នាយករដ្ឋមន្ត្រី​នេប៉ាល់ លោក K P Sharma Oli (រូប​ខាង​មុខ) និង​ការ​ប្រមូលផ្ដុំ​របស់​យុវជន​នេប៉ាល់ តវ៉ា​ប្រឆាំង​នឹង​រូបលោក​នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥។

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី​នេប៉ាល់ លាលែង​ពី​តំណែង ក្រោយពី​មហា​បាតុកម្ម​របស់​យុវជន​តវ៉ា​រឿង​បិទ​ខ្ទប់​បណ្ដាញ​សង្គម​និង​អំពើពុករលួយ

By ឌឹ ខេមបូឌា ដេលី

September 10, 2025

នាយករដ្ឋមន្ត្រី​នេប៉ាល់ លោក K P Sharma Oli សម្រេច​ចុះ​ចេញពី​តំណែង​កាលពី​ថ្ងៃ​អង្គារ ខណៈ​ប្រជាជន​ផ្ទុះ​បាតុកម្ម​ភ្លូកទឹកភ្លូកដី​ប្រឆាំង​នឹង​លោក​ជាច្រើន​ថ្ងៃ​មក​នេះ។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន NDTV World នៃ​ប្រទេស​ឥណ្ឌា បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៨ កញ្ញា នេះ​ថា ការ​ចុះ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក Sharma Oli ក្រោយពី​បាតុករ​រាប់​ពាន់​នាក់​បាន​សម្រុក​ចូល​ការិយាល័យ និង​ភូមិគ្រឹះ​របស់​លោក​នៅ​ទីក្រុង Kathmandu។

ប្រជាជន​នេប៉ាល់​រាប់​ម៉ឺន​សែន​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​តាម​ដងផ្លូវ និង​តំបន់​នៃ​អគារ​របស់​រដ្ឋាភិបាល ទាមទារ​ឱ្យ​លោក Sharma Oli ចុះ​ចេញពី​តំណែង ព្រោះតែ​មាន​ជាប់​អំពើពុករលួយ​កិបកេង​ថវិកា​ជាតិ ប៉ុន្តែ​ការ​ដែល​លោក Sharma Oli លាលែង​ពី​នាយករដ្ឋមន្ត្រី បន្ទាប់ពី​បាតុករ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​សម្រុក​ដុត​អគារ​រដ្ឋសភា ក្រោយពី​បាតុករ ១៩​ត្រូវ​បាន​សម្លាប់​ដោយ​កម្លាំង​សមត្ថកិច្ច។

តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ បាតុករ​រាប់​ម៉ឺន​នាក់​ផ្ទុះ​កុបកម្ម ព្រោះតែ​ទាមទារ​សង​ជីវិត​មនុស្ស ១៩​នាក់ និង​ប្រឆាំង​រដ្ឋាភិបាល​ដែល​បាន​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ធំៗ​ចំនួន​២៦។

នៅ​មុន​លោក Sharma Oli ចុះ​ចេញពី​តំណែង លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការចរចា​ជាបន្ទាន់​ជាមួយ​ក្រុម​ដឹកនាំ​បាតុកម្ម ដើម្បី​សម្រួល​រក​ផ្លូវ​រួម​គ្នា​វិញ តែ​បាតុករ​ប្រកាស​ច្រានចោល រហូត​ស្រែក​ឱ្យ​លោក Sharma Oli លាលែង​ពី​តំណែង ហើយ​សង​មក​វិញ​នូវ​អាយុជីវិត​មនុស្ស ១៩​នាក់។ ចំណែក​អ្នក​ត្រូវ​ចាប់​ខ្លួន​រាប់​រយ​នាក់ ត្រូវតែ​ដោះលែង។ បាតុករ​បាន​ស្រែក​ថា មិន​ទុក​ឱ្យ​មេដឹកនាំ​លួច​ជាតិ​នៅ​បន្ត​ដឹកនាំ​ប្រទេស​ទៀត​ឡើយ។

បើ​សារព័ត៌មាន NDTV World នៃ​ប្រទេស​ឥណ្ឌា សូម្បី​ប្រធានាធិបតី Ram Chandra Poudel ក៏​ជា​គោលដៅ​នៃ​ការ​ទាមទារ​ឱ្យ​ចុះ​ចេញពី​តំណែង​ដែរ។

ប្រជាជន​នេប៉ាល់ ភាគច្រើន​ជា​យុវជន បាន​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ចន្ទ ទី​៨ កញ្ញា ដើម្បី​ប្រឆាំង​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល​ដែល​បាន​បិទ​ខ្ទប់​បណ្ដាញ​សង្គម​ចំនួន ២៦ មាន​ដូចជា Facebook, Youtube ជាដើម។

ថ្ងៃ​ចន្ទ ទី​៨ កញ្ញា និង​ចូល​មក​ដល់​ថ្ងៃ​អង្គារ ទី​៩ កញ្ញា ការ​ប្រឈមមុខ​ដាក់​គ្នា​យ៉ាង​ហិង្សា បាន​កើត​មាន​នៅ​ទីក្រុង Kathmandu រវាង​កង​សមត្ថកិច្ច និង​ក្រុម​បាតុករ​យុវជន​នេប៉ាល់​ច្រើន​ពាន់​នាក់។ សមត្ថកិច្ច​នគរបាល​នេប៉ាល់ បាន​ប្រើ​គ្រាប់បែក​ផ្សែង​បំបែក​ហ្វូង​បាតុករ ដែល​ព្យាយាម​សម្រុក​ចូល​ទៅ​ក្នុង​តំបន់​ហាមឃាត់​ក្បែរ​វិមាន​រដ្ឋសភា។

បាតុកម្ម​របស់​យុវជន​នេប៉ាល់ បាន​ផ្ទុះឡើង​បន្ទាប់ពី​ក្រសួង​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​នេប៉ាល់ បាន​សម្រេច​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ កញ្ញា បិទ​ខ្ទប់​លែង​ឲ្យ​ដំណើរការ​បណ្ដាញ​សង្គម​ចំនួន ២៦ ក្នុង​នោះ​មាន​ដូចជា Facebook, Youtube, X និង Linkedin។ ការ​បិទ​បណ្ដាញ​សង្គម​ធំៗ​នេះ អាជ្ញាធរ​លើក​ហេតុផល​ថា​បណ្ដាញ​សង្គម​ទាំងនេះ មិន​បាន​ចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​កាលបរិច្ឆេទ​កំណត់។ ការ​តម្រូវ​នេះ វា​គឺជា​ជា​អនុវត្ត គោរព​អនុលោម​ទៅ​តាម​សាលក្រម​របស់​តុលាការ​កំពូល​នេប៉ាល់ កាលពី​ឆ្នាំ​២០២៣។

យ៉ាងណាក៏ដោយ ប្រជាជន​នេប៉ាល់ និង​យុវជន មិន​ធ្វើ​តាម​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល ដោយ​បាន​ចោទ​ថា រដ្ឋាភិបាល​កំពុង​ប្រើ​ល្បិច​បិទ​ខ្ទប់​សិទ្ធិ​សេរីភាព​ប្រជាជន។ មិន​ត្រឹម​ប៉ុណ្ណោះ​ទេ បាតុករ​ខ្លះ​បាន​អះអាង​ប្រាប់​អ្នកកាសែត​ថា បាតុកម្ម​របស់​ពួកគេ​បាន​ផ្ទុះឡើង មិនមែន​ត្រឹមតែ​ដើម្បី​ប្រឆាំង​នឹង​ការ​បិទ​ខ្ទប់​បណ្ដាញ​សង្គម​ប៉ុណ្ណោះ​ទេ តែ​គឺ​ដើម្បី​ប្រឆាំង​នឹង​អំពើពុករលួយ​នៅ​តាម​ស្ថាប័ន​រដ្ឋ​នេប៉ាល់ ព្រមទាំង​ប្រឆាំង​ការ​ពង្រឹង​អំណាច​ផ្ដាច់ការ៕

© 2025, . All rights reserved.