ដើមខែកញ្ញា នេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករសាជាថ្មីអំពីកំណើនសេដ្ឋកិច្ចជាតិប្រទេសកម្ពុជា ថានឹងនៅត្រឹម ៥% ក្នុងឆ្នាំ២០២៥ នេះ គឺចុះពីប្រមាណជាង ៦%។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្សាយថា ការដាក់ទុនថ្មីៗនេះមានចំនួនទឹកប្រាក់ ៧២០០លានដុល្លារលើគម្រោងវិនិយោគទុនចំនួន ៤៩១គម្រោង ដែលអាចបង្កើតការងារដល់ពលរដ្ឋចំនួនជាង ៣សែន ៤ម៉ឺននាក់។
តាមទីភ្នាក់ងារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី៤ ខែកញ្ញា នេះ វិនិយោគទុនពីប្រទេសចិន នៅតែមានកម្រិតខ្ពស់ជាងពីប្រទេសដទៃ គឺជិត ៥៣% នៃវិនិយោគទុនសរុប។
ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី២៩ ខែសីហា បានអនុម័តគម្រោងជំនួយដល់ប្រទេសកម្ពុជា ចំនួន ៥០លានដុល្លារ ជាការឲ្យខ្ចីតាមផែនការឧបត្ថម្ភជំនួយជាកញ្ចប់ មានការខ្ចីបុលផង ជំនួយឥតសំណងផងសម្រាប់ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដើម្បីកែទម្រង់ប្រព័ន្ធគ្រប់គ្រង រាប់ទាំងការប្រមូលពន្ធដារផងដែរ។
ដំណាលពេលគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីរាយការណ៍ឲ្យដឹងកាលពីថ្ងៃទី២៦ ខែសីហា ថា ក្នុងឆមាសទី១ នៃឆ្នាំ២០២៥ រាជាណាចក្រកម្ពុជា ជំពាក់បំណុលសាធារណៈសរុបចំនួនជិត ១៣ពាន់លានដុល្លារ ក្នុងនោះ ៩៩% ជាបំណុលក្រៅប្រទេស។ ក្នុងរយៈពេលដដែល រដ្ឋាភិបាលបានសងបំណុលបរទេសលើប្រាក់ដើមជាង ២១២លានដុល្លារ និងការប្រាក់ជាង ៥៥លានដុល្លារ សងបំណុលក្នុងស្រុកលើប្រាក់ដើមជិត ២៧លានដុល្លារ និងការប្រាក់ជាង ២លានដុល្លារ។
រដ្ឋាភិបាលអះអាងថា បំណុលទាំងអស់នេះអាចគ្រប់គ្រងបាន គ្មានហានិភ័យខ្ពស់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើមាតុភូមិនិវត្តន៍នៃពលករខ្មែរពីប្រទេសថៃឡង់ដ៍ ប្រមាណ ៥សែននាក់ ក៏បណ្តាលឲ្យបាត់បង់ចំណូលដល់រដ្ឋាភិបាលមួយផ្នែកដែរ ពីការផ្ទេរប្រាក់ត្រឡប់ទៅស្រុកក្នុងមួយឆ្នាំៗជាង ២ពាន់លានដុល្លារ៕
© 2025, . All rights reserved.