រូប​ឯកសារ៖ អ្នកគាំទ្រ​លើក​រូបថត​អ្នកស្រី អ៊ុងសាន ស៊ូជី

ព័ត៌មានអន្តរជាតិ

កូនប្រុស​អ្នកស្រី អ៊ុងសាន ស៊ូជី ចាប់ផ្ដើម​ធ្វើ​ទំនាក់ទំនង​ជាមួយ​មេទ័ព​ចលនា​តស៊ូ​ប្រឆាំង​របប​សឹក​ភូមា

By ឌឹ ខេមបូឌា ដេលី

September 16, 2025

លោក Kim Aris កូនប្រុស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​រនាំង​ដែក​របស់​ពួក​យោធា​ភូមា បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​មេដឹកនាំ​ចលនា​តស៊ូ​ប្រឆាំង​របប​សឹក។

សារព័ត៌មាន​ភូមា DVB ចុះផ្សាយ​នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ថា លោក Kim Aris បាន​ធ្វើ​ជំនួប​ជាមួយ​នឹង​ប្រធានាធិបតី​ស្ដីទី​នៃ​រដ្ឋាភិបាល​ឯកភាព​ជាតិ​ភូមា លោក Duwa Lashi La កាលពី​ថ្ងៃ​អាទិត្យ ទី​១៤ កញ្ញា។ ជំនួប​ដូច​គ្នា​នេះ​បន្ទាប់ពី​លោក Kim Aris កូនប្រុស​ជ័យលាភី​ណូបែល​សន្តិភាព បាន​ជួប​ជាមួយ​អគ្គមេបញ្ជាការ​កងទ័ព​ជាតិ Arakan លោក Twan Mrat កាលពី​ថ្ងៃទី​៦ ខែ​កញ្ញា។

តែ​ជំនួប​របស់​លោក Kim Aris ធ្វើឡើង​តាម​បណ្ដាញ Online ខណៈ​លោក Kim Aris ស្ថិត​នៅ​ក្រៅ​ប្រទេស។ លោក Kim Aris បាន​បង្ហាញ​សំណេរ​របស់​លោក​តាម​បណ្ដាញ​សង្គម ដែល​លោក​បាន​និយាយ​ថា មាន​តែ​រួម​កម្លាំង​គ្នា​ទេ ទើប​អាច​ដណ្ដើម​បាន​សេរីភាព ភាព​ថ្លៃថ្នូរ និង​យុត្តិធម៌​សម្រាប់​ប្រជាជាតិ​ភូមា។

លោក Kim បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​ចលនា​តស៊ូ​ប្រឆាំង​របប​សឹក​នៅ​ភូមា ដោយ​បាន​ផ្ដោត​ទៅ​លើ​សេចក្ដី​ត្រូវការ​ជាបន្ទាន់​សម្រាប់​ជំនួយ​មនុស្សធម៌​ដល់​គ្រួសារ​អ្នក​តស៊ូ ដែល​ត្រូវ​ពួក​យោធា​ចាប់​ឃុំ​ខ្លួន​ចាប់តាំងពី​ការ​បះបោរ​ប្រឆាំង​រដ្ឋប្រហារ​យោធា​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២១។

លោក​ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​ពង្រឹង​ការ​តស៊ូ​រវាង​ក្រុម​រដ្ឋាភិបាល​ឯកភាព​ជាតិ​ភូមា និង​ចលនា​តស៊ូ​របស់​ក្រុម​កងទ័ព​ជាតិ Arakan ដើម្បី​ប្រឆាំង​របប​សឹក​ឱ្យ​មាន​ភាព​ខ្លាំង ខណៈ​របប​រដ្ឋប្រហារ​នេះ​ដាក់​ចេញ​ផែនការ​បោះឆ្នោត​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ ឬ​នៅ​ខែ​មករា ឆ្នាំ​២០២៦ ដែល​លោក​ប្រកាស​មិន​ទទួលស្គាល់​ការ​បោះឆ្នោត​ណា​មួយ​ដែល​ធ្វើឡើង​នៅ​ពេល​ប្រទេស​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​នោះ។

លោក Kim Aris អាយុ ៤៨​ឆ្នាំ​នៅ​ឆ្នាំ​២០២៥ នេះ។ លោក​មាន​សញ្ជាតិ​អង់គ្លេស ព្រោះ​ឪពុក​របស់​លោក​ជា​ជនជាតិ​អង់គ្លេស។ សព្វថ្ងៃ លោក Kim កំពុង​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស។ ឪពុក​របស់​គាត់ គឺ​លោក Michael Aris ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី ស៊ូជី នៅ​ឆ្នាំ​១៩៧២។

កាលពី​ថ្ងៃទី​៤ កញ្ញា លោក Kim Aris បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នកស្រី អ៊ុងសាន ស៊ូជី ជាបន្ទាន់ ដែល​លោក​ថា​អ្នកស្រី​កំពុងតែ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។ បើ​តាម​រដ្ឋាភិបាល​ឯកភាព​ជាតិ​ភូមា របប​សឹក​ភូមា មិន​បាន​ផ្ដល់​ការ​ព្យាបាល​គ្រប់គ្រាន់​ចំពោះ​អ្នកស្រី ស៊ូជី នោះ​ទេ។

លោក Michael Aris និង​រដ្ឋាភិបាល​ឯកភាព​ជាតិ​ភូមា ក៏​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាងណា​ឱ្យ​អ្នកស្រី ស៊ូជី ទទួល​បាន​ការ​ព្យាបាល​គ្រប់គ្រាន់ និង​មាន​របប​អាហារ​ទៀងទាត់។

អ្នកស្រី អ៊ុងសាន ស៊ូជី មាន​អាយុ ៨០​ឆ្នាំ​ហើយ​នៅ​ឆ្នាំ​២០២៥ នេះ។ អ្នកស្រី​បាន​ឆ្លងកាត់​ការ​រស់នៅ​ក្នុង​រនាំង​ដែក​របស់​ពួក​យោធា​សរុប​ជាង ៣៣​ឆ្នាំ​មក​ហើយ។

តែ​យ៉ាងណា អ្នក​នាំពាក្យ​របប​សឹក​ភូមា លោក Zaw Min Tun អះអាង​ថា​សុខភាព​អ្នកស្រី ស៊ូជី នៅតែ​រឹងមាំ ហើយ​កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​សុខភាព​ជូន​អ្នកស្រី​ជា​រៀងរាល់​ថ្ងៃ។

កាលពី​ថ្ងៃ​អាទិត្យ ទី​១៤ កញ្ញា នៅ​ទីក្រុង​ញូវយ៉ក មាន​ការ​ប្រគំ​តន្ត្រី​មនុស្សធម៌​មួយ​ដោយ​ក្រុម​តន្ត្រីករ​មកពី​ប្រទេស​ភូមា ដោយ​រៃអង្គាស​បាន​ប្រាក់ ១៣​ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​ដល់​ក្រុម​តស៊ូ​នៃ​ចលនា​ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របប​សឹក ហើយ​ការ​ប្រគំ​តន្ត្រី​ក៏​បាន​ភ្ជាប់​ផង​ដែរ​នូវ​វីរភាព​របស់​សកម្មជន​ប្រជាធិបតេយ្យ​ភូមា ជាពិសេស​ឈ្មោះ​អ្នកស្រី អ៊ុងសាន ស៊ូជី មាន​ភាព​លេចធ្លោ​នៅ​ឆាក​តន្ត្រី៕

© 2025, . All rights reserved.