រុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំទៅលើអគាររដ្ឋាភិបាលអ៊ុយក្រែន ជាមួយយន្តហោះដ្រូន និងគ្រាប់មីស៊ីល។ យោងតាមការចេញផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន CNN រុស្ស៊ី បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំបំផុតរបស់ខ្លួនពេញមួយយប់កាលពីថ្ងៃអាទិត្យ ទី៧ កញ្ញា។
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាង ៨០០គ្រឿង និងមីស៊ីល ១៣គ្រាប់។ គោលដៅឆ្ពោះទៅលើទីក្រុងគៀវ ដែលជាលើកដំបូង មីស៊ីល និងដ្រូនរុស្ស៊ី វាយប្រហារទៅលើអគាររបស់រដ្ឋាភិបាលលោក ហ្សេឡេនស្គី នៅកណ្ដាលទីក្រុងគៀវ។
សាលាក្រុងគៀវ បានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើអគារលំនៅឋានក្នុងទីក្រុងគៀវ ក៏បានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ៧នាក់ រួមទាំងទារកម្នាក់ ខណៈរាប់សិបនាក់រងរបួស ខណៈស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងរយៈពេល ១១ម៉ោង។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា មានមនុស្សស្លាប់សរុប ៧នាក់ និងរបួស ៤៤នាក់នៅទូទាំងប្រទេស ប៉ុន្តែកងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា កងកម្លាំងរបស់ទីក្រុងមូស្គូ បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកសរុបចំនួន ៨១០គ្រឿង មីស៊ីលផ្លោងចំនួន ៤គ្រាប់ និងមីស៊ីលគ្រូសចំនួន ៩គ្រាប់។
កងកម្លាំងអាកាសអ៊ុយក្រែន បាននិយាយថា កងទ័ពមីស៊ីលអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៧៥៤គ្រឿង និងមីស៊ីលចំនួន ៩គ្រាប់។
កាលពីដើមសប្តាហ៍នេះ លោក ពូទីន បាននិយាយថា កងទ័ពលោកខាងលិចណាមួយដែលត្រូវបានបញ្ជូនទៅដាក់ពង្រាយនៅលើទឹកដីអ៊ុយក្រែន នឹងត្រូវបានចាត់ទុកថាជា «គោលដៅស្របច្បាប់សម្រាប់ការវាយប្រហាររបស់រុស្ស៊ី»។ ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីលោក ពូទីន ព្រមានដូចនេះ ទីក្រុងមូស្គូ បានបើកការវាយប្រហារស្រោចលើទីក្រុងគៀវ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន អ្នកស្រី Yulia Svyrydenko បានហៅប្រតិបត្តិការនេះថាជា «ការវាយប្រហារទ្រង់ទ្រាយដ៏ធំ»។
អ្នកស្រីនិយាយថា ទីក្រុង Kryvyi Rih, Dnipro, Kremenchuk និង Odesa ទាំងអស់ ត្រូវបានរងការបាញ់ប្រហារ ក៏ដូចជាទីក្រុងគៀវ ផងដែរ។ អ្នកស្រីបញ្ជាក់ថា នៅក្នុងរដ្ឋធានី អគារដែលជាទីស្ដីការរបស់នាយករដ្ឋមន្ត្រី ព្រមទាំងក្រសួងរដ្ឋាភិបាលមួយចំនួន ត្រូវបានវាយប្រហារ។
អ្នកស្រី Svyrydenko បាននិយាយថា នេះជាលើកដំបូងដែលអគាររដ្ឋាភិបាលត្រូវបានខូចខាតដោយសារការវាយប្រហាររបស់សត្រូវ។ អគាររដ្ឋាភិបាលនេះស្ថិតនៅក្នុងសង្កាត់មួយនៃទីក្រុងគៀវ ជាប់នឹងអគាររដ្ឋសភា និងជិតការិយាល័យប្រធានាធិបតី។
អ្នកស្រី Svyrydenko បានបន្តថា៖ នឹងជួសជុលអគារឡើងវិញ ប៉ុន្តែជីវិតដែលបាត់បង់មិនអាចយកមកវិញបានទេ។ ជារៀងរាល់ថ្ងៃ ខ្មាំងសត្រូវធ្វើភេរវកម្ម និងសម្លាប់ប្រជាជនអ៊ុយក្រែន នៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Denys Shmygal បាននិយាយថា នៅក្នុងសប្តាហ៍ខាងមុខនេះ កិច្ចប្រជុំមួយនឹងត្រូវធ្វើឡើង ដោយផ្ដោតលើ «ការពង្រឹងការការពារដែនអាកាស និងការពង្រឹងសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការឆ្លើយតបជាមួយនឹងការវាយប្រហារយ៉ាងជ្រៅទៅក្នុងទឹកដីអ៊ុយក្រែន ពីសំណាក់អ្នកឈ្លានពាន»។
កាលពីថ្ងៃអាទិត្យ ទី៧ ខែកញ្ញា សេនាធិការកងទ័ពអ៊ុយក្រែន បានឱ្យដឹងថា ខ្លួនបានវាយប្រហារទីតាំងថាមពលរុស្ស៊ី ចំនួនពីរពេញមួយយប់នៅក្នុងតំបន់ Bryansk របស់រុស្ស៊ី និងដែនដី Krasnodar ភាគខាងត្បូងរុស្ស៊ី។
លោក Keith Kellogg បេសកជនពិសេសរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ សម្រាប់ប្រទេសអ៊ុយក្រែន និយាយថា ទីក្រុងមូស្គូ កំពុងបង្កើនសង្គ្រាមរបស់ខ្លួន ដោយបន្ថែមថា ការវាយប្រហារលើទីក្រុងគៀវ កាន់តែខ្លាំង គឺ «មិនមែនជាសញ្ញាថារុស្ស៊ី ចង់បញ្ចប់សង្គ្រាមការទូតនេះទេ»។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្កោលទោសការវាយប្រហារនេះ ដោយអះអាងថា រុស្ស៊ី កំពុងផុងខ្លួនឱ្យកាន់តែជ្រៅនៅក្នុងវិបត្តិសង្គ្រាម និងភេរវកម្ម។ លោកប្រធានាធិបតីបារាំង សន្យាថានឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធានាថា សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងកើតមាន។
ប្រធានគណៈកម្មាធិការអឺរ៉ុប Ursula von der Leyen យល់ថា វិមានក្រឹមឡាំង កំពុងចំអកការទូត ជាន់ឈ្លីច្បាប់អន្តរជាតិ និងសម្លាប់ដោយមិនរើសអើង។
អ្នកស្រី Ursula von der Leyen សន្យាថា អឺរ៉ុបនៅតែឈរជាមួយអ៊ុយក្រែន ដោយពង្រឹងកងកម្លាំងប្រដាប់អាវុធ កសាងសន្តិសុខយូរអង្វែង និងរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ី៕
© 2025, . All rights reserved.