មន្ត្រីជាន់ខ្ពស់ក្នុងក្រសួងបរិស្ថានជាច្រើននាក់ ស្នើសុំនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដកតំណែងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ដោយសាររដ្ឋមន្ត្រីរូបនេះបានធ្វើឱ្យបែកបាក់ផ្ទៃក្នុងរបស់ក្រសួង និងប្រើអំណាចគាបសង្កត់មន្ត្រីថ្នាក់ក្រោម។
មន្ត្រីជាច្រើននាក់នៃក្រសួងបរិស្ថាន បានសរសេរលិខិតមកកាន់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី១២ កញ្ញា នេះថា សព្វថ្ងៃនេះ ក្រសួងបរិស្ថានក្លាយជាសមរភូមិគួរឱ្យភ័យខ្លាច និងបែកបាក់សាមគ្គីធ្ងន់ធ្ងរ ព្រោះលោក អ៊ាង សុផល្លែត កំពុងបំបែកបំបាក់ និងកម្ចាត់មន្ត្រីថ្នាក់ក្រោមដែលមិនមែនជាបក្ខពួករបស់គាត់គ្រប់រូបភាព។
ប្រភពដដែលបន្តថា លោក អ៊ាង សុផល្លែត បានផ្លាស់ប្ដូរមន្ត្រីពីនាយកដ្ឋានមួយទៅនាយកដ្ឋានមួយតាមអំពើចិត្ត និងតាមអារម្មណ៍របស់គាត់ ដោយមិនគិតពីជំនាញ និងបទពិសោធអ្វីទាំងអស់។ លើសពីនេះ ក៏តែងតាំងតែមន្ត្រីដែលមានប្រវត្តិប្រព្រឹត្តអំពើពុករលួយ ឱ្យកាន់តួនាទីសំខាន់ៗក្នុងក្រសួងថែមទៀត។ ចំណែកមន្ត្រីដែលមានសមត្ថភាព និងបទពិសោធ ត្រូវបានទុកចោល មិនមានការងារធ្វើ ខណៈមន្ត្រីខ្លះទៀតក៏ត្រូវរដ្ឋមន្ត្រីដែលពោរពេញដោយអំណាចម្នាក់នេះ បញ្ចប់ក្របខ័ណ្ឌពួកគេ ដោយប្រើលេសផ្សេងៗទម្លាក់កំហុសមិនសមហេតុផលផងដែរ។
មន្ត្រីទាំងនេះអះអាងថា រដ្ឋលេខាធិការរបស់ក្រសួងបរិស្ថានមួយចំនួនដែលជាបក្ខពួករបស់លោក អ៊ាង សុផល្លែត តែងប្រើសម្ដីគ្មានសីលធម៌ ចរិតច្រងេងច្រងាង និងធ្វើការគ្មានការទទួលខុសត្រូវ ដែលបង្កការលំបាកដល់វិស័យឯកជនគ្រប់បែបយ៉ាង ក្រោមការប្រព្រឹត្តអំពើពុករលួយរបស់ពួកគេ។
លើសពីនេះ ក្រុមហ៊ុនជាច្រើនក៏បង្ហាញការមិនពេញចិត្តចំពោះការដឹកនាំការងារមិនបានល្អរបស់ក្រសួង រួមទាំងអត្តចរិតរបស់លោក អ៊ាង សុផល្លែត ដែរ ព្រោះគាត់ជាមនុស្សមានចរិតឆេវឆាវ អំនួត វាយឫកជាអភិជន ទៅលើក្រុមហ៊ុនឯកជន រួមទាំងមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនថែមទៀត។
ជាងនេះទៀត ដៃគូអភិវឌ្ឍន៍មួយចំនួនតែងតែរិះគន់អំពីការលំបាកក្នុងកិច្ចសហការ និងការអនុវត្តការងារជាមួយក្រសួងជាបន្តបន្ទាប់ ព្រោះភាគច្រើន លោក អ៊ាង សុផល្លែត ធ្វើការតាមអារម្មណ៍ និងតាមការនឹកឃើញរបស់គាត់ ហើយការធ្វើបែបនេះ នឹងមិនមាននិរន្តរភាពសម្រាប់ការងាររបស់ក្រសួងឡើយ។
ប្រភពដដែល គូសបញ្ជាក់ថា មន្ត្រីទាំងនោះបានបម្រើការនៅក្រសួងបរិស្ថាន ជិត ៣០ឆ្នាំហើយ ដែលសុទ្ធសឹងតែជាសកម្មជនគណបក្សប្រជាជនកម្ពុជា និងចង់ឃើញការរីកចម្រើនរបស់ក្រសួង ប្រកបដោយភាពរីករាយ សុខដុមនីយកម្ម និងក្តីសង្ឃឹមសម្រាប់រាជរដ្ឋាភិបាល និងពលរដ្ឋ។
លោក អ៊ាង សុផល្លែត ដែលត្រូវជាកូនប្រសាមន្ត្រីជាន់ខ្ពស់ក្នុងជួរបក្សកាន់អំណាច លោក ជា សុផារ៉ា ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងព្រះរាជក្រឹត្យតែងតាំងសមាសភាពរាជរដ្ឋាភិបាលអាណត្តិទី៧ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ដែលគិតមកទល់នឹងពេលនេះ គឺមានរយៈពេលជាង ២ឆ្នាំហើយ។
កាលពីចុងឆ្នាំ២០២៤ ធ្លាប់មានមន្ត្រីក្នុងក្រសួងបរិស្ថានជាច្រើន ស្នើឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដកតំណែងលោក អ៊ាង សុផល្លែត ម្តងដែរ ប៉ុន្តែការស្នើសុំនេះត្រូវបរាជ័យ។
ជុំវិញបញ្ហានេះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោក អ៊ាង សុផល្លែត បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2025, . All rights reserved.