ព័ត៌មានជាតិ

អ្នកជំនាញ​កិច្ចការបរទេស​របស់​ថៃ ព្រមាន​ថា​បើ​លុប MoU៤៣-៤៤ នឹង​បង្ក​បញ្ហា​ដល់​ប្រទេស​ថៃ​ខ្លួនឯង​ទៅ​ថ្ងៃ​ក្រោយ

By ឌឹ ខេមបូឌា ដេលី

October 07, 2025

សាស្ត្រាចារ្យ​នយោបាយ និង​កិច្ចការ​បរទេស​របស់​ថៃ លោក ស៊ូរ៉ាឆាត បំរ៉ុងសក្តិ (Surachart Bamrungsuk) ព្រមាន​ថា ការ​លុបចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង​កម្ពុជា និង​ថៃ គឺជា​ការ​បើក​ផ្លូវ​ឲ្យ​កម្ពុជា យក​សំណុំរឿង​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​ជោគជ័យ។

កាសែត The Nation របស់​ថៃ បាន​ស្រង់​សម្ដី​លោក ស៊ូរ៉ាឆាត បំរ៉ុងសក្តិ កាលពី​ថ្ងៃទី​៥ ខែ​តុលា នេះ​ថា ការ​ស្នើ​ឱ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​លុប​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ (MOU43) និង​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០១ (MOU44) នឹង​បង្ក​បញ្ហា​ដល់​ប្រទេស​ថៃ ខ្លួនឯង​ទៅ​ថ្ងៃ​ក្រោយ។

សាស្ត្រាចារ្យ​នយោបាយ​រូប​នេះ លើកឡើង​ថា ពលរដ្ឋ​ថៃ ភាគច្រើន​មិន​បាន​យល់​ពី​ភាព​ស្មុគស្មាញ​នៃ​គោលនយោបាយ​ការបរទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ខ្លឹមសារ​ដែល​បាន​ចែង​ក្នុង​អនុស្សរណៈ​យោគយល់​គ្នា​រវាង​កម្ពុជា-ថៃ ទាំង​ពីរ​នេះ​ឡើយ។

ប្រភព​ដដែល អះអាង​ថា ការ​សម្រេច​ចិត្ត​ធ្វើ​ប្រជាមតិ​លុប​អនុស្សរណៈ​នៃ​ការ​យោគយល់​ទាំង​ពីរ​នា​ពេលនេះ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​អារម្មណ៍​ជាតិ​និយម យោធា​និយម​របស់​ក្រុម​ស្តាំ​និយម​ជ្រុល ជាជាង​ផ្អែកលើ​គោលនយោបាយ​ការបរទេស​ជាក់ស្តែង។

លោក​បន្ថែម​ថា បើ​អនុស្សរណៈ​នៃ​ការ​យោគយល់ (MOU) ទាំង​ពីរ​នេះ​ដាក់​ទៅ​ក្នុង​ការ​បោះឆ្នោត នោះ​ប្រាកដជា​នឹង​ត្រូវ​លុបចោល​ទាំងស្រុង ដើម្បី​បញ្ជាក់​ថា​ពួកគេ​គឺជា​អ្នក​ជាតិ​និយម ស្រឡាញ់​ប្រទេស​ជាតិ។

លោក ស៊ូរ៉ាឆាត បំរ៉ុងសក្តិ ព្រមាន​ថា ប្រសិនបើ​អនុស្សរណៈ​នៃ​ការ​យោគយល់ (MOU) ទាំង​ពីរ​នេះ ត្រូវ​បាន​លុបចោល​មែន នោះ​បញ្ហា​រវាង​កម្ពុជា-ថៃ នឹង​កើន​ឡើង​បន្ថែម​ទៀត ដែល​នឹង​រាំងស្ទះ​ដល់​អនាគត​នៃ​ការ​ចរចា​បញ្ចប់​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ ដូច្នេះ​បញ្ហា​នេះ​នឹង​ត្រូវ​រុញ​ទៅ​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) តែម្តង។ លោក​ថា កម្ពុជា​កំពុង​រង់ចាំ​ថៃ ដើរ​ចូល​ក្នុង​អន្ទាក់​នេះ ព្រោះ​អ្វី​ដែល​កម្ពុជា ចង់​បាន គឺ​ឱ្យ​ថៃ ឈាន​ជើង​ចូល​ក្នុង​តុលាការ​អន្តរជាតិ​ដោយ​ខ្លួនឯង។

កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៥ នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា ចំពោះ​រូបលោក​ផ្ទាល់ គឺ​ពិត​ជា​មាន​បំណង​ឱ្យ​លុប​កិច្ចព្រមព្រៀង​ឆ្នាំ​២០០០ និង​កិច្ចព្រមព្រៀង​ឆ្នាំ​២០០១ រវាង​កម្ពុជា-ថៃ ឱ្យ​បាន ប៉ុន្តែ​លោក​ត្រូវ​ធ្វើ​ប្រជាមតិ​សិន ដើម្បី​សម្រេច​ថា តើ​ត្រូវ​លុបចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​ឬ​យ៉ាងណា។

ជុំវិញ​បញ្ហា​នេះ កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៦ តុលា នេះ​ថា លទ្ធផល​នៃ​ការ​ស្ទង់មតិ​របស់​វិទ្យាស្ថាន​រដ្ឋបាល​អភិវឌ្ឍន៍​ជាតិ (Nida) បង្ហាញ​ថា ៤៤,១% នៃ​សាធារណជន​ថៃ មិន​បាន​យល់ដឹង​អំពី​មុខងារ​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​ឆ្នាំ​២០០០ (MoU43) នោះ​ទេ។

របាយការណ៍​នេះ បង្ហាញ​ថា មាន​តែ​ពលរដ្ឋ​ថៃ ៧,៧% ប៉ុណ្ណោះ ដែល​យល់ដឹង​ពី​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ​ច្បាស់ ចំណែក​អ្នក​យល់ដឹង​ខ្លះៗ​ដល់ ២៣,១% និង​អ្នក​យល់ដឹង​បន្តិចបន្តួច​មាន ២៤,៩%។

ដោយឡែក​ការ​ស្ទង់មតិ​លើ​អនុស្សរណៈ​ឆ្នាំ​២០០១ (MOU44) បង្ហាញ​ថា មាន​តែ​ពលរដ្ឋ​ថៃ ៦,៨% ប៉ុណ្ណោះ ដែល​យល់ដឹង​ច្បាស់ ចំណែក​អ្នក​យល់ដឹង​ខ្លះៗ​មាន ២២,៤% និង​អ្នក​យល់ដឹង​បន្តិចបន្តួច​មាន ២៤,៩% ខណៈ​អ្នក​មិន​ដឹង​សោះ​មាន​រហូត​ដល់ ៤៥,៧% ឯណោះ។

ជុំវិញ​បញ្ហា​នេះ លោក ជុំ ឈាង អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ តុលា ថា ផ្អែក​តាម​អនុសញ្ញា​ក្រុង​វីយែន ឆ្នាំ​១៩៦៩ អនុស្សរណៈ​រវាង​កម្ពុជា-ថៃ គឺ​អាច​លុប​បាន តែ​ត្រូវ​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​បាន​ចែង​ក្នុង​មាត្រា​៤៦ រហូត​ដល់​មាត្រា​៦៤ នៃ​ច្បាប់​នេះ៕

© 2025, . All rights reserved.