សកម្មភាព​រាប់​ស្រោម​វិញ្ញាសា និង​រៀបចំ​ហិប​វិញ្ញាសា​ត្រៀម​បញ្ជូន​ទៅ​តាម​បណ្ដា​រាជធានី-ខេត្ត​កាលពី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៥ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៨ សីហា ២០២៥។

ព័ត៌មានជាតិ

អង្គភាព​ប្រឆាំង​អំពើពុករលួយ អះអាង​សាជាថ្មី​ថា​គ្មាន​ការ​បែកធ្លាយ​វិញ្ញាសា​មុន​ប្រឡង​បាក់ឌុប​ទេ

By ឌឹ ខេមបូឌា ដេលី

September 09, 2025

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ប្រកាស​សាជាថ្មី​ថា​មិន​មាន​ការ​បែកធ្លាយ​វិញ្ញាសា​គណិតវិទ្យា​មុន​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នោះ​ទេ ចំពោះ​ឯកសារ​ដែល​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺ​ត្រូវ​បាន​បត់ និង​លា​យក​មក​បង្ហោះ​ក្រោយ​ម៉ោង​ប្រឡង។

សេចក្តី​រាយការណ៍​ស៊ើបអង្កេត​ពី ACU ចេញ​ផ្សាយ​ថ្ងៃទី​៧ កញ្ញា បាន​ឲ្យ​ដឹង​ថា ក្រោយ​ស៊ើបអង្កេត​លើ​ករណី​ការ​បង្ហោះ​រូបថត​ចម្លង​ដែល​យល់​ថា​ជា​វិញ្ញាសា​គណិតវិទ្យា​អស់​រយៈពេល ១០​ថ្ងៃ អង្គភាព​ប្រឆាំង​អំពើពុករលួយ រក​មិន​ឃើញ​ថា​វិញ្ញាសា​គណិតវិទ្យា​ត្រូវ​បាន​បែកធ្លាយ​មុន​ម៉ោង​ប្រឡង​នោះ​ទេ។

ករណី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​យល់​ថា មាន​ការ​បែកធ្លាយ​វិញ្ញាសា​គណិតវិទ្យា​ថ្នាក់​វិទ្យាសាស្ត្រ សម័យ​ប្រឡង ២៨ សីហា ក្រុម​ការងារ​បាន​យកចិត្ត​ទុកដាក់​ស្រាវជ្រាវ​លើ​ករណី​ការ​ធ្លាយ​វិញ្ញាសា​គណិតវិទ្យា​មុន​ម៉ោង​ប្រឡង ដើម្បី​ឱ្យ​ដឹង​ប្រាកដ​ថា​មាន​មែន​ពិត ឬ​មិន​មាន។ បន្ទាប់ពី​ចំណាយ​ពេល​ស៊ើបអង្កេត​អស់​រយៈពេល ១០​ថ្ងៃ ពី​ថ្ងៃទី​២៩ សីហា ដល់​ថ្ងៃទី​៧ កញ្ញា អង្គភាព​ប្រឆាំង​អំពើពុករលួយ អះអាង​ថា វិញ្ញាសា​គណិតវិទ្យា មិន​មាន​បែកធ្លាយ​មុន​ម៉ោង​ប្រឡង​ទេ។

ACU បាន​លើក​ពី​ករណី​សង្ស័យ​មួយ​ចំនួន រួម​មាន ដំណាក់កាល​តាក់តែង បោះពុម្ព ថត​ចម្លង វេច​ខ្ចប់ ដំណាក់កាល​ដឹក​ហិប​វិញ្ញាសា​ទៅ​រាជធានី-ខេត្ត និង​ករណី​វីដេអូ​បង្រៀន​ចម្លើយ​វិញ្ញាសា​គណិតវិទ្យា​ឡើងវិញ។ តាម​ការ​ស្រាវជ្រាវ​ពី ACU ដំណាក់កាល​តាក់តែង បោះពុម្ព ថត​ចម្លង វេច​ខ្ចប់ ពុំ​មាន​បែកធ្លាយ​វិញ្ញាសា​មួយ​សន្លឹក​ណា​ឡើយ។

ACU ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ដោយឡែក​ដំណាក់កាល​ដឹក​ហិប​វិញ្ញាសា​ទៅ​រាជធានី-ខេត្ត គឺ​មាន​ភាព​ហ្មត់ចត់ ប្រធាន​វិញ្ញាសា​ត្រូវ​បាន​ប្រមូល​មក​ឱ្យ​តែ​ប្រធាន​មណ្ឌល​ម្នាក់​គត់​ជា​អ្នក​រក្សា​ទុក​តាម​ការ​ផ្ទៀងផ្ទាត់​លេខ​ច្បាស់លាស់។ ទោះជា​យ៉ាងណា គ្រប់​វិញ្ញាសា​ដែល​បាន​តាក់តែង​សម្រាប់​ការ​ប្រឡង​ទាំងអស់ ត្រូវ​បាន​បញ្ជូន​ទៅ​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ តែ​ម្នាក់​គត់ មុន​នឹង​ប្រគល់​ទៅ​ដល់​ដៃ​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដើម្បី​ពិនិត្យ និង​ចុះហត្ថលេខា​សង្ខេប។

ប្រភព​ដដែល​អះអាង​ថា តាមរយៈ​ការ​ស៊ើបអង្កេត​នេះ ACU ស្នើ​ឱ្យ​បេក្ខជន​ទាំងអស់​ជឿជាក់​លើ​ក្រសួង​អប់រំ យុវជន និង​កីឡា។ ACU លើក​ទឹកចិត្ត​ដល់​បេក្ខជន​ទោះ​បាន​និទ្ទេស A ក្ដី ឬ E ក្ដី ពិត​ជា​ស័ក្ដិសម​នឹង​ជាប់​ដោយ​សមត្ថភាព​របស់​ខ្លួន​ពិតប្រាកដ។

កាលពី​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២៥ កន្លង​ទៅ ACU បាន​អះអាង​ថា​អាច​មាន​លទ្ធភាព​បែក​ធ្លាយ​វិញ្ញាសា​គណិតវិទ្យា​ក្នុង​ការ​ប្រឡង​បាក់ឌុប​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៥ ប្រាកដ​មែន ប៉ុន្តែ​ការ​បែកធ្លាយ​នេះ ត្រូវ​បាន ACU សង្ស័យ​លើ​ពីរ​ចំណុច គឺ​ទី​១ អាច​កើតឡើង​ក្នុង​ដំណាក់កាល​នៃ​ការ​ពិនិត្យ និង​ចុះហត្ថលេខា​សង្ខេប​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​ទី​២ គឺ​ការ​លួច​ថត​ចម្លង​វិញ្ញាសា​របស់​បេក្ខជន​ដែល​អវត្តមាន​ក្នុង​ការ​ប្រឡង៕

© 2025, . All rights reserved.