ទិដ្ឋភាព​នៃ​ជំរំ​ភៀស​សឹក​កម្ពុជា ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

HRF៖ ស្ថានភាព​មនុស្សធម៌​តាម​ព្រំដែន​ខ្មែរ-ថៃ មាន​ភាព​ប្រសើរ​ឡើង ប៉ុន្តែ​ពលរដ្ឋ​ភៀស​សឹក​កើន​ឡើង

By ឌឹ ខេមបូឌា ដេលី

October 07, 2025

វេទិកា​ឆ្លើយតប​មនុស្សធម៌ ហៅ​កាត់ HRF បាន​ចេញ​របាយការណ៍​បង្ហាញ​ថា អស់​រយៈពេល ៩​សប្តាហ៍ បន្ទាប់ពី​មាន​បទ​ឈប់​បាញ់ ស្ថានភាព​មនុស្សធម៌​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​បន្ត​មាន​ភាព​ប្រសើរ​ឡើង ប៉ុន្តែ​ពលរដ្ឋ​ភៀស​សឹក​បាន​កើន​ឡើង។

យោង​តាម​របាយការណ៍​ស្ដីពី​ស្ថានភាព​តាម​ព្រំដែន​ខ្មែរ-ថៃ ចាប់ពី​ថ្ងៃទី​១៣ ខែ​កញ្ញា ដល់​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២៥ អស់​រយៈពេល ៩​សប្តាហ៍ បន្ទាប់ពី​មាន​បទ​ឈប់​បាញ់ ស្ថានភាព​មនុស្សធម៌​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​បន្ត​មាន​ភាព​ប្រសើរ​ឡើង។

របាយការណ៍​ខាងលើ​អះអាង​ថា ចំពោះ​ការ​បន្លាស់​ទី​របស់​ប្រជាជន​មាន​ការ​ប្រែប្រួល ដោយសារ​គិត​ត្រឹម​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៥ ចំនួន​ពលរដ្ឋ​ភៀស​សឹក​ដែល​បន្លាស់​ទី​ដោយសារ​សង្គ្រាម បាន​កើន​ដល់​ជាង ១​ម៉ឺន ៦​ពាន់​នាក់ ដែល​ស្មើ​នឹង ៤៤% នៃ​ចំនួន​ពលរដ្ឋ​ភៀស​សឹក​សរុប។ ក្នុង​ចំណោម​ពលរដ្ឋ​ភៀស​សឹក​ចំនួន​ជាង ១​ម៉ឺន ៤​ពាន់​នាក់ បន្ត​ស្ថិត​នៅ​តាម​ជំរំ​ភៀស​សឹក ខណៈ​ជាង ១៣០០​នាក់​ទៀត បាន​ទទួល​ការ​ស្នាក់​អាស្រ័យ​ជាមួយ​មិត្តភក្ដិ និង​សាច់ញាតិ។

HRF ដែល​ដឹកនាំ​ដោយ WFP និង DCA កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (NCDM) និង​អាជ្ញាធរ​ខេត្ត ដើម្បី​តម្រឹម​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌​ជាមួយ​នឹង​ផែនការ​ឆ្លើយតប​របស់​រដ្ឋាភិបាល។

អភិបាលរង និង​ជា​អ្នក​នាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា តាម​ការ​កត់ត្រា​របស់​របាយការណ៍​អង្គការ​មួយ​ចំនួន​មិន​បាន​ឆ្លុះបញ្ចាំង​ស្ថានភាព​ជាក់ស្តែង​នោះ​ទេ។ លោក​អះអាង​ថា មិន​មាន​ចំនួន​ពលរដ្ឋ​ភៀស​សឹក​ច្រើន​ដូច​ការ​លើកឡើង​របស់​របាយការណ៍ HRF ទេ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា ចំនួន​ជនភៀសសឹក​កម្ពុជា​បាន​កើន​ដល់​ចំនួន ១៦៨៩៤៦​នាក់ ដោយសារ​សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល ៥​ថ្ងៃ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ។ ក្នុង​ចំណោម​ជនភៀសសឹក​សរុប មាន​នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ ចំនួន ៣៨៤៤៧​នាក់ ខេត្ត​ព្រះវិហារ ចំនួន ២៩៧១៧​នាក់ ខេត្ត​បន្ទាយមានជ័យ ចំនួន ៣៤២៦៤​នាក់ ខេត្ត​សៀមរាប ចំនួន ៦៣៤៩២​នាក់ និង​ខេត្ត​ពោធិ៍សាត់ ចំនួន ៣០២៦​នាក់៕

© 2025, . All rights reserved.