សហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងឧក្រិដ្ឋជនជនជាតិចិន ជិត ២០នាក់ពីតំបន់អាស៊ីអាគ្នេយ៍ ៩នាក់ពីប្រទេសភូមា និង ១០នាក់ពីប្រទេសកម្ពុជា អនុលោមតាមច្បាប់ Magnitsky Act ដោយហាមឃាត់ក្រុមហ៊ុន និងបុគ្គលទាំងនោះចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក និងការជួញដូរ ផ្ទេរប្រាក់កាសតាមធនាគារផងដែរ។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិក្រៅប្រទេស US Department of the Treasury’s Office of Foreign Assets Control (OFAC) បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នេះថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនចំនួន ៩ នៅក្នុងប្រទេសភូមា និងចំនួន ១០ នៅក្នុងប្រទេសកម្ពុជា ដែលពាក់ព័ន្ធក្នុងគម្រោងឆបោកជនជាតិអាមេរិកាំងក្នុងទំហំទឹកប្រាក់ ១០ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០២៤ កន្លងទៅ។
សហរដ្ឋអាមេរិកបានដៅបុគ្គលឈ្មោះ She Zhijiang មានសញ្ជាតិភូមា និងកម្ពុជា គឺជាអ្នកបង្កើតគម្រោងបោកប្រាស់នេះឡើង ហើយក៏ជាម្ចាស់ភាគហ៊ុនធំជាងគេដែរ ដែលមានដំណើរការមកអស់រយៈពេលជាច្រើនឆ្នាំ ក្រោមឈ្មោះក្លែងក្លាយរាប់មិនអស់។
មុខរបរបោកបញ្ឆោតធ្វើឡើងក្នុងទម្រង់បំណុល អំពើហិង្សា ការគំរាមកំហែងតាមពេស្យាចារ ការគំរាមកំហែងតាមរយៈការផ្ញើសារដោយផ្ទាល់ទៅកាន់ទូរសព្ទរបស់ជនរងគ្រោះ និងការសន្យាផ្តល់ការងារក្លែងក្លាយ ជាដើម។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បង្ហាញថា រដ្ឋការអាមេរិកាំងបានដាក់ទណ្ឌកម្មលើឧក្រិដ្ឋជនជនជាតិចិនមួយចំនួននៅកម្ពុជា ដូចជាឈ្មោះ Dong Lecheng ឈ្មោះ Xu Aimin ឈ្មោះ Chen Al Len និងឈ្មោះ Su Liangsheng រួមជាមួយនឹងក្រុមហ៊ុនចំនួន ៦ ផ្សេងទៀតផងដែរ ដែលជាបណ្ដាញរបស់ពួកគេ ដោយប្រើសណ្ឋាគារ ប្លុកការិយាល័យ និងកាស៊ីណូ ធ្វើជាកន្លែងឆបោក។
ប្រភពដដែល អះអាងថា ក្រុមហ៊ុនទាំងនោះមានដូចជា ក្រុមហ៊ុន T C Capital Co. Ltd (T C Capital) ដែលមានទីតាំងនៅក្នុងក្រុងព្រះសីហនុ មានទាំងកាស៊ីណូ Golden Sun Sky Casino និងសណ្ឋាគារផងដែរ ដែលបង្កើតឡើងដោយឧក្រិដ្ឋជនឈ្មោះ Dong Lecheng (Dong)។ ជាងនេះទៀត ក្រុមហ៊ុន K B Hotel Co. Ltd (K B Hotel) ក៏មានទីតាំងក្នុងខេត្តព្រះសីហនុ ដែរ ដែលត្រូវបានបង្កើតឡើងដោយជនជាតិចិន ឈ្មោះ Xu Aimin (Xu) ដែលគ្រប់គ្រងលើអគារជាច្រើន រួមមាន ប្លុកការិយាល័យ សណ្ឋាគារ និងកាស៊ីណូ ដែលជនរងគ្រោះត្រូវបានបង្ខំឱ្យធ្វើការបោកប្រាស់តាមអនឡាញ។
ឧក្រិដ្ឋជនឈ្មោះ Xu Aimin ត្រូវគេរកឃើញថាជាម្ចាស់ក្រុមហ៊ុន K B X Investment Co. Ltd. (K B X Investment) ដែលជាក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជា ហើយក៏ជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន HH Bank Cambodia plc (HH Bank) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា ផងដែរ ដែលមានដៃគូសហការជាមួយឧក្រិដ្ឋជនម្នាក់ទៀតឈ្មោះ Chen Al Len (Chen)។ Chen Al Len (Chen) ត្រូវគេដឹងថាជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ K B Hotel និងជានាយកក្រុមហ៊ុន Heng He Bavet Property Co. Ltd (Heng He Bavet)។
ក្រុមហ៊ុន Heng He Bavet គឺជាក្រុមហ៊ុនគ្រប់គ្រងលើកាស៊ីណូ រួមទាំងអគារដែលជាបណ្ដាញរបស់ខ្លួនជាច្រើននៅក្រុងបាវិត ក្នុងប្រទេសកម្ពុជា។
ឧក្រិដ្ឋជនឈ្មោះ Su Liangsheng (Su) ត្រូវគេដឹងថាក៏ជាអ្នកដឹកនាំក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន M D S Heng He Investment Co. Ltd (M D S Heng He) ផងដែរ។
ក្រុមហ៊ុន M D S Heng He បានបង្កើតគម្រោងបោកប្រាស់ដ៏ធំមួយនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងប្រទេសកម្ពុជា ហើយគម្រោងនេះត្រូវបានគ្រប់គ្រងដោយឧកញ៉ា ទ្រី ភាព ដែលជាមហាសេដ្ឋីកម្ពុជា។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បញ្ជាក់ថា ឧស្សាហកម្មបោកប្រាស់តាមអ៊ីនធឺណិតនៅអាស៊ីអាគ្នេយ៍ មិនត្រឹមតែគំរាមកំហែងដល់សុខុមាលភាព និងសន្តិសុខហិរញ្ញវត្ថុរបស់ជនជាតិអាមេរិកាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់មនុស្សរាប់ពាន់នាក់ឱ្យក្លាយជាទាសករសម័យទំនើបផងដែរ ខណៈជនជាតិអាមេរិកាំងបានក្លាយជាគោលដៅក្នុងអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) សរសេរលើបណ្ដាញសង្គម X កាលពីថ្ងៃទី៨ កញ្ញា នេះថា មជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅអាស៊ីអាគ្នេយ៍ បានលួចលុយជាង ១០ពាន់លានដុល្លារពីជនជាតិអាមេរិកាំងកាលពីឆ្នាំមុន។
សេចក្តីរាយការណ៍ពីក្រុមពិភាក្សាស្រាវជ្រាវអំពីមនុស្សជាតិ Humanity Research Consultancy តាក់តែងដោយលោក Jacob Sims ផ្សាយក្នុងខែឧសភា ឆ្នាំ២០២៥ បានបង្ហាញថា មុខរបរឧក្រិដ្ឋបែបឆបោកតាមអន្តរបណ្ដាញ មានទាក់ទិននឹងក្រុមឧកញ៉ា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមានអំណាចមួយចំនួនដែរ។ គេប៉ាន់ប្រមាណថា ចំណូលបានពីមុខរបរខ្មៅងងឹតនេះ រកចំណូលបានពី ១២ ដល់ ១៩ពាន់លានដុល្លារក្នុងមួយឆ្នាំ ឬប្រមាណ ៦០% នៃផលទុនក្នុងស្រុកសរុប GDP។ ចំណូលបានពីការនាំចេញសម្លៀកបំពាក់ទៅផ្សារអន្តរជាតិ បានតែប្រមាណ ១៣ពាន់លានដុល្លារប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិករូបនេះ បញ្ជាក់ថា ជាការឆ្លើយតប ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបុគ្គល និងអង្គភាពនានាដែលជាប់ពាក់ព័ន្ធទៅនឹងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងប្រទេសភូមា និងប្រតិបត្តិការការងារដោយបង្ខំនៅក្នុងប្រទេសកម្ពុជា។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំការបំភ្លឺពីបញ្ហានេះបាននៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ៕
© 2025, . All rights reserved.