ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បង្ហាញ​ខ្លួន​ជាមួយ​មេដឹកនាំ​អឺរ៉ុប​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប ក្នុង​ទីក្រុង Copenhagen ប្រទេស​ដាណឺម៉ាក កាលពី​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ២០២៥។ (រូបថត៖ AFP)

ព័ត៌មានអន្តរជាតិ

សហភាព​អឺរ៉ុប ដាក់​ផែនការ​រឹបអូស​ទាំងស្រុង​ទ្រព្យសម្បត្តិ​រុស្ស៊ី នៅ​អឺរ៉ុប ឱ្យ​ទៅ​អ៊ុយក្រែន

By ឌឹ ខេមបូឌា ដេលី

October 03, 2025

ខណៈ​ដែល​មេដឹកនាំ​អឺរ៉ុប និង​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី កំពុង​ជួប​គ្នា​នៅ​ប្រទេស​ដាណឺម៉ាក មាន​ការ​បញ្ចេញ​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា​សហភាព​អឺរ៉ុប កំពុង​ដាក់​ចុះ​នូវ​ផែនការ​បំបែក​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី នៅ​លើ​ទឹកដី​អ៊ុយក្រែន ដោយ​រឹបអូស​ទាំងស្រុង​នូវ​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី នៅ​អឺរ៉ុប ដែល​ត្រូវ​បាន​បង្កក​ក្នុង​ទំហំ​ពី ៣០០​ពាន់​លាន​ទៅ ៣៥០​ពាន់​លាន​ដុល្លារ​អាមេរិក បម្លែង​ជា​ហិរញ្ញវត្ថុ​ទៅ​ឱ្យ​អ៊ុយក្រែន ព្រោះ​ជា​ការ​សង​ការ​ខូចខាត​ប្រទេស​អ៊ុយក្រែន ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​ទីក្រុង​មូស្គូ។

ប៉ុន្តែ​ក្នុង​គម្រោង​នេះ មាន​ការ​ជំទាស់​ខ្លះ​ដែរ​ពី​មេដឹកនាំ​ប្រទេស​មួយ​ចំនួន ដោយ​ទាមទារ​ថា សហភាព​អឺរ៉ុប គួរតែ​អនុវត្ត​ទៅ​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី ត្រឹមតែ​កាត់​យក​ការប្រាក់​ពី​ធនាគារ​កណ្ដាល​របស់​រុស្ស៊ី នៅ​អឺរ៉ុប ដែល​ត្រូវ​បាន​បង្កក​ទៅ​ឱ្យ​អ៊ុយក្រែន។

ទ្រព្យសម្បត្តិ​រុស្ស៊ី ត្រូវ​បាន​បង្កក​នៅ​អឺរ៉ុប

បន្ទាប់ពី​រុស្ស៊ី លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២ សហរដ្ឋ​អាមេរិក និង​សម្ពន្ធភាព​បាន​ហាម​ការ​ដក​ប្រាក់​ចេញពី​ធនាគារ​កណ្ដាល​របស់​រុស្ស៊ី នៅ​អឺរ៉ុប ដែល​មាន​ទំហំ ២៥០​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​សាច់ប្រាក់​នេះ​ត្រូវ​បាន​សហភាព​អឺរ៉ុប បង្កក​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី បង្ក​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។

កាលពី​ថ្មីៗ​នេះ ធនាគារ​កណ្ដាល​របស់​រុស្ស៊ី នៅ​អឺរ៉ុប បញ្ជាក់​ថា ធនាគារ​មាន​ទ្រព្យសម្បត្តិ​ពី ៣០០-៣៥០​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បាន​បង្កក ហើយ​ទ្រព្យសម្បត្តិ​ទាំងអស់​នេះ​ជា​ទុន​បម្រុង​បរទេស​របស់​រុស្ស៊ី មាន​ដូចជា​មាស​ផង​ដែរ។

ភាគច្រើន​នៃ​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី មាន​ច្រើន​ជាងគេ​នៅ​អឺរ៉ុប ហើយ​បាន​បម្លែង​វា​ជា​សាច់ប្រាក់​នៅ​ក្នុង​ធនាគារ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក តែ​ធនាគារ​កណ្ដាល​របស់​រុស្ស៊ី មិន​មាន​ទិន្នន័យ​ជាក់លាក់​ទាក់ទង​ទៅ​នឹង​ទ្រព្យសម្បត្តិ​អចលនទ្រព្យ​នោះ​ទេ។

រូបិយប័ណ្ណ និង​វិនិយោគទុន​របស់​រុស្ស៊ី

នៅ​ដើម​ឆ្នាំ​២០២២ ធនាគារ​កណ្ដាល​របស់​រុស្ស៊ី មាន​ទ្រព្យសម្បត្តិ​ជាក់ស្ដែង​ដែល​បាន​កត់ត្រា​ជាក់លាក់​ប្រហែលជា ២០៧​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក មាន ៦៧​ពាន់​លាន​ដុល្លារ​អាមេរិក។ បន្ថែម​ពី​លើ​នេះ ទុន​បម្រុង​បរទេស​របស់​រុស្ស៊ី មាន​ប្រាក់ Yen គឺ ៣៦​ពាន់​លាន Yen។ ប្រាក់​ដុល្លារ​កាណាដា មាន ១៩​ពាន់​លាន។ ប្រាក់​ដុល្លារ​អូស្ត្រាលី មាន ៦​ពាន់​លាន និង​ប្រាក់​ដុល្លារ​សិង្ហបុរី មាន ១៨០០​លាន ហើយ​ក្រៅពី​នេះ មាន​រូបិយប័ណ្ណ​ស្វីស និង​បារាំង ប្រហែល ១​ពាន់​លាន។ រូបិយប័ណ្ណ​ទាំងនេះ ជា​ទុន​បម្រុង​វិនិយោគ​របស់​រុស្ស៊ី នៅ​អឺរ៉ុប។

ទុន​បម្រុង​បរទេស​ទាំងនេះ ដែល​រុស្ស៊ី ត្រៀម​ជា​ទុន​វិនិយោគ​សម្រាប់​ដោះដូរ​ជាមួយ​នឹង​ប្រទេស​ចិន អាល្លឺម៉ង់ បារាំង ចក្រភព​អង់គ្លេស អូទ្រីស និង​កាណាដា។

ផែនការ​របស់​សហភាព​អឺរ៉ុប

សហភាព​អឺរ៉ុប​នៅ​ពេលនេះ កំពុង​ប្រឹក្សា​ស្វែងរក​គំនិត​រួម​ក្នុង​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ដែល​ត្រូវ​បាន​បង្កក​ដើម្បី​ផ្ដល់​ទៅ​ឱ្យ​អ៊ុយក្រែន ប៉ុន្តែ​ជា​កម្ចី។ កម្ចី​នេះ​វា​ស្ថិត​ក្នុង​គម្រោង​ដែល​ប្រទេស​អ៊ុយក្រែន ត្រូវ​ទទួល​បាន​ជា​ការ​សង​ការ​ខូចខាត​ពី​សង្គ្រាម​របស់​រុស្ស៊ី។ គណៈកម្មការ​អឺរ៉ុប បាន​ប្រកាស​ថា រុស្ស៊ី អស់​ទុន​បម្រុង​ជា​ផ្លូវការ​របស់​ខ្លួន​ហើយ​នៅ​ពេលនេះ។ មាន​ន័យ​ថា ការប្រាក់​ទាំងអស់​បាន​ពី​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី នៅ​អឺរ៉ុប គឺ​គ្មាន​ទៀត​នោះ​ទេ។

តែ​យ៉ាងណា ផែនការ​នេះ​កំពុង​ជំទាស់​ដោយ​ប្រទេស​ហុងគ្រី។

ចាប់តាំងពី​សហភាព​អឺរ៉ុប ប្រកាស​បង្កក​ទ្រព្យសម្បត្តិ​របស់​ធនាគារ​កណ្ដាល​របស់​រុស្ស៊ី មាន​នៅ​អឺរ៉ុប ប្រទេស​អ៊ុយក្រែន ទទួល​បាន ៥០​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​គម្រោង​កម្ចី។

ធនាគារ​ដែល​អាច​ផ្ទេរ​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី នៅ​អឺរ៉ុប ទៅ​ឱ្យ​អ៊ុយក្រែន មាន​តែ​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ IMF។ IMF បាន​ចុះ​កិច្ចសន្យា​ទទួល​គ្រប់គ្រង​មូលនិធិ​ដែល​បាន​មកពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី នៅ​អឺរ៉ុប មាន​រយៈពេល ២​ឆ្នាំ​ម្ដង នឹង​ពិនិត្យ​កិច្ចសន្យា​ឡើងវិញ។

ឥឡូវ​នេះ គណៈកម្មការ​អឺរ៉ុប បាន​យល់ព្រម​នូវ​សាច់ប្រាក់ ២​ពាន់​លាន​ដុល្លារ​អឺរ៉ូ សម្រាប់​ជួយ​ផលិត​ដ្រូន​ទៅ​ឱ្យ​អ៊ុយក្រែន។ សាច់ប្រាក់​នេះ នឹង​ត្រូវ​ដក​ចេញពី​ធនាគារ​កណ្ដាល​របស់​រុស្ស៊ី នៅ​អឺរ៉ុប។

ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen និយាយ​ថា ទំហំ​សាច់ប្រាក់​នេះ​ត្រូវ​បាន​យល់ព្រម​រួច​ហើយ​កាលពី​ក្នុង​ជំនួប​នៅ​ទីក្រុង​ប្រ៊ុចសែល កាលពី​ថ្មីៗ​នេះ៕

© 2025, . All rights reserved.