ទិដ្ឋភាព​នៃ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​កង​ចម្រុះ​ថៃ និង​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

ប្រទេស​កម្ពុជា នៅតែ​សង្ឃឹម​អន្តរជាតិ​ជួយ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ថៃ

By ឌឹ ខេមបូឌា ដេលី

September 24, 2025

រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ដែល​គេ​ហៅថា​បុរស​ខ្លាំង​កម្ពុជា បាន​ស្វែងរក​អន្តរាគមន៍​កាន់តែ​ច្រើន​ឡើងៗ​ទៅ​សហគមន៍​អន្តរជាតិ។

គេ​សង្កេត​ឃើញ​សារ​របស់​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត បាន​បញ្ជូន​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២៥ និង​ទៅ​កាន់​ប្រធានាធិបតី​បារាំង ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ចិន ឲ្យ​ជួយ​ដោះស្រាយ​ធ្វើ​យ៉ាងណា​ឲ្យ​ថៃ គោរព​ឱ្យ​បាន​ពេញលេញ​បទ​ឈប់​បាញ់​គ្នា​ដែល​ភាគី​កម្ពុជា និង​ថៃ បាន​ព្រមព្រៀង​គ្នា​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ ក្រោយពី​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​រយៈពេល ៥​ថ្ងៃ។

ក្នុង​ស្ថានភាព​ដែល​គេ​មើល​ឃើញ​កម្ពុជា កំពុងតែ​ទម្លាក់​ខ្លួន​ជា​ជនរងគ្រោះ ហើយ​ស្វែងរក​យុត្តិធម៌​ពី​សហគមន៍​អន្តរជាតិ ក៏​គេ​សង្កេត​ឃើញ​ភាគី​ថៃ មិន​បាន​ថមថយ​នៃ​ការ​បំពារបំពាន​រំលោភ​ព្រំដែន​កម្ពុជា នោះ​ទេ។ ទាហាន​ថៃ នៅតែ​បន្ត​រាយ​លួស​បន្លា​រហូត​ដល់​បាញ់​ប្រហារ​ដោយ​ប្រើប្រាស់​កាំភ្លើង​ខ្យល់ និង​គ្រាប់បែក​ផ្សែង​វាយប្រហារ​មក​លើ​ប្រជាជន និង​ព្រះសង្ឃ​ទៀត​ផង។ យ៉ាងណា ភាគី​ថៃ តែងតែ​លើកឡើង​ថា ភាគី​កម្ពុជា បាន​បំពាន​លើ​អធិបតេយ្យភាព​របស់​ថៃ ទើប​ថៃ ទាមទារ​តំបន់​ដែល​ទាហាន​ថៃ រាយ​លួស​បន្លា​នោះ​ជា​ដែនដី​របស់​ថៃ។

អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​សង្កេតការណ៍​ចេះតែ​គិត​ថា ហេតុ​អ្វី​បាន​ជា​កម្ពុជា មិន​លាតត្រដាង​ឲ្យ​ច្បាស់​ថា​ខ្លួន​មាន​យុត្តិការ​អ្វី​ខ្លះ​ដែល​ត្រូវ​តតាំង​ក្ដី​ចំពោះ​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ថៃ ទៅ​លើ​អធិបតេយ្យ​កម្ពុជា។

កម្ពុជា មាន​សន្ធិសញ្ញា​បារាំង-សៀម រួច​ទៅ​ហើយ ដោយ​មាន​ផែនទី​ខ្នាត ១​លើ ២០០​ពាន់ ដែល​ប្រទេស​ថៃ ទទួលស្គាល់​តាម​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧។ ចុះ​ហេតុ​អ្វី​បាន​ជា​កម្ពុជា មិន​លាតត្រដាង​ផែនទី​ទាំងនេះ​ជា​ផ្លូវការ​ទៅ​កាន់​ស្ថាប័ន​អន្តរជាតិ ដែល​មាន​កាតព្វកិច្ច​ជួយ​ស្វែងរក​ការពិត​ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ?

តើ​កម្ពុជា បាន​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ហើយ​ឬ​នៅ ដែល​ស្ថាប័ន​តុលាការ​មួយ​នេះ​មាន​ដែន​យុត្តាធិការ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ប្រទេស​ដែល​មាន​ជម្លោះ​ព្រំដែន​ជាមួយ​គ្នា?

តើ​កម្ពុជា មាន​បាន​គិត​ថា​ខ្លួន​គួរ​ស្នើ​ទៅ​កាន់​ប្រទេស​បារាំង និង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​សហប្រធាន​សន្និសីទ​ទីក្រុង​ប៉ារីស និង​ជា​ប្រទេស​ផ្ដួចផ្ដើម​ឱ្យ​មាន​សន្តិភាព​សម្រាប់​កម្ពុជា បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​១៩៩១ ដែល​សន្ធិសញ្ញា​នេះ​ក៏​តម្រូវ​ឱ្យ​ប្រទេស​ជិតខាង​កម្ពុជា​ទាំងអស់ គោរព​អធិបតេយ្យភាព​បូរណភាព​ទឹកដី​កម្ពុជា ដោយ​មិន​ត្រូវ​បង្ក​ការ​ឈ្លានពាន​កម្ពុជា​ឡើយ។

ត្រង់​នេះ​ហើយ​ដែល​គេ​មើល​ឃើញ​ថា យន្តការ​ទាំងនេះ​នៅតែ​មាន​តម្លៃ​ចំពោះ​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់។

ជា​ថ្មី​ម្ដង​ទៀត​ក្រោយពី​កម្ពុជា អំពាវនាវ​ឲ្យ​ប្រធាន​អាស៊ាន​ខិតខំ​រុញ​ថៃ ឱ្យ​បញ្ឈប់​ការ​ឈ្លានពាន​ព្រំដែន​កម្ពុជា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន បាន​អញ្ជើញ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ លោក Anutin Charvirakul ឱ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី ក្រោយ​លោក​ឡើង​ដឹកនាំ​ប្រទេស​ថៃ ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​ម៉ាឡេស៊ី Bernama នា​ថ្ងៃ​សុក្រ ទី​១៩​ខែ​កញ្ញា ឆ្នាំ​២០២៥។

លោក អាន់វ៉ា បាន​អញ្ជើញ​លោក Anutin អំឡុង​កិច្ចសន្ទនា​តាម​ទូរសព្ទ​រវាង​មេដឹកនាំ​ទាំង​ពីរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​លោក អាន់វ៉ា បាន​បញ្ជាក់​ថា គឺជា​ផ្នែក​នៃ​កិច្ចប្រឹងប្រែង​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​ជិតស្និទ្ធ​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ ដែល​សង្ឃឹម​ថា​លោក Anutin នឹង​ជួប​លោក អាន់វ៉ា ឆាប់ៗ​នេះ។

លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​បន្ថែម​ថា រូបលោក​ក៏​បាន​ពិភាក្សា​ផង​ដែរ​ជាមួយ​លោក Anutin អំពី​ការ​វិវត្ត​ចុងក្រោយ​នៃ​ស្ថានការណ៍​នៅ​ព្រំដែន​ថៃ-កម្ពុជា ហើយ​នា​ឱកាស​នោះ លោក​បាន​សង្កត់​ធ្ងន់​ពី​សារសំខាន់​ដែល​ភាគី​ទាំងអស់​ត្រូវ​រក្សា​សន្តិភាព និង​ចៀសវាង​បណ្តោយ​ឱ្យ​ការ​ខ្វែង​គំនិត​គ្នា​ណា​មួយ​បង្ក​ជា​ភាព​តានតឹង​ថែម​ទៀត។

លោក អាន់វ៉ា បាន​បន្ត​ទៀត​ថា រូបលោក​បាន​អំពាវនាវ​ថា បញ្ហា​ណា​មួយ​ត្រូវ​ដោះស្រាយ​នៅ​ឯ​តុ​ចរចា​តាមរយៈ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន JBC ហើយ​ម៉ាឡេស៊ី ជឿជាក់​ថា ស្មារតី​នៃ​កិច្ចសន្ទនា ការទូត និង​ការ​យោគយល់​គ្នា​ទៅវិញ​ទៅមក គឺជា​មធ្យោបាយ​ប្រសើរ​បំផុត ដើម្បី​ធានា​បាន​នូវ​សុខ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។

កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ជាមួយ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី តាម​ទូរសព្ទ ដោយ​ស្នើ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់ ដើម្បី​បន្ធូរ​ភាព​តានតឹង​រវាង​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ និង​ប្រជាពលរដ្ឋ​ស៊ីវិល​កម្ពុជា ដោយ​ឱ្យ​រក្សា​ស្ថានភាព​ដដែល កុំ​ឱ្យ​មាន​ការ​រាយ​លួស​បន្លា​បន្ថែម។

ក្រោយ​កងកម្លាំង​ថៃ ប្រព្រឹត្ត​ទង្វើ​យ៉ាង​ព្រៃផ្សៃ​លើ​ពលរដ្ឋ​កម្ពុជា នៅ​ភូមិ​ព្រៃចាន់ សេនានុព័ន្ធ​យោធា​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល​អាស៊ាន IOT ប្រចាំ​ប្រទេស​ថៃ បាន​ជំរុញ​ឲ្យ​ថៃ រក្សា​ភាព​ស្ងប់ស្ងាត់ និង​បញ្ឈប់​រាល់​សកម្មភាព​បង្ក​ហេតុ ហើយ​អំពាវនាវ​ដល់​អាជ្ញាធរ​ថៃ ទុក​បញ្ហា​នេះ​ឲ្យ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ JBC ធ្វើការ និង​ដោះស្រាយ។

លោក Samsul Rizal Bin Musa ប្រធាន​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល​អាស៊ាន IOT បាន​ច្រានចោល​សំណើ​របស់​ថៃ ដែល​ចង់​ឲ្យ​លោក​ទៅ​មើល​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ។ លោក​ទទូច​ថា ភាគី​ទាំង​ពីរ​សូម​បញ្ឈប់​រាល់​សកម្មភាព​បង្ក​ហេតុ ដោយ​ត្រូវ​រង់ចាំ​ការ​ប្រជុំ JBC។

នៅ​ថ្ងៃទី​១៩ កញ្ញា ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn បាន​អនុម័ត​លើ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​នាយករដ្ឋមន្ត្រី Anutin Charnvirakul។ ការ​អនុម័ត​ជា​ផ្លូវការ​របស់​ព្រះមហាក្សត្រ​ថៃ នឹង​បើក​ផ្លូវ​ឱ្យ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​ថៃ ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ចំពោះ​មុខ​ព្រះមហាក្សត្រ ក៏ដូចជា​ធ្វើ​បទ​បង្ហាញ​ពី​គោលនយោបាយ​របស់​ខ្លួន​ទៅ​កាន់​រដ្ឋសភា មុន​នឹង​រដ្ឋមន្ត្រី​ទាំងអស់​អាច​កាន់​តំណែង​ជា​ផ្លូវការ។

ជា​ទម្លាប់ នាយករដ្ឋមន្ត្រី​ប្រទេស​ណា​មួយ​នៃ​សមាគម​អាស៊ាន​ដែល​ទើប​ចូល​កាន់​តំណែង ច្រើន​តែ​ចេញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់ ដើម្បី​ជា​ការ​បង្ហាញ​ពី​ការ​រឹត​ចំណង​ទាក់ទង​ទ្វេភាគី​ឡើងវិញ។

ក្នុង​ន័យ​នេះ​ហើយ​ដែល​លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន បាន​អញ្ជើញ​មុន​គេ​ឱ្យ​លោក Anutin Charnvirakul ដែល​ទើប​ចូល​កាន់​តំណែង​នាយករដ្ឋមន្ត្រី​នៃ​រាជាណាចក្រ​ថៃ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី ព្រោះ​ប្រទេស​ថៃ ក៏​មាន​ព្រំដែន​ជាប់​នឹង​ម៉ាឡេស៊ី ដែរ៕

© 2025, . All rights reserved.