លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.)

ព័ត៌មានជាតិ

មេ​សិទ្ធិមនុស្ស​កម្ពុជា ប្រាប់​ថៃ កុំ​ក្លែង​ផែនទី​ធ្វើ​ឱ្យ​ជម្លោះ​ព្រំដែន​ក្លាយ​ជា​ទីលាន​សាក​អាវុធ​របស់​ចិន និង​អាមេរិក

By ឌឹ ខេមបូឌា ដេលី

October 07, 2025

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី ព្រមាន​មេដឹកនាំ​ថៃ កុំ​ឱ្យ​ក្លែង​ផែនទី​ធ្វើ​ឱ្យ​ជម្លោះ​ព្រំដែន​ថៃ និង​កម្ពុជា ក្លាយ​ជា​ទីលាន​សាកល្បង​អាវុធ​របស់​ចិន និង​អាមេរិក ដូច​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន។

លោក កែវ រ៉េមី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​០៦ តុលា នេះ​ថា អ្នក​កាន់​អំណាច​ថៃ មិន​ត្រូវ​វង្វេង​ប្រវត្តិសាស្ត្រ ក្លែង​ផែនទី ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ត​ជំនាន់​នោះ​ទេ ប៉ុន្តែ​ត្រូវ​ពិចារណា​ឲ្យ​បាន​ស៊ីជម្រៅ​ទៅ​ដល់​អាយុជីវិត​ប្រជាជន និង​សេដ្ឋកិច្ច​របស់​ខ្លួន​វិញ។

លោក កែវ រ៉េមី លើកឡើង​ថា កាន់តែ​ត្រូវ​គិតគូរ​ជាង​នេះ​ទៀត​នោះ គឺ​អ្នក​កាន់​អំណាច​ថៃ រឹតតែ​មិន​ត្រូវ​យក​ប្រទេស​ទាំង​ពីរ​ធ្វើ​ជា​ទីតាំង​សាក​អាវុធ​របស់​ចិន និង​អាមេរិក ថែមទៀត។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា រូប​នេះ បញ្ជាក់​ថា ពេលនេះ ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន កំពុង​ក្លាយ​ជា​សមរភូមិ​សាក​អាវុធ​របស់​មហាអំណាច​លោកសេរី និង​រុស្ស៊ី រួច​ទៅ​ហើយ នៅឡើយ​តែ​អាវុធ​ចិន ប៉ុណ្ណោះ ដែល​កំពុង​រក​ទីតាំង​ដើម្បី​ធ្វើ​តេស្ត។

មេបញ្ជាការ​ភូមិភាគ​៥ របស់​កម្ពុជា លោក ឯក សំអូន បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី​៤ ខែ​តុលា ទៅ​កាន់​យោធភូមិភាគ​ទី​១ របស់​ថៃ ថា ចំពោះ​ករណី​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ដែល​យោធភូមិភាគ​ទី​១ របស់​ថៃ បាន​ដាក់​ស្នើ​មក គឺ​ត្រូវ​អនុវត្ត​ទៅ​តាម​ការ​ព្រមព្រៀង​គ្នា​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​គណៈកម្មាធិការ​ព្រំដែន​រួម (JBC) ដែល​ជា​យន្តការ​មាន​សមត្ថកិច្ច​ក្នុង​ការ​ប្រជុំ​ដោះស្រាយ​បញ្ហា​នេះ។

ដោយឡែក​កិច្ចប្រជុំ RBC ក្នុង​កម្រិត​យោធភូមិភាគ គឺ​មាន​ភារកិច្ច​ត្រឹមតែ​សម្រួល​បញ្ហា​នៅ​នឹង​កន្លែង បន្ធូរបន្ថយ​ភាព​តានតឹង និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​សមត្ថកិច្ច​កំណត់​ខ្សែ​ព្រំដែន​ឡើយ។

មេបញ្ជាការ​ភូមិភាគ​៥ កម្ពុជា រូប​នេះ បញ្ជាក់​ថា ការ​អង្កេត​នៅ​លើ​ដី​ជាក់ស្តែង បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កន្លែង​ខ្លះ​ក៏​មាន​ការ​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ថៃ ចូល​ក្នុង​អធិបតេយ្យភាព​របស់​កម្ពុជា ដែរ រួម​មាន សំណង់ និង​ការ​ធ្វើ​សកម្មភាព​ហួស​បង្គោល​ព្រំដែន​មួយ​ចំនួន​របស់​ប្រជាជន​ថៃ រហូត​មក​នោះ។

ប្រភព​ដដែល គូសបញ្ជាក់​ថា បញ្ហា​នេះ​ត្រូវ​រង់ចាំ​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​រួម (JBC) ជា​មុន​សិន ចំពោះ​ករណី​នៅ​តំបន់​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ក្នុង​ន័យ​នេះ កម្ពុជា​ក៏​ជំរុញ​ឱ្យ​មាន​កិច្ចប្រជុំ JBC ឱ្យ​បាន​ឆាប់​ដែរ ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នេះ៕

© 2025, . All rights reserved.