អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា

ព័ត៌មានជាតិ

ក្រសួង​ការពារ​ជាតិ​កម្ពុជា ច្រានចោល​ការ​ចោទប្រកាន់​របស់​ភាគី​ថៃ ជុំវិញ​ការ​បង្ហោះ​ដ្រូន​នៅ​តាម​តំបន់​ព្រំដែន

By ឌឹ ខេមបូឌា ដេលី

September 16, 2025

ក្រសួង​ការពារ​ជាតិ​កម្ពុជា ច្រានចោល​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ភស្តុតាង​របស់​ភាគី​ថៃ ជុំវិញ​ការ​បង្ហោះ​ដ្រូន​នៅ​តំបន់​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​ថា​អាច​ធ្វើ​ឱ្យ​កើនឡើង​នូវ​ភាព​តានតឹង។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៥ កញ្ញា ថា ការ​ចោទប្រកាន់​បំភ្លៃ​ខុស​ពី​ការពិត​ពី​សំណាក់​ភាគី​ថៃ មក​លើ​កម្ពុជា អំពី​ការ​បង្ហោះ​ដ្រូន មិន​ត្រឹមតែ​ធ្វើ​ឱ្យ​កើនឡើង​នូវ​ភាព​តានតឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ។

ប្រភព​ដដែល​ស្នើ​ឱ្យ​ភាគី​ថៃ ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដោយ​ចៀសវាង​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង ដែល​ជា​ចំណែក​មួយ​ក្នុង​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព ព្រោះ​កម្ពុជា​មិន​បាន​បង្ហោះ​ដ្រូន​ចូល​ដែន​អធិបតេយ្យភាព​ថៃ ដូច​ការ​ចោទប្រកាន់​ដែល​គ្មាន​ការពិត​នេះ​ឡើយ។

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ប្ដេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​នៅ​ក្នុង​ការ​គោរព​បទ​ឈប់​បាញ់​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី ក៏ដូចជា​ការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​រាល់​ការ​ព្រមព្រៀង​ទាំងឡាយ​ដែល​ភាគី​ទាំង​ពីរ​សម្រេច​បាន​នា​ពេល​កន្លង​មក​នោះ។

កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៥ សារព័ត៌មាន Thai Enquire បាន​ចុះផ្សាយ​ពី​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ភូមិភាគ​២ ថៃ ដែល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា កងកម្លាំង​កម្ពុជា​បាន​ធ្វើ​ចលនា​នៅ​តាម​ព្រំដែន រួម​ទាំង​បង្ហោះ​ដ្រូន​ចំនួន ២២​គ្រឿង ដែល​គេ​បាន​មើល​ឃើញ​នឹង​ភ្នែក​ក្នុង​ចំណោម​ដ្រូន ៥៣​គ្រឿង​ផ្សេង​ទៀត​ដែល​គេ​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក។

ប្រភព​ដដែល បញ្ជាក់​ថា បច្ចុប្បន្ន ទាំង​ទាហាន​ថៃ និង​កម្ពុជា នៅតែ​ដាក់​ពង្រាយ​ក្នុង​ទីតាំង​រៀងៗ​ខ្លួន ខណៈ​កងកម្លាំង​ថៃ បន្ត​យាមកាម​នៅ​ប៉ុស្តិ៍​សង្កេតការណ៍ ដើម្បី​តាមដាន​ស្ថានការណ៍​យ៉ាង​ដិតដល់ និង​ត្រៀម​ឆ្លើយតប​តាម​ការ​ចាំបាច់​គ្រប់​ពេល​ផង​ដែរ ដើម្បី​ការពារ​សន្តិសុខ​ជាតិ។

ជុំវិញ​បញ្ហា​នេះ ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា-ថៃ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៥ កញ្ញា នេះ​ថា រាល់​ថ្ងៃ​នេះ ពួកគេ​តែង​ឮ​សំឡេង​ដ្រូន​ហោះ​លើ​ដំបូល​ផ្ទះ​ជា​ញឹកញាប់ ហើយ​ពួកគេ​ជឿ​ថា នោះ​គឺជា​ដ្រូន​របស់​ទាហាន​ថៃ។

ប្រភព​ពី​ពលរដ្ឋ​ដដែល អះអាង​ថា ការ​ដែល​ពួកគេ​អះអាង​ថា​ដ្រូន​ទាំងនោះ​គឺជា​របស់​កងទ័ព​ថៃ ដោយសារតែ​ពួកគេ​សម្គាល់​ឃើញ​ថា ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​កម្ពុជា-ថៃ រយៈពេល ៥​ថ្ងៃ កាលពី​ចុង​ខែ​កក្កដា មក ដ្រូន​បាន​ហោះ​ចូល​ក្នុង​ភូមិ​របស់​ប្រជាជន​ស៊ីវិល​ជាបន្តបន្ទាប់ ខណៈ​មូលដ្ឋាន​យោធា​កម្ពុជា​ខ្លះ​ក៏​ត្រូវ​រង​ការ​វាយប្រហារ​ដោយ​ដ្រូន​របស់​ថៃ ដែរ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២៥ ដោយ​ហាមឃាត់​ការ​បង្ហោះ​ដ្រូន​គ្រប់​ប្រភេទ ក្រោយ​ពិនិត្យ​ឃើញ​ភាគី​ថៃ បង្ហោះ​ដ្រូន​ស៊ើបការណ៍​ជា​រៀង​រាល់​ថ្ងៃ​ដែល​រំលោភ​ចូល​ដែន​អធិបតេយ្យ​របស់​កម្ពុជា។

ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ហាមឃាត់​មិន​ឱ្យ​មាន​ការ​បង្ហោះ​ដ្រូន​នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ ខេត្ត​ព្រះវិហារ ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​ពោធិ៍សាត់ ខេត្ត​កោះកុង ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ ចាប់ពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២៥ តទៅ រហូត​មាន​ការ​ជូនដំណឹង​ជា​ថ្មី៕

© 2025, . All rights reserved.