យ៉ាងហោចណាស់ពលរដ្ឋខ្មែរប្រមាណជា ១ពាន់នាក់ ត្រូវបានថៃ ចាប់បញ្ជូនមកប្រទេសកម្ពុជា វិញ ក្រោយពីព្យាយាមលួចឆ្លងដែនខុសច្បាប់ចូលទៅទឹកដីថៃ ចាប់ពីដើមខែកក្កដា ដល់ថ្ងៃទី២៣ ខែសីហា។
មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ លោក ឡឹង សុផុន បានឱ្យដឹងថា មានពលរដ្ឋខ្មែររាប់រយនាក់នៅបន្តលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីប្រទេសថៃ ទោះច្រកព្រំដែនមិនទាន់ឯកភាពឱ្យបើកដំណើរការឡើងវិញក៏ដោយ។
ប្រភពដដែលអះអាងថា មូលហេតុដែលពលរដ្ឋខ្មែរទាំងនោះបង្ខំចិត្តវិលត្រឡប់ចូលទៅទឹកដីថៃ វិញនាពេលនេះ គឺដោយសារតែពួកគេពុំអាចរកការងារធ្វើក្នុងស្រុកបាន និងម្យ៉ាងវិញទៀត តម្លៃប្រាក់ឈ្នួលនៅកម្ពុជា ក៏នៅមានកម្រិត មិនទាន់អាចធានាដល់ការចាយវាយប្រចាំថ្ងៃ និងការសងបំណុលធនាគារ។
លោក ឡឹង សុផុន បានឲ្យដឹងទៀតថា ពលរដ្ឋខ្មែរដែលត្រឡប់ចេញពីថៃ ចូលមកកម្ពុជា វិញក្នុងពេលមានជម្លោះព្រំដែនជិត ១លាននាក់ គឺមានប្រមាណតែ ១៥% ទៅ ២០% ប៉ុណ្ណោះ ដែលទទួលបានឱកាសការងារក្នុងប្រទេសកម្ពុជា។
បើតាមព័ត៌មានពលករខ្មែរឆ្លងដែន បច្ចុប្បន្ននៅតែមានពលករខ្មែររាប់រយនាក់ ទាំងស្រីទាំងប្រុស រួមទាំងកូនក្មេងផង នៅតែបន្តលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ហើយត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនបានជាញឹកញាប់។
ជាមួយគ្នានេះ ហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហោះផងដែរថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរចំនួន ១៣នាក់ ប្រុស ៨នាក់ ត្រូវបានសមត្ថកិច្ចថៃ ខេត្តស្រះកែវ ចាប់ខ្លួនក្រោយពីត្រូវមេខ្យល់នាំឆ្លងដែនខុសច្បាប់។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានប្រាប់អ្នកសារព័ត៌មានថា ពិតជាមានពលរដ្ឋខ្មែរបន្តលួចឆ្លងដែនខុសច្បាប់ចូលទៅទឹកដីថៃ មែន។ លោកថា បច្ចុប្បន្ន ឱកាសការងារនៅក្នុងស្រុកមិនខ្វះទេ គឺនៅសល់ប្រមាណ ៩ម៉ឺនកន្លែងទៀតសម្រាប់ពលរដ្ឋខ្មែរដែលទើបវិលមកពីប្រទេសថៃ វិញ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា រដ្ឋាភិបាលកម្ពុជា គួររៀបចំឱ្យមានស្តង់ដាការងារល្អ ធ្វើឱ្យកម្មករទទួលបានប្រាក់ឈ្នួលសមរម្យ អាចរស់នៅបានក្នុងកម្រិតជីវភាពសមរម្យ។ ក្រសួងការងារ គួររៀបចំឱ្យមានឱកាសការងារថ្មីនៅក្នុងស្រុកឱ្យបានកាន់តែច្រើន ដោយសហការ ឬក៏បង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ឱ្យបង្កើតរោងចក្រសហគ្រាសឱ្យបានច្រើន និងពង្រីកការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យបានកាន់តែច្រើន៕
© 2025, . All rights reserved.