មន្ត្រីពន្ធនាគារថៃ នៅថ្ងៃអង្គារ ទី៩ ខែកញ្ញា បានឱ្យដឹងថា សមត្ថកិច្ចបាននាំខ្លួនអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ទៅដល់ពន្ធនាគារក្នុងទីក្រុងបាងកក ហើយ បន្ទាប់ពីតុលាការកំពូលចេញសាលក្រមឱ្យរូបលោកអនុវត្តទោសជាប់ពន្ធនាគារមួយឆ្នាំឡើងវិញ។
តាមមន្ត្រីពន្ធនាគារ លោក ថាក់ស៊ីន ត្រូវបានដាក់ក្នុងរបាំងដែកដើម្បីអនុវត្តទោសជាប់ឃុំរយៈពេលមួយឆ្នាំ។
ក្នុងសវនាការព្រឹកថ្ងៃទី៩ កញ្ញា គឺជាការកាត់ជម្រះសេចក្ដីទៅលើលោក ថាក់ស៊ីន ករណីលោកទៅសម្រាកនៅមន្ទីរពេទ្យនៃស្នងការដ្ឋាននគរបាលក្រុងបាងកក បានមួយឆ្នាំ ដោយចាត់ទុកថាមិនស្របនឹងច្បាប់ ទើបតុលាការកំពូលចេញសាលក្រមសម្រេចថាការអនុវត្តទោសជាប់ឃុំក្នុងមន្ទីរពេទ្យរបស់លោក ថាក់ស៊ីន កាលពីឆ្នាំ២០២៣ ហើយចាត់ទុកថាវាមិនត្រឹមត្រូវតាមផ្លូវច្បាប់។
ក្នុងសាលក្រមនេះ តុលាការកំពូលថៃ បានសម្រេចសេចក្ដីថា៖ «ការបញ្ជូនលោក ថាក់ស៊ីន ទៅកាន់មន្ទីរពេទ្យនគរបាលមិនត្រឹមត្រូវតាមផ្លូវច្បាប់ ហើយជនជាប់ចោទបានដឹងយ៉ាងច្បាស់ថាសុខភាពខ្លួនឯងមិនមែនករណីបន្ទាន់នោះទេ។ តុលាការកំពូលសម្រេចថា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនត្រូវ គឺមិនត្រូវរាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារឡើយ។»
លោក ថាក់ស៊ីន បានធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសថៃ វិញកាលពីថ្ងៃទី៨ កញ្ញា ដែលលោកថាលោកចូលខ្លួនតតាំងក្ដី ឬក៏លោកត្រូវសម្រេចទទទួលទោសឱ្យមានទោស លោកក៏អាចទទួលយកបានដែរ។
ជាករណីពីរផ្ទួនគ្នាលើគ្រួសារលោក ថាក់ស៊ីន គឺកាលពីថ្ងៃទី៣ កញ្ញា អ្នកស្រី ផែថងថាន កូនស្រីពៅរបស់លោក ថាក់ស៊ីន ត្រូវបានដកតំណែងដោយតុលាការធម្មនុញ្ញ គឺជាការបាត់បង់ធំធេងនៃឆាកជីវិតដែលខំបណ្ដុះឱ្យកូនខ្លាំងបានតំណែងដ៏ធំរបស់ជាតិ។ តែនៅពេលនេះ លោក ថាក់ស៊ីន ព្រមទទួលទោសមួយឆ្នាំ គឺជាការបំពេញឆាកជីវិតមហាសេដ្ឋីមានប្រាក់ពាន់លានដុល្លារ ត្រូវប្រកាន់យកដូចនេះ។
យ៉ាងណា ក្រោយការប្រកាសសាលក្រមចប់ លោក ថាក់ស៊ីន ត្រូវបានតម្រូវឲ្យប្តូរសម្លៀកបំពាក់ពីឈុតស៊ីវិល ទៅឈុតអ្នកទោស ដើម្បីអនុវត្តទោសរយៈពេលមួយឆ្នាំដោយឃុំខ្លួននៅមន្ទីរឃុំឃាំង «Bangkok Remand Prison»។
នាយករដ្ឋមន្ត្រីថៃ ដែលទើបជាប់ឆ្នោត ដែលឡើងជំនួសកូនស្រីលោក ថាក់ស៊ីន គឺអ្នកស្រី ផែថងថាន លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បានសម្ដែងការសោកស្តាយចំពោះលោក ថាក់ស៊ីន។ លោកមានការអាណិតឥស្សរជនម្នាក់ដែលមានឋានៈដូចរូបលោក ធ្លាប់គ្រប់គ្រងប្រទេស។ លោកសន្យាមិនមានគំនុំអ្វីទេនឹងលោក ថាក់ស៊ីន ឬគ្រួសារលោក ថាក់ស៊ីន បើទោះជាលោកត្រូវបានអ្នកស្រី ផែថងថាន ដកតំណែងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃក៏ដោយ។
លោក អនុធីន ឆានវីរៈគុល ជាមនុស្សរាប់អានគ្រួសារលោក ថាក់ស៊ីន ពីសម័យមុន។ អតីតភរិយាលោក ថាក់ស៊ីន អ្នកស្រី ផូចាម៉ាន់ ដាម៉ាផង បានផ្ញើបាច់ផ្កាជូនពរអបអរសាទរលោក អនុធីន ឆានវីរៈគុល ហៅក្រៅ នូ មានន័យថាកណ្តុរ ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី៕
© 2025, . All rights reserved.