សារព័ត៌មានបស្ចិមប្រទេស មើលឃើញវិវាទហិង្សារវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ ពីការវាយប្រហារគ្នាតាមអាវុធ ដល់ការតតាំងយ៉ាងហិង្សារវាងកម្លាំងកងទ័ពថៃ និងជនស៊ីវិលខ្មែរជាប្រជាពលរដ្ឋ បានឈានដល់ត្រឹមចំណុចម្ខាងចោទដាក់ម្ខាងទៀតថាជាអ្នករំលោភបំពានទឹកដីរៀងៗខ្លួន ដោយខ្មែរថាថៃ រំលោភដែនដីខ្មែរ ឯថៃថាខ្មែររំលោភដែនដីថៃ។
ទោះជាដូច្នេះក្តី ប្រធានរដ្ឋសភាប្រទេសកម្ពុជា អ្នកស្រី ឃួន សុដារី ប្រាប់ថៃ ឱ្យបញ្ឈប់ការប្រើប្រាស់ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹកនៅក្រៅដែនដីរបស់ខ្លួន ដោយចាត់ទុកការអនុវត្តច្បាប់ព្រៃនេះថាជាការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
អ្នកស្រី ឃួន សុដារី ថ្លែងក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃសភាវិសាមញ្ញលើកទី៤៦ នៃអន្តរសភាអាស៊ាន (AIPA) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៨ ខែកញ្ញា ដោយទាមទារឱ្យថៃ បញ្ឈប់ការប្រើកម្លាំងទាហានប្រឆាំងជនស៊ីវិល និងបញ្ឈប់ការបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា ដើម្បីកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ។
ប្រធានរដ្ឋសភាកម្ពុជារូបនេះ លើកឡើងថា ភាគីថៃ ក៏ត្រូវតែបញ្ឈប់ការឃុំខ្លួនដោយខុសច្បាប់ចំពោះទាហានខ្មែរទាំង ១៨នាក់ និងបញ្ឈប់ការដាក់ពង្រាយលួសបន្លាដោយខុសច្បាប់ចូលក្នុងទឹកដីកម្ពុជាបន្តទៀតដែរ ព្រោះសកម្មភាពទាំងនេះគឺជាការរំលោភបំពានលើបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។
អ្នកស្រី ឃួន សុដារី អំពាវនាវឱ្យភាគីថៃ បោះបង់ចោលនូវការប៉ុនប៉ងកំណត់ព្រំដែនជាឯកតោភាគីដោយកងកម្លាំងយោធា និងងាកមកពិភាក្សាគ្នាតាមរយៈគណៈកម្មការព្រំដែនរួម (JBC) ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិជំនួសវិញ។
កាសែត The Nation របស់ថៃ ចុះផ្សាយនៅថ្ងៃទី១៩ កញ្ញា ថា នៅក្នុងកិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) នៅទីក្រុងកូឡាឡាំពួរ កម្ពុជាបានចោទប្រកាន់ប្រទេសថៃ ថាបានរំលោភលើបទឈប់បាញ់ និងឃុំឃាំងអ្នកទោសសង្គ្រាមដោយខុសច្បាប់ ប៉ុន្តែត្រូវអនុប្រធានទី២ នៃសភាតំណាងរាស្ត្រថៃ លោក ហាឡាត់ ការឆូង (halad Khamchuang) ច្រានចោលទាំងស្រុង។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា សង្គ្រាមកម្ពុជា-ថៃ រយៈពេល ៥ថ្ងៃ កងទ័ពថៃ បានប្រើយន្តហោះចម្បាំង F-16 និងយន្តហោះ Gripen ដោយទម្លាក់គ្រាប់បែក Mk-82 និងគ្រាប់បែក MK-84 លើទឹកដីកម្ពុជា។
ភាគីខ្មែរថាទាហានថៃ ក៏បានប្រើដ្រូនទម្លាក់គ្រាប់បែក M261 និងដ្រូនទម្លាក់គ្រាប់បែក M472 រួមទាំងដ្រូនអត្តឃាត និងដ្រូនឈ្លបការណ៍ផងដែរ។ លើសពីនេះ យោធាថៃ ក៏បានប្រើកាំភ្លើងត្បាល់ កាំភ្លើងធំ គ្រាប់បែកចង្កោម និងយន្តហោះបញ្ចេញផ្សែងពុល មកលើទឹកដីកម្ពុជាថែមទៀត ខណៈកម្ពុជា មិនបានប្រើអាវុធធុនធ្ងន់វាយបកទៅលើថៃ វិញទេ។
សូមបញ្ជាក់ថា ពេលវាយប្រហារគ្នាកាលពីខែកក្កដា កងទ័ពខ្មែរប្រើអាវុធធុនធ្ងន់ BM-21 Grad រ៉ុក្កែតផ្គួប ៤០គ្រាប់ បាញ់ដាក់ភូមិ-ស្រុកក្នុងខេត្តស៊ីសាកេត បណ្តាលឲ្យមានមនុស្សរបួស និងឆេះខូចខាតស្ថានីយប្រេងឥន្ធនៈជាដំណំដែរ។ នេះបើយោងតាមសារព័ត៌មានអូស្ត្រាលី ABC នៅថ្ងៃទី២៤ ខែកក្កដា។
ប្រភពដដែល សង្កត់ធ្ងន់ថា ដោយសារការឈ្លានពានរបស់ថៃ ជនស៊ីវិលខ្មែរ មានកុមារ និងស្ត្រី រួមទាំងកងទ័ព ត្រូវបានសម្លាប់ជាច្រើននាក់ ខណៈប្រជាជនខ្មែរជាង ១៣នាក់ម៉ឺននាក់ ស្មើនឹងជាង ៣ម៉ឺនគ្រួសារ (៣៩៨២៨គ្រួសារ) ត្រូវបានជម្លៀស ក្នុងនោះរួមមាន ស្ត្រីមានផ្ទៃពោះ ចាស់ជរា ជនពិការ និងកុមារផងដែរ។
ជាមួយគ្នានេះ ប្រធានរដ្ឋសភាខ្មែរ ថ្កោលទោសយោធាថៃ ដែលបានប្រើអំពើហិង្សាធ្វើឱ្យប្រជាជនស្លូតត្រង់ និងព្រះសង្ឃរងរបួសធ្ងន់ស្រាលជិត ៣០រូប នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃពុធ ទី១៧ ខែកញ្ញា។
រដ្ឋសភាប្រទេសកម្ពុជា សម្ដែងការខកចិត្តចំពោះភាគីថៃ យ៉ាងខ្លាំង ដែលបន្តធ្វើសកម្មភាពនានាដោយរំលោភយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់គ្នាកម្ពុជា-ថៃ ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) នាពេលកន្លងមក។
ប្រភពដដែល បញ្ជាក់ថា ទង្វើរបស់កងទ័ពថៃ ទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តនយោបាយ និងការខិតខំប្រឹងប្រែងនានា ដើម្បីស្ដារឡើងវិញនូវសុខសន្តិភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍។
កាសែត ខៅស៊ុត (Khaosod) ចុះផ្សាយនៅថ្ងៃទី១៩ កញ្ញា ដែរថា អភិបាលខេត្តស្រះកែវ លោក ព្រីនយ៉ា ពោធិសាត់ (Prinya Pothisat) បានផ្ញើលិខិតតវ៉ាមួយច្បាប់ទៅកាន់អភិបាលខេត្តបន្ទាយមានជ័យ ទាក់ទងនឹងការទន្ទ្រានយកទឹកដីថៃ របស់ពលរដ្ឋខ្មែរប្រមាណ ១៥០នាក់ ដែលបានប្រមូលផ្ដុំនៅភូមិបានណងចាន់ (Ban Nong Chan) និងបានសាងសង់លំនៅឋាននៅទីនោះ។
អភិបាលខេត្តរូបនេះបញ្ជាក់ថា មន្ត្រីថៃ ត្រូវបង្ខំប្រើសិទ្ធិការពារខ្លួន ហើយក៏បានជូនដំណឹងទៅយោធភូមិភាគទី៥ ខាងប្រទេសកម្ពុជា ឱ្យគ្រប់គ្រងជនស៊ីវិលខ្មែរ និងការពារពួកគេពីការបំពានច្បាប់ថៃ ដែរ តែមិនមានចំណាត់ការអ្វីឡើយ។ ដូច្នេះ ខេត្តស្រះកែវ មានតែត្រូវរក្សាសិទ្ធិការពារអធិបតេយ្យ និងសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ក្រសួងការពារជាតិកម្ពុជា បញ្ជាក់កាលពីថ្ងៃទី១៧ កញ្ញា ថា កងទ័ព និងកម្លាំងចម្រុះថៃ បានបង្ក្រាបទៅលើពលរដ្ឋខ្មែរដែលកងទ័ពថៃ ប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀតចូលទៅព័ទ្ធយកដីដែលប្រជាពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលជាយូរមកហើយ ខណៈសកម្មភាពតវ៉ារបស់ពលរដ្ឋខ្មែរ គឺដើម្បីការពារដីស្របច្បាប់របស់ពួកគេប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានអះអាងថា លោកបានស្នើទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ភ្លាមៗក្រោយផ្ទុះអំពើហិង្សានេះ ឱ្យជួយធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា កាលពីថ្ងៃទី១៨ កញ្ញា នេះ។
ចំណែកប្រធានប្ដូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអះអាងកាលពីថ្ងៃទី១៨ កញ្ញា ថា លោកបានពិភាក្សាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីថៃ រួចហើយ ដោយអំពាវនាវឱ្យថៃ យកបញ្ហាទាំងអស់ដែលកើតឡើងដាក់ចូលតុចរចាតាមរយៈកិច្ចប្រជុំគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដើម្បីបញ្ចៀសនូវការប្រឈមមុខដាក់គ្នាបន្តទៀត។
ព័ត៌មានពីប្រទេសថៃឡង់ដ៍ វិញ ព្រះមហាក្សត្រថៃ បានសព្វព្រះទ័យប្រទានការទទួលយល់ព្រមសមាជិកគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មី ដឹកនាំដោយលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ដែលនឹងប្រកាសអំពីគោលការណ៍នយោបាយនៅថ្ងៃទី២៩ ខែកញ្ញា នេះ។ ជាមួយគ្នានេះ គណៈកម្មាធិការចម្រុះអង្គភាពកងទ័ពថៃ និងនាយករដ្ឋមន្ត្រីស្តីទី បានព្រមព្រៀងគ្នាជាឯកច្ឆន្ទបន្តបិទច្រកព្រំដែនខ្មែរ-ថៃ ដោយឥតមានថ្ងៃកំណត់៕
© 2025, . All rights reserved.