អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លើកឡើងថា កម្ពុជាមិនអាចប្តឹងថៃ ជុំវិញជម្លោះព្រំដែនលើករណីតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (IJC) បានឡើយ ដោយសារតែភាគីថៃ បានបដិសេធមិនទទួលស្គាល់យុត្តាធិការរបស់តុលាការ។
អតីតនាយទាហានជាន់ខ្ពស់នៃភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ លោក ជុំ ឈាង បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីចុងសប្តាហ៍កន្លងទៅថា កម្ពុជាអាចប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បាន លុះត្រាតែស្ថិតក្រោមលក្ខខណ្ឌពីរ គឺ៖
- ទី១ ភាគីថៃ ព្រមទទួលស្គាល់យុត្តាធិការរបស់ ICJ មុននឹងកម្ពុជាបានប្តឹង។
- ទី២ គឺថៃ ទទួលស្គាល់យុត្តាធិការរបស់ ICJ ក្រោយកម្ពុជាដាក់ពាក្យបណ្ដឹងលើសំណុំរឿងព្រំដែននេះ។
លោកពន្យល់ថា តាមលក្ខខណ្ឌទី១ ភាគីថៃ បានប្រកាសមិនទទួលស្គាល់យុត្តាធិការរបស់ ICJ តាំងពីឆ្នាំ១៩៦០ មកម្ល៉េះ ដូច្នេះកម្ពុជាមិនអាចប្តឹងថៃ ទៅតុលាការ ICJ បានឡើយ។ ចំណែកលក្ខខណ្ឌទី២ បើភាគីថៃ ប្រកាសទទួលស្គាល់យុត្តាធិការតុលាការនេះសាជាថ្មី ទោះបីជាខ្លួនធ្លាប់បដិសេធក៏ដោយ នោះតុលាការនឹងអាចដំណើរការពាក្យបណ្ដឹងរបស់កម្ពុជាបាន ដោយសារភាគីថៃ ឯកភាពទទួលយកការសម្រេចរបស់តុលាការនេះ ដែលគេហៅថា ជាមូលដ្ឋាននៃការពង្រីកសមត្ថកិច្ច។ ប៉ុន្តែទាំងលក្ខខណ្ឌទី១ និងទី២ ហាក់គ្មានសង្ឃឹមឡើយ ដូច្នេះការដឹកដៃភាគីថៃ ទៅតុលាការអន្តរជាតិដោយការព្រមព្រៀងពីភាគីថៃ គឺមិនអាចទៅរួចដាច់ខាត។
លោក ជុំ ឈាង អះអាងថា យោងតាមមាត្រា៩៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ចែងថា សមាជិករបស់អង្គការសហប្រជាជាតិត្រូវក្លាយជាភាគីនៃលក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយស្វ័យប្រវត្តិ ប៉ុន្តែត្រូវតាមមាត្រា៣៦ នៃលក្ខន្តិកៈរបស់តុលាការនេះ។ មាត្រា៣៦ នៃលក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចែងថា គ្រប់ភាគីនៃលក្ខន្តិកៈ ICJ ក្នុងពេលណាក៏បាន ត្រូវធ្វើការប្រកាសទទួលស្គាល់យុត្តាធិការរបស់ ICJ ជាចាំបាច់ ទើប ICJ អាចទទួលយកក្តីរបស់ពួកគេបាន។
ចំណែកមាត្រា៥៣ នៃលក្ខន្តិកៈរបស់តុលាការនេះវិញ បានបញ្ជាក់យ៉ាងច្បាស់ថា ភាគីនៃលក្ខន្តិកៈ ICJ អាចស្នើសុំឲ្យតុលាការដំណើរការលើរឿងក្ដីរបស់ខ្លួនបាន ទោះបីភាគីម្ខាងទៀតមិនព្រមចូលមកតតាំងក្តីក៏ដោយ លុះត្រាតែតុលាការរកឃើញថាភាគីម្ខាងទៀតមិនបានបដិសេធយុត្តាធិការរបស់ខ្លួន រួមទាំងពាក្យបណ្ដឹងរបស់ភាគីដើមបណ្ដឹងមានភស្តុតាង និងស្របទៅតាមច្បាប់ថែមទៀត។
អតីតនាយទាហានជាន់ខ្ពស់នៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររូបនេះ បញ្ជាក់ថា ចំពោះការស្នើសុំតុលាការធ្វើការបកស្រាយអត្ថន័យនៃសាលដីកាទាក់ទងនឹងរឿងប្រាសាទព្រះវិហារ គឺរឹតតែមិនអាចទៅរួចថែមទៀត ព្រោះតុលាការមិនអាចត្រឡប់ទៅធ្វើរឿងដដែលៗបានទេ ខណៈជម្លោះរឿងតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី គឺជាសំណុំរឿងថ្មីដែលនៅក្រៅក្របខ័ណ្ឌនៃសាលដីកាឆ្នាំ១៩៦២ នោះ។
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងថា កម្ពុជាបានប្តឹងថៃ ទៅតុលាការអន្តរជាតិរួចរាល់ហើយជុំវិញសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។
ចំណែកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានអះអាងកាលពីថ្ងៃទី១៦ មិថុនា ដែរថា លិខិតផ្លូវការរបស់កម្ពុជាបានប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចរាល់ហើយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាមិនដកថយពីការប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដាច់ខាត។
យ៉ាងណាក៏ដោយ អតីតនាយករដ្ឋមន្ត្រីស្តីទីថៃ ដែលទើបបញ្ចប់តំណែង គឺលោក ភូមិថាំ វិឆៈយៈឆ័យ បានអះអាងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពេលដែលលោកនៅជារដ្ឋមន្ត្រីការពារជាតិថៃ ថា គោលនយោបាយរបស់ថៃ មិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឡើយ៕
© 2025, . All rights reserved.