ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​រាជាណាចក្រ​កម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin)

នយោបាយ

ឯកអគ្គរដ្ឋទូត​ចិន៖ ទំនាក់ទំនង​ចិន-កម្ពុជា​បាន​វិវឌ្ឍ​ទៅ​ជា​សហគមន៍​វាសនា​រួម​គ្រប់​រដូវកាល​ក្នុង​យុគសម័យ​ថ្មី

By ឌឹ ខេមបូឌា ដេលី

September 15, 2025

ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា លើកឡើង​ថា ទំនាក់ទំនង​ចិន-កម្ពុជា បាន​វិវឌ្ឍ​ទៅ​ជា​សហគមន៍​វាសនា​រួម​រវាង​ចិន-កម្ពុជា​គ្រប់​រដូវកាល​ក្នុង​យុគសម័យ​ថ្មី ហើយ​ក៏​ជា​និមិត្តរូប​នៃ​ទំនុកចិត្ត និង​សាមគ្គីភាព​ដ៏​ជ្រាលជ្រៅ​រវាង​ប្រទេស​ទាំង​ពីរ។

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិនពីន (WANG Wenbin) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១០ ខែ​កញ្ញា នេះ​ថា ទំនាក់ទំនង​រវាង​ចិន-កម្ពុជា បាន​បើក​នូវ​ចក្ខុវិស័យ​នៃ​ការ​អភិវឌ្ឍ​កាន់តែ​ទូលំទូលាយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។

លោក វ៉ាង វិនពីន លើកឡើង​ថា នៅ​ក្នុង​វិស័យ​តភ្ជាប់​បណ្ដាញ​ទូរគមនាគមន៍ ប្រទេស​ទាំង​ពីរ​នឹង​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​ដោយ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារ និង​ការ​តភ្ជាប់​បណ្ដាញ​ទូរគមនាគមន៍​ឌីជីថល​ផង​ដែរ។

ឯកអគ្គរដ្ឋទូត​ចិន​រូប​នេះ បញ្ជាក់​ថា ចិន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​សណ្ដាប់ធ្នាប់​អន្តរជាតិ​ដោយ​សន្តិវិធី បន្ទាប់ពី​សង្គ្រាម​ឈ្លានពាន​របស់​ជប៉ុន និង​សង្គ្រាម​ប្រឆាំង​ហ្វាស៊ីស​ពិភពលោក ដោយ​ផ្អែក​លើ​គោលបំណង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ និង​សមភាព​អធិបតេយ្យភាព ការ​គោរព​គ្នា​ទៅវិញ​ទៅមក និង​កិច្ចសហប្រតិបត្តិការ​ជោគជ័យ​រួម។

ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ កញ្ញា នេះ​ថា ជម្រើស​ល្អ​បំផុត​របស់​កម្ពុជា គឺ​ត្រូវ​រក្សា​អព្យាក្រឹត្យ​រាល់​ទំនាក់ទំនង​នយោបាយ​ការទូត​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់ ទោះ​ក្នុង​លក្ខខណ្ឌ​ណា​ក៏ដោយ។

លោក​បន្ត​ថា ក្នុង​ស្ថានភាព​ដែល​សណ្ដាប់ធ្នាប់​ពិភពលោក​កំពុង​មាន​ភាព​ផុយ​ស្រួយ​នា​ពេលនេះ កម្ពុជា​មិន​ត្រឹមតែ​ត្រូវ​បន្ត​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជុំវិញ​នយោបាយ​ការទូត​អន្តរជាតិ​ទេ ប៉ុន្តែ​កម្ពុជា​ក៏​ត្រូវ​ប្រើ​នយោបាយ​ការទូត​ទាំងនេះ ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ការពារ​ខ្លួន ទាំង​សេដ្ឋកិច្ច និង​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ដែរ។

លោក​បញ្ជាក់​ថា បទពិសោធន៍​នយោបាយ​ការទូត​ក្នុង​អតីតកាល​ដែល​នាំ​កម្ពុជា​ឱ្យ​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម បាត់បង់​ទឹកដី បាត់បង់​ផល​ប្រយោជន៍​ជាតិ បាត់បង់​ជីវិត​មនុស្ស ល្មម​គ្រប់គ្រាន់​ឱ្យ​កម្ពុជា​រៀនសូត្រ និង​បញ្ចៀស​សោកនាដកម្ម​ទាំងនេះ​បាន​ហើយ​ទៅ​ថ្ងៃ​មុខ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៥ ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជុំវិញ​កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​បូក ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) បាន​ប្ដេជ្ញា​លើក​កម្ពស់​កម្រិត​ទំនាក់ទំនង​ដើម្បី​ធានា​ឱ្យ​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ ទទួល​បាន​ផល​ប្រយោជន៍​ជាក់ស្តែង​សម្រាប់​ប្រជាជន​ទាំង​ពីរ និង​ដើម្បី​រួម​ចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់ និង​ពិភពលោក៕

© 2025, . All rights reserved.