នាយករដ្ឋមន្ត្រី​ថ្មី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul)

ព័ត៌មានជាតិ

អ្នក​សង្កេតការណ៍៖ ការ​ប្ដេជ្ញាចិត្ត​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ថៃ​ក្នុង​ការ​ធានា​សន្តិភាព​ជាមួយ​កម្ពុជា គឺ​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ

By ឌឹ ខេមបូឌា ដេលី

September 15, 2025

អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ប្ដេជ្ញាចិត្ត​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ក្នុង​ការ​ធានា​នូវ​សន្តិភាព​ជាមួយ​កម្ពុជា គឺជា​រឿង​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ ជាពិសេស​គឺ​សម្រាប់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ថៃ ដែល​មាន​ជាមួយ​កម្ពុជា នា​ពេល​កន្លង​មក​នោះ។

អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កញ្ញា ថា ក្នុង​នាម​ប្រទេស​ជិតខាង​គ្នា មិន​គួរ​ឈ្លោះ​ទាស់ទែង​គ្នា ឬ​ដណ្តើម​ទឹកដី​ប្រទេស​ម្ខាង​ទៀត​រហូត​បង្ក​ទៅ​ជា​សត្រូវ​ប្រើ​អាវុធ​សម្លាប់​គ្នា​ដូច​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​មុន​នោះ​ទេ ព្រោះ​ការ​ធ្វើ​បែប​នេះ គឺ​មាន​តែ​ខាត​ទាំង​សងខាង​ប៉ុណ្ណោះ។

លោក សេក សុជាតិ បញ្ជាក់​ថា បើ​រដ្ឋាភិបាល​ថ្មី​របស់​លោក អនុធីន ឆានវីរៈគុល អាច​ដឹកនាំ​ស្វែងរក​ការផ្សះផ្សា​បាន​កាន់តែ​ឆាប់ គឺ​កាន់តែ​ល្អ ជាពិសេស​ការ​ផ្សះផ្សា​ក្រោម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​កន្លង​មក ដើម្បី​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​ទាំង​សងខាង។

កាលពី​ថ្ងៃទី​១១ កញ្ញា សារព័ត៌មាន​ប្រទេស​ម៉ាឡេស៊ី Bernama បាន​ចុះផ្សាយ​ថា ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​១៩ ស្ដីពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន (AMMTC) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​លើកឡើង​ថា លោក​បាន​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល តាម​ទូរសព្ទ​កាលពី​ដើម​សប្តាហ៍​កន្លង​ទៅ។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បាន​ធានា​ចំពោះ​មុខ​លោក​ថា​នឹង​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ធានា​ថា សន្តិភាព​រវាង​កម្ពុជា និង​ថៃ ដែល​ត្រូវ​បាន​គោរព និង​ផ្តល់​តម្លៃ​ពេញលេញ។

ជុំវិញ​បញ្ហា​នេះ ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ​ថា រដ្ឋាភិបាល​អង់គ្លេស លើក​ទឹកចិត្ត​ឱ្យ​ភាគី​ទាំង​ពីរ​បន្ត​អនុវត្ត​ផែនការ​ដែល​បាន​ព្រមព្រៀង​គ្នា ហើយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជាបន្តបន្ទាប់​របស់​អាស៊ាន​ក្នុង​ការ​លើក​កម្ពស់​សន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​អះអាង​ក្នុង​លិខិត​អបអរ​សាទរ​លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) កាលពី​ថ្ងៃទី​៧ ខែ​កញ្ញា ថា កម្ពុជា​ទន្ទឹម​រង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ ដើម្បី​ស្ដារ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ ឱ្យ​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើងវិញ៕

© 2025, . All rights reserved.