ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា លោក ហ៊ុន សែន ស្នើឱ្យអភិបាលរាជធានី-ខេត្ត ជ្រើសរើសអតីតយុទ្ធជន និងនិវត្តជនដែលមានលក្ខណសម្បត្តិល្អ ធ្វើជាអ្នកដឹកនាំសហគមន៍ផ្សេងៗ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ។
ថ្លែងក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនៅថ្ងៃទី២៩ កញ្ញា នេះ លោក ហ៊ុន សែន បានស្នើឱ្យអភិបាលរាជធានី-ខេត្ត ជ្រើសរើសអតីតយុទ្ធជន និងនិវត្តជន ដែលមានលក្ខណសម្បត្តិល្អ ធ្វើជាអ្នកដឹកនាំសហគមន៍ផ្សេងៗ។ លោកថា ដោយមើលឃើញពីសក្ដានុពលរបស់អតីតយុទ្ធជន និងនិវត្តជន ដែលរួមចំណែកក្នុងការដឹកនាំសហគមន៍។
លោកអះអាងថា អតីតយុទ្ធជន និងនិវត្តជនមួយចំនួននៅមានកម្លាំង និងសមត្ថភាពក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។
លោក ហ៊ុន សែន អះអាងថា ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធររាជធានី-ខេត្ត ត្រូវផ្ដល់អាទិភាពបញ្ចូលគម្រោងអភិវឌ្ឍន៍អតីតយុទ្ធជន និងនិវត្តជននៅតាមថ្នាក់នីមួយៗ ហើយអាជ្ញាធរដែនដីត្រូវយកចិត្តទុកដាក់ពិនិត្យ និងជ្រើសរើសអតីតយុទ្ធជន និងនិវត្តជនដែលមានលក្ខណសម្បត្តិល្អ ធ្វើជាអ្នកដឹកនាំសហគមន៍ផ្សេងៗ។
លោកបន្តថា អ្នកដឹកនាំសហគមន៍ ដូចជា សហគមន៍នេសាទ សហគមន៍ប្រើប្រាស់ទឹក សហគមន៍ព្រៃឈើ សហគមន៍អភិរក្សសត្វព្រៃ ព្រោះពួកគាត់ចូលនិវត្តន៍នៅអាយុ ៦០ឆ្នាំ ដូច្នេះពួកគាត់កំពុងពេញកម្លាំង ហើយបញ្ញាញាណនៅមានគ្រប់គ្រាន់នៅឡើយ។
ក្រុមអ្នកសង្កេតការណ៍ លើកឡើងថា រដ្ឋាភិបាលក៏ត្រូវយកចិត្តទុកដាក់លើជីវភាពនិវត្តជន អតីតយុទ្ធជនទាំងនោះឱ្យបានល្អប្រសើរផងដែរ ជៀសវាងការយកចិត្តទុកដាក់តែពេលដែលប្រទេសជាតិមានសង្គ្រាម ហើយបោះបង់ពួកគេចោលពេលដែលសង្គ្រាមផុតរលត់។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើអនុក្រឹត្យចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ សម្រេចយកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំជាថ្ងៃប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានលះបង់ដើម្បីជាតិមាតុភូមិ។
សេចក្តីរាយការណ៍ពីរដ្ឋាភិបាល បានបង្ហាញកាលពីពេលកន្លងទៅថា បច្ចុប្បន្ន អតីតយុទ្ធជនខ្មែរមានចំនួនជាង ១សែននាក់ (១០៩០៣៤នាក់) ព្រមទាំងអ្នកនៅក្នុងបន្ទុកជិត ១សែន ៥ពាន់នាក់ផងដែរ (១៤៩០៥៣នាក់) កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ៕
© 2025, . All rights reserved.