បណ្ដាញផ្សព្វផ្សាយរបស់ប្រទេសថៃ រាយការណ៍ថា ឃាតករឈ្មោះ អេកាឡាក់ ផែណយ ដែលជាប់សង្ស័យក្នុងអំពើឃាតកម្មលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ត្រូវតុលាការថៃ កាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតហើយនៅថ្ងៃសុក្រកាលពីសប្ដាហ៍កន្លងមកនេះ។
កាសែតថៃ ខៅស៊ុត (Khaosod) ចុះផ្សាយនៅថ្ងៃទី០៣ តុលា ថា ឃាតករឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) ដែលជាអតីតទាហានថៃ ត្រូវបានតុលាការថៃ ប្រកាសសាលក្រមហើយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នេះ ដោយសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
សាលក្រមនេះ ធ្វើឡើងបន្ទាប់ពីអតីតទាហានថៃ ឈ្មោះ អេកាឡាក់ ផែណយ ត្រូវជាប់សង្ស័យពីបទឃាតកម្មលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា កាលពីដើមខែមករា ឆ្នាំ២០២៥ កន្លងទៅ។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ត្រូវឃាតករបាញ់ចំនួន ៣គ្រាប់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ។ ក្រោយអំពើឃាតកម្មបានមួយថ្ងៃ សារព័ត៌មានថៃ The Nation រាយការណ៍ថា អតីតកងទ័ពជើងទឹកថៃ ម្នាក់ដែលមានឈ្មោះ អេកាឡាក់ ផែណយ ត្រូវបានកំណត់មុខសញ្ញាថាជាជនសង្ស័យក្នុងការបាញ់សម្លាប់តំណាងរាស្ត្របក្សប្រឆាំង លោក លិម គិមយ៉ា។
ជុំវិញបញ្ហានេះ ក្រសួងមហាផ្ទៃប្រទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យឈ្មោះ អេកាឡាក់ ផែណយ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ និងបានបញ្ជូនខ្លួនទៅប្រទេសថៃ វិញតាមសំណូមពររបស់នគរបាលថៃ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។ ចំណែកអ្នកបើករថយន្តដឹកឃាតករក្នុងពេលគេចខ្លួនទៅប្រទេសកម្ពុជា ឈ្មោះ ឆាឃីត ប៊ួប្លី (Chakit Buaplee) ដែលមានឈ្មោះហៅក្រៅថា «ឆាំណាន» ក៏ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនដែរ។
រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឃាតករឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) បានសារភាពប្រាប់សមត្ថកិច្ចថៃ ថា លោក លី រតនៈរស្មី ឬ ស៊ុម វាំងបាំរ៉ុងគីត ជាអ្នកផ្តល់លុយ និងរៀបចំផែនការឱ្យរូបគេក្នុងការបាញ់សម្លាប់សមាជិកសភាបក្សប្រឆាំងរូបនេះ។
ចំណែកឯជនសង្ស័យម្នាក់ទៀតឈ្មោះ ពេជ្រ គឹមស្រ៊ិន ហៅ Mr Pich ក៏ត្រូវបានសមត្ថកិច្ចថៃ ស្រាវជ្រាវឃើញតាមរយៈកាមេរ៉ាសុវត្ថិភាពផងដែរ ដែលត្រូវបានកំណត់មុខសញ្ញាជាប់ពាក់ព័ន្ធក្នុងការចង្អុលបង្ហាញជនរងគ្រោះទៅកាន់ឃាតករ ដើម្បីអនុវត្តផែនការឃាតកម្មនេះ។
ជនសង្ស័យឈ្មោះ លី រតនៈរស្មី គឺជាជនជាតិខ្មែរដែលមានឈ្មោះជាភាសាថៃ ថា ស៊ុម វាំងបាំរ៉ុងគីត (Somwang Bamrungkit) ត្រូវបានលោក ហ៊ុន សែន តែងតាំងជាទីប្រឹក្សាផ្ទាល់ខ្លួនកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីជនសង្ស័យរូបនេះសម្រេចចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
ចំណែកជនសង្ស័យឈ្មោះ ពេជ្រ គឹមស្រ៊ិន ហៅ Mr Pich ត្រូវគេស្គាល់ថាជាអនុប្រធានផ្សារកណ្តាល ក្នុងទីក្រុងភ្នំពេញ ដែលជាមនុស្សជិតស្និទ្ធក្រោមបង្គាប់របស់អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង និងអភិបាលរងក្រុងភ្នំពេញ លោក ឃ្លាំង ហួត ផងដែរ។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា មិនទាន់បញ្ជាក់ជំហរក្នុងការចាប់ខ្លួនជនសង្ស័យឈ្មោះ លី រតនៈរស្មី និងឈ្មោះ ពេជ្រ គឹមស្រ៊ិន ទៅឱ្យអាជ្ញាធរថៃ ដើម្បីបើកការស៊ើបអង្កេតនៅឡើយទេ ខណៈជនសង្ស័យទាំងពីរនាក់នេះ ត្រូវគេដឹងថាកំពុងរស់នៅដោយលាក់លៀមក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងសុំការបំភ្លឺពីប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ជុំវិញបញ្ហានេះបាននៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ៕
© 2025, . All rights reserved.