ក្រសួងបរិស្ថាន ចុះរុះរើសំណង់ខុសច្បាប់នៅតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសុមៈ ឬ គិរីរម្យ កាលពីថ្ងៃទី១៤ ខែកញ្ញាក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែកញ្ញា បន្ទាប់ពីមានជនខិលខូចលួចឈូសឆាយទន្ទ្រានយកដីព្រៃសាងសង់ធ្វើជាផ្ទះលំហែ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សបានរុះរើផ្ទះលំហែចំនួន ១ខ្នងដែលសង់បាន ៨០% រោងប្រក់តង់ចំនួនពីរ របងបន្លាលួសព័ទ្ធជុំវិញតំបន់ដីព្រៃប្រវែងប្រហែល ១៥០ម៉ែត្រ និងតំបន់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ។
ប្រភពដដែលបានឱ្យដឹងទៀតថា តាមការស្រាវជ្រាវ ជនល្មើសបានឈូសឆាយដីព្រៃ កាប់ដើមឈើ និងសាងសង់ផ្ទះលំហែក្នុងតំបន់ឧទ្យាន ដែលខុសច្បាប់បរិស្ថាន និងធនធានធម្មជាតិត្រង់មាត្រា៨៥០ និងមាត្រា៨៥៥។
ប្រភពដដែលបានអះអាងថា ក្រសួងនឹងមិនលើកលែងដាច់ខាតចំពោះជនល្មើស និងអ្នកពាក់ព័ន្ធក្នុងករណីទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជន។ លោកថា ក្រសួងបរិស្ថានបានសហការជាមួយក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ក្នុងការស្រាវជ្រាវ និងនាំខ្លួនជនល្មើសដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
មាត្រា៨៥៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ចែងថា ការសាងសង់ ឬធ្វើប្រតិបត្តិការគម្រោងបំពានការហាមឃាត់ ជនល្មើសនឹងត្រូវដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ១០០លានរៀល។ ចំណែកមាត្រា៨៥០ ត្រង់ចំណុច «ង» និង «ឌ» ស្ថិតក្នុងបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជនល្មើសនឹងត្រូវដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០លានរៀល ទៅ ៥០០លានរៀល។
ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ គីរីរម្យ គឺជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ពេញនិយមសម្រាប់ទេសចរជាតិ និងអន្តរជាតិ ដែលមានទីតាំងស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ លាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណប្រាំបីម៉ឺនហិកតា៕
© 2025, . All rights reserved.