard បាន​បញ្ចប់​កាលពី​ថ្ងៃទី​២៨ ខែ​សីហា នៅ​ខេត្ត​កូរ៉ាត ប្រទេស​ថៃឡង់ដ៍។ ការ​ធ្វើ​សមយុទ្ធ​ជាមួយ​គ្នា គេ​ឲ្យ​ឈ្មោះ Enduring Partners 2025 សំដៅ​ហ្វឹកហ្វឺន​ចាក់​សាំង​យន្តហោះ​លើ​អាកាស​ដោយ​យន្តហោះ​ផ្ទុក​ប្រេង KC-135 Stratotanker ដល់​យន្តហោះ​ចម្បាំង​ថៃ F-16 Falcon៕

© 2025, . All rights reserved.