បាតុករ​ម្នាក់​ក្នុង​ចំណោម​បាតុករ​ដែល​ស្ថិត​ក្នុង​ក្រុម​យុវជន Gen Z ចូលរួម​យុទ្ធនាការ​សម្អាត បន្ទាប់ពី​ការ​តវ៉ា​ប្រឆាំង​អំពើពុករលួយ នៅ​ទីក្រុង Kathmandu ប្រទេស​នេប៉ាល់ ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៥។

ព័ត៌មានអន្តរជាតិ

នេប៉ាល់ ហាម​មិន​ឱ្យ​នាយករដ្ឋមន្ត្រី​ធ្លាក់​ពី​អំណាច ចាកចេញ​ពី​ទីក្រុង Kathmandu ដោយ​បង្គាប់​ឱ្យ​រង់ចាំ​ឡើង​តុលាការ

By ឌឹ ខេមបូឌា ដេលី

September 30, 2025

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៃ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​នេប៉ាល់ នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ បាន​ដាក់​បម្រាម​ការ​ធ្វើ​ដំណើរ​ទៅ​លើ​លោក KP Sharma Oli ដែល​ត្រូវ​បាន​រុញ​ឱ្យ​ធ្លាក់​ពី​អំណាច​ពី​នាយករដ្ឋមន្ត្រី និង​អតីត​រដ្ឋមន្ត្រី​ជាន់ខ្ពស់ ៤​នាក់​ទៀត ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​ពី​ករណី​បាញ់​សម្លាប់​បាតុករ​នៅ​ក្នុង​ចលនា​បាតុកម្ម​ដ៏​មហិមា​កាលពី​ថ្ងៃទី​៨ កញ្ញា កន្លង​មក​នេះ។

រដ្ឋមន្ត្រី​ជាន់ខ្ពស់ ៤​នាក់​ស្ថិត​ក្នុង​បម្រាម​ការ​ធ្វើ​ដំណើរ រួម​មាន​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក Ramesh អតីត​ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត​ជាតិ លោក Hutaraj Thapa និង​មន្ត្រី​ការិយាល័យ​ជាន់ខ្ពស់​ពីរ​រូប​ទៀត។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia ចុះផ្សាយ​នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា។

តាម​លោក Om Prakash Aryal រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នេប៉ាល់ ឲ្យ​ដឹង​ថា ការ​ហាមឃាត់​នេះ​ត្រូវ​បាន​កំណត់​ឱ្យ​ចូល​ជា​ធរមាន​ហើយ​ចាប់ពី​ថ្ងៃ​ចន្ទ ទី​២៩ ខែ​កញ្ញា នេះ ហើយ​អ្នក​ទាំង ៥​នាក់​នោះ មិន​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​ចេញពី​ទីក្រុង Kathmandu បាន​ទេ លុះត្រាតែ​ពួកគេ​ទទួល​បាន​ការ​យល់ព្រម។

កាលពី​ដើម​ខែ​កញ្ញា រវាង​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៣ មាន​បាតុកម្ម​មួយ​ដ៏​ធំ និង​ដ៏​ហិង្សា រៀបចំ​ដោយ​ក្រុម​យុវជន Gen Z ដែល​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បិទ​មិន​ឱ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម បាន​ទាញ​ទៅ​រក​ការ​សើរើ​បញ្ហា​សេដ្ឋកិច្ច និង​អំពើពុករលួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក KP Sharma Oli។ បាតុកម្ម​នេះ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច ៧៣​នាក់ និង​របួស​ជាង ១៣០០​នាក់។ ជាមួយ​គ្នា​នេះ​ដែរ ហេដ្ឋារចនាសម្ព័ន្ធ អាជីវកម្ម​ជាច្រើន ក៏​បាន​រង​ការ​ខូចខាត និង​ដុត​បំផ្លាញ ក្នុង​នោះ​មាន​ទាំង​ដុត​ផ្ទះ​មន្ត្រី​គ្រាក់ៗ រួម​ទាំង​ហិង្សា​វាយដំ​ទៅ​លើ​រដ្ឋមន្ត្រី​ជាច្រើន​នាក់​របស់​លោក KP Sharma Oli។

បើ​យោង​តាម​សហព័ន្ធ​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នេប៉ាល់ ការ​ដុត​រថយន្ត លំនៅឋាន និង​អគារ​រដ្ឋសភា​ដែល​បន្សល់​ទុក​ពី​អំពើ​កុបកម្ម បាន​ខូចខាត​គិត​ជា​ទឹកប្រាក់​សរុប ៦០០​លាន​ដុល្លារ។

បាតុកម្ម​នៅ​ក្នុង​ប្រទេស​មួយ​នៃ​ទ្វីប​អាស៊ី​ខាងត្បូង​បាន​បញ្ចប់​ដោយ​ភាព​ស្ងប់ស្ងាត់​វិញ បន្ទាប់ពី​អ្នកស្រី Sushila Karki អតីត​ប្រធាន​តុលាការ​កំពូល បាន​ឡើង​ជា​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន។

ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង អ្នកស្រី Sushila Karki បាន​ប្ដេជ្ញាចិត្ត​នឹង​ធ្វើ​តាម​សំណើ​របស់​ក្រុម​យុវជន​នៃ​ចលនា Gen Z ដើម្បី​គាស់​រំលើង​អំពើពុករលួយ និង​ជំរុញ​ការ​គ្រប់គ្រង​ប្រកប​ដោយ​តម្លាភាព ជាមួយ​នឹង​សន្យា​នាំ​ខ្លួន​ជន​ពុករលួយ​ឡើង​តុលាការ ដែល​គេ​រំពឹង​ថា​លោក KP Sharma Oli អាច​នឹង​មាន​ទោស​ទាំង​ក្នុង​សំណុំរឿង​ពុករលួយ និង​ការ​បញ្ជា​ឱ្យ​ប៉ូលិស​បង្ក្រាប​បាតុកម្ម​បង្ក​ឱ្យ​ផ្ទុះ​កុបកម្ម។

នាយករដ្ឋមន្ត្រី​ស្តីទី អ្នកស្រី Sushila Karki ត្រូវ​កាន់​ចង្កូត​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​មួយ​នេះ​រហូត​ដល់​ពេល​មាន​ការ​រៀបចំ​បោះឆ្នោត​ថ្មី នៅ​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៦។

អ្នកស្រី Sushila Karki អាយុ ៧៣​ឆ្នាំ គឺជា​សកម្មជន​សង្គម​ដែល​មាន​ប្រជាប្រិយភាព​ក្នុង​ការ​ប្រឆាំង​នឹង​អំពើពុករលួយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល។

ប្រជាជន​នេប៉ាល់ ជិត ៣០​លាន​នាក់ ត្រូវ​ស្ថិត​នៅ​ក្រោម​ដំបូល​ផ្ទះ​របស់​អ្នកស្រី Sushila Karki ដោយ​រង់ចាំ​រហូត​ដល់​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៦ ទើប​មាន​នាយករដ្ឋមន្ត្រី​ថ្មី​ចេញពី​ការ​បោះឆ្នោត​របស់​សមាជិក​សភា​ថ្មី នឹង​ត្រូវ​ប្រសូត​ឡើង​ដោយ​ឆន្ទៈ​របស់​ប្រជាជន។

គេ​រំពឹង​ថា​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​នៃ​ជួរ​ភ្នំហិម៉ាល័យ នឹង​មាន​គណបក្ស​នយោបាយ​ជំនាន់​ថ្មី​ជាច្រើន​ផុស​រូបរាង​ឡើង ដែល​ពេល​នោះ ក្រុម​បាតុករ​នៃ​ចលនា Gen Z រំពឹង​ថា​នឹង​បំប្លែង​ខ្លួន​ជា​បក្ស​នយោបាយ​ដើម្បី​បាន​តំណាង​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​នេប៉ាល់។

ប៉ុន្តែ​សំណួរ​មួយ​កំពុង​លេច​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​នៅ​នេប៉ាល់ ថា​តើ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៥ របស់​ក្រុម​បក្សពួក​នយោបាយ​លទ្ធិ​ម៉ៅ​និយម អាច​ត្រូវ​បាន​រុះរើ​ឬ​ទេ ហើយ​អាច​ដូរ​ទៅ​របប​រាជា​និយម​ប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ស្ដេច​សោយរាជ្យ ដើម្បី​ជា​និមិត្តរូប​នៃ​ការ​ឯកភាព​ជាតិ គួរ​ស្ដារ​ឡើងវិញ​ឬ​ទេ?

ប្រទេស​នេប៉ាល់ បាន​ឆ្លងកាត់ ១៧​ឆ្នាំ​មក​នេះ រាស្ត្រ​នេប៉ាល់​បាន​ឆ្លងកាត់​បទពិសោធ​ដ៏​ឈឺចាប់​ក្នុង​របប​ប្រជាធិបតេយ្យ​ពុករលួយ ខណៈ​រាជវង្ស Gyanendra ត្រូវ​បាន​ក្រុម​អ្នក​នយោបាយ​ពុករលួយ​ចែក​គ្នា​កាន់​អំណាច​វិល​ជុំ​បំបរបង់​ព្រះអង្គ​ឱ្យ​ភៀស​ព្រះកាយ​ចេញពី​បរមរាជវាំង​ទៅ​ធ្វើ​ស្រែ​ចម្ការ ខណៈ​រាស្ត្រ​ព្រះអង្គ​រងគ្រោះ​ទុក្ខសោក ព្រះអង្គ​បាន​ត្រឹម​បង្ហាញ​ហឫទ័យ​សោកស្ដាយ​ប៉ុណ្ណោះ។

លោក Govinda Raj Pokharel អ្នក​នយោបាយ​ជាន់ខ្ពស់ និង​ជា​អតីត​សមាជិក​សភា​ដែល​ស្ថិត​ក្នុង​បក្ស​ប្រឆាំង​នៃ​ប្រទេស​នេប៉ាល់ ទទួលស្គាល់​ថា​ភាព​ចលាចល​នៃ​ក្រុម​បាតុករ​នៃ​ចលនា Gen Z បាន​កើតឡើង​ដោយសារ​រដ្ឋាភិបាល​កន្លង​មក​បាន​បរាជ័យ​ក្នុង​ការ​ដឹកនាំ​ប្រទេស និង​អភិបាលកិច្ច​មិន​មាន​តម្លាភាព មិន​ស្អាតស្អំ បង្ក​ឱ្យ​សង្គម​នេប៉ាល់ ញាំញី​ដោយ​អំពើពុករលួយ និង​អយុត្តិធម៌​ដ៏​អាក្រក់​បំផុត​ប៉ះពាល់​ធ្ងន់ធ្ងរ​អនាគត​យុវជន ជាពិសេស​យុវជន​គ្រួសារ​ក្រីក្រ៕

© 2025, . All rights reserved.