អ្នកជំនាញច្បាប់ និងឧក្រិដ្ឋកម្មអន្តរជាតិ លោក ឆាំង យុ ព្រួយបារម្ភថា កម្ពុជាកំពុងឈានចូលទៅក្នុងស្ថានការណ៍ថ្មីមួយដែលគ្រោះថ្នាក់ជាងមុន ហើយក៏ប្រឈមមុខនឹងផ្លូវឆ្ពោះទៅរកជម្លោះជាបន្តបន្ទាប់ដែរ ដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ តែប្រែក្លាយទៅជាជនរងគ្រោះទាំងសងខាងទៅវិញ។
លោក ឆាំង យុ លើកឡើងនៅថ្ងៃទី២៦ កញ្ញា នេះថា ប្រទេសថៃ កំពុងធ្វើសកម្មភាពគ្រប់រូបភាពក្រោមចេតនាដើម្បីញុះញង់ឱ្យមានសង្គ្រាមជាមួយកម្ពុជា ដោយប្រើប្រាស់វិធានការយោធាក្នុងបំណងសម្រេចឱ្យបាននូវអ្វីដែលពួកគេមិនអាចតទល់ជាមួយកម្ពុជា តាមផ្លូវច្បាប់របស់តុលាការអន្តរជាតិ។
អ្នកជំនាញផ្នែកច្បាប់អន្តរជាតិរូបនេះ បញ្ជាក់ថា ប្រតិបត្តិការ និងសកម្មភាពដ៏គ្រោះថ្នាក់របស់យោធាថៃ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដែលនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែចំពោះប្រជាជនកម្ពុជា និងថៃ តែប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់បណ្តាប្រទេសទាំងអស់នៅក្នុងតំបន់ និងពិភពលោកផងដែរ។
ជម្លោះព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងនៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ប៉ុន្តែជម្លោះនេះបានបន្តរាលដាលពេញព្រំដែនរវាងប្រទេសទាំងពីរ និងបង្កទៅជាជម្លោះសេដ្ឋកិច្ច រហូតក្លាយទៅជាសង្គ្រាមដោយប្រើប្រដាប់អាវុធអស់រយៈពេល ៥ថ្ងៃ កាលពីចុងខែកក្កដា ថែមទៀត។
យ៉ាងណាក៏ដោយ ក្រោយពីមានកិច្ចអន្តរាគមន៍ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ប្រទេសទាំងពីរបានទទួលយកនូវកិច្ចព្រមព្រៀងឈប់បាញ់កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
បែបនេះក្តី ភាគីកម្ពុជា តែងអះអាងថា ទោះបីជាមានបទឈប់បាញ់ចូលជាធរមាន និងមានកិច្ចប្រជុំជាច្រើនផ្សេងទៀតដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងន័យស្វែងរកដំណោះស្រាយដោយសន្តិវិធីយ៉ាងណាក៏ដោយ ក៏ភាគីថៃ នៅតែមិនគោរពតាម។ ផ្ទុយទៅវិញ ថៃ បែរជាបង្កហេតុនៅតាមខ្សែបន្ទាត់ព្រំដែនជាបន្តបន្ទាប់។
កាសែត ខៅស៊ុត (Khaosod) របស់ថៃ បានចុះផ្សាយកាលពីថ្ងៃទី២៥ កញ្ញា ថា អ្នកភូមិខ្មែរក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់នឹងភូមិបានណងចាន់ យ៉ាកែវ (Ban Nong Chan-Nong Ya Kaew) ក្នុងខេត្តស្រះកែវ ប្រទេសថៃ បានធ្វើពិធីបួងសួងដល់វិញ្ញាណក្ខន្ធ និងវត្ថុស័ក្តិសិទ្ធិ សុំយកដីដែលយោធាថៃ បានរាយលួសបន្លាព័ទ្ធយកត្រឡប់មកវិញ។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងជាប្រធានអាស៊ានប្តូរវេន បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៥ ខែកញ្ញា នេះថា លោកបានពិភាក្សាគ្នាតាមទូរសព្ទជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដោយបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការធានានូវសន្តិភាពក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់ថា ប្រទេសម៉ាឡេស៊ី ទន្ទឹងរង់ចាំវត្តមានរបស់លោក ដូណាល់ ត្រាំ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែតុលា ខាងមុខនេះ ដែលវានឹងក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕
© 2025, . All rights reserved.