កងទ័ពជើងទឹកថៃ គំរាមបង្កើនវិធានការប្រឈម ដោយចោទកម្ពុជាថាបានបំពានកិច្ចព្រមព្រៀងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលមិនអើពើរុះរើរចនាសម្ព័ន្ធ និងបំពេញប្រឡាយនៅក្នុងតំបន់ចំនួនបីក្នុងខេត្តត្រាត របស់ថៃ ដែលទល់នឹងស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់កម្ពុជា។
សារព័ត៌មាន The Nation បានចុះផ្សាយនៅថ្ងៃទី១៦ កញ្ញា នេះថា អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃ លោក ផារ៉ាជ រតនាឆៃយ៉ាប៉ាន (Parach Rattanaichaiyapan) បានចេញសេចក្តីប្រកាសព័ត៌មានដោយចោទកងកម្លាំងកម្ពុជា ថាបានបំពាន និងបង្កើតមូលដ្ឋានប្រតិបត្តិការក្នុងទឹកដីថៃ ក្នុងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត ដោយផ្អែកលើផែនទីខ្នាត ១/៥០០០០ ចំណែកពលរដ្ឋកម្ពុជា ក៏បានសង់ផ្ទះ និងប្រើប្រាស់ដីកសិកម្មនៅតំបន់ទាំងបីនេះដែរ។
ប្រភពដដែល អះអាងថា ទោះបីភាគីកម្ពុជា បានដឹងថាតំបន់នេះស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ថៃ ក៏ដោយ ក៏កងកម្លាំងកម្ពុជា នៅតែបន្តទន្ទ្រានកាន់កាប់រហូតមក ខណៈភាគីថៃ បានជូនដំណឹងដល់ភាគីកម្ពុជាម្តងហើយម្តងទៀត ប៉ុន្តែភាគីកម្ពុជាមិនសហការ។
អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃ រូបនេះ បញ្ជាក់ថា តំបន់ទី១ កម្ពុជាបានសាងសង់របងចូលទឹកដីថៃ ប្រមាណ ១៥ម៉ែត្រ ហើយតំបន់ទី២ កម្ពុជាបានទន្ទ្រានចូលក្នុងទឹកដីថៃ ប្រមាណ ១២៥ម៉ែត្រ និងតំបន់ទី៣ កម្ពុជាបានរំលោភលើទឹកដីថៃ ប្រហែល ៣០ម៉ែត្រ ខណៈតំបន់ទាំងនោះគឺជាទឹកដីដែលថៃ ទាមទារតាម MOU 43 ឬអនុស្សរណៈយោគយល់ឆ្នាំ២០០០ រហូតមក។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលកម្ពុជា-ថៃ បន្តកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរតាមលក្ខខណ្ឌដែលបានចែងក្នុងបទឈប់បាញ់។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយច្រានចោលនូវការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ពីបញ្ហានៃការឈរជើង និងការតាំងទីលំនៅរបស់ពលរដ្ឋខ្មែរនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត ភ្លាមៗ។
ប្រភពដដែលអះអាងថា ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចទៅហើយតាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥ របស់កម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងនោះ កម្ពុជាក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ផងដែរ។
ដោយឡែកបញ្ហាដែលនៅសេសសល់ដទៃទៀតដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជាបានលើកសំណើរួចហើយថា បញ្ហាទាំងនេះគួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ស្ដីពីការវាស់វែង និងខណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា កម្ពុជាតែងបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃ នៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងសងខាង។
ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគលើកឡើងថា កងទ័ពថៃ អាចនឹងពង្រីកការឈ្លានពាននៅគ្រប់ខេត្តទាំងអស់ជាប់ព្រំដែនជាមួយកម្ពុជា បើរដ្ឋាភិបាលខ្មែរមិនមានវិធានការជាក់លាក់ រឹងមាំ ច្បាស់លាស់ទេនោះ ព្រោះថៃ ក៏បានប្រើល្បិចកលបែបនេះដើម្បីឈ្លានពាននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានជោគជ័យរួចទៅហើយនោះ។
ប្រភពដដែល បញ្ជាក់ថា ការចោទប្រកាន់របស់កងទ័ពជើងទឹកថៃ លើកងទ័ពកម្ពុជា ពីការកាន់កាប់តំបន់ចំនួន៣ ក្នុងខេត្តត្រាត នេះ ក៏ទំនងជាការបង្វែរចំណាប់អារម្មណ៍នៃការឈ្លានពានរបស់ពួកគេពីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែរ បន្ទាប់ពីទាហានថៃ ទាំងនោះបានរាយបន្លាលួស និងជីកលេណដ្ឋានក្នុងទឹកដីខ្មែរបានសម្រេចនោះ។
ជុំវិញបញ្ហានេះ ពលរដ្ឋខ្មែរបានផ្សាយផ្ទាល់លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកពីសកម្មភាពកងទ័ពថៃ លួចចូលទៅរាយបន្លាលួសជាថ្មីទៀតនៅភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
ពលរដ្ឋនៅភូមិជោគជ័យ រាប់រយនាក់ សហការគ្នារុះរើបន្លាលួសដែលកងទ័ពថៃ ដែលបានពង្រាយ ចេញទាំងអស់ ខណៈទាហានប្រមាណជា ៣០នាក់ក៏បានដកថយត្រឡប់ទៅវិញ៕
© 2025, . All rights reserved.