ឆ្លើយតបនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ ស្ថានទូតចិនប្រចាំទីក្រុងបាងកក បានបញ្ជាក់ដោយបដិសេធដាច់អហង្ការចំពោះការលើកឡើងថា ចិនបានផ្តល់គ្រឿងសព្វាវុធដល់កម្ពុជា ក្នុងអំឡុងនៃការផ្ទុះអាវុធដាក់គ្នានៅតាមព្រំដែនកម្ពុជា-ថៃ កាលពីខែកក្កដា ឆ្នាំ២០២៥។
ស្ថានទូតចិនប្រចាំទីក្រុងបាងកក សង្កត់ធ្ងន់ថា ទីក្រុងប៉េកាំង គ្មានតួនាទីអ្វីក្នុងការបញ្ឆេះជម្លោះរវាងកម្ពុជា-ថៃ នោះទេ ប៉ុន្តែមានតែជំរុញការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ប្រភពដដែលបានបញ្ជាក់ថា ចិនមិនបានផ្តល់ឧបករណ៍យោធា ឬសព្វាវុធអ្វីដល់កម្ពុជា សម្រាប់ប្រើប្រឆាំងនឹងប្រទេសថៃ នោះទេ។ គ្រឿងសព្វាវុធយោធាដែលកម្ពុជា មាននោះ គឺបានមកពីកម្មវិធីកិច្ចសហប្រតិបត្តិការរួមគ្នាដែលមានស្រាប់ជាមួយចិន ប៉ុណ្ណោះ។ ខ្លួនមិនទទួលបានផលប្រយោជន៍អ្វីទាល់តែសោះនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងថាក្នុងនាមជាមិត្តរបស់ប្រទេសជិតខាងទាំងពីរ ចិនបានខិតខំប្រឹងប្រែងជាវិជ្ជមានតាមមធ្យោបាយរបស់ខ្លួន ក្នុងការជួយបន្ធូរបន្ថយស្ថានការណ៍ដែលតានតឹង។
ស្ថានទូតចិនប្រចាំប្រទេសថៃ អះអាងថា ប្រទេសចិន គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការលើកកម្ពស់ដំណោះស្រាយនយោបាយតាម «មាគ៌ាអាស៊ាន» ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ចិនក៏បានបញ្ជាក់ពីឆន្ទៈរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាប្រទេសក្នុងតំបន់ រួមមានប្រទេសថៃ កម្ពុជា និងម៉ាឡេស៊ី ដើម្បីដើរតួនាទីស្ថាបនាសម្រាប់ការអនុវត្តបទឈប់បាញ់ប្រកបដោយនិរន្តរភាព ការស្ដារសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ។
កាសែត The New York Times កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានចុះផ្សាយដោយយោងតាមរបាយការណ៍ស៊ើបអង្កេតសម្ងាត់របស់ថៃ ថា នៅប៉ុន្មានសប្តាហ៍មុនហេតុការណ៍ផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ យន្តហោះយោធាចិន បានដឹកជញ្ជូនគ្រឿងសព្វាវុធយ៉ាងច្រើន និងបានចុះចតយ៉ាងស្ងៀមស្ងាត់នៅកំពង់ផែរាម ក្នុងខេត្តព្រះសីហនុ របស់កម្ពុជា។ ការណ៍នេះ បានធ្វើឲ្យកាសែតបរទេសមួយនេះចោទសួរពីជំហររបស់ចិន នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។
តាមកាសែត The New York Times សព្វាវុធទាំងនោះត្រូវបានរក្សាទុកនៅមូលដ្ឋានទ័ពជើងទឹករាម ហើយក្រោយមកបានដឹកជញ្ជូនតាមភាគខាងជើងឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ថៃ ដែលជាទីតាំងមានជម្លោះ៕
© 2025, . All rights reserved.