នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត រំពឹងថាការគ្រប់គ្រងព្រំដែន ជាពិសេសករណីនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ទល់មុខនឹងភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ របស់ថៃ នឹងត្រូវបានដោះស្រាយឱ្យបានឆាប់ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC)។
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៨ តុលា នេះថា ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយសារមានការរៀបចំសមាសភាពថ្មីរបស់គណៈកម្មការចម្រុះព្រំដែន (JBC) ខាងភាគីថៃ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ក្នុងកំណត់ហេតុព្រមព្រៀងគ្នានៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី១០ ខែកញ្ញា រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា និងរដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ លោក Nattaphon Narkphanit បានបញ្ជាក់យ៉ាងច្បាស់ថា គណៈកម្មការចម្រុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ទល់មុខនឹងភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ របស់ថៃ។
នាយករដ្ឋមន្ត្រីខ្មែររូបនេះ បញ្ជាក់ថា ភាគីទាំងសងខាងបានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាពនៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះព្រំដែន (JBC) ហើយក៏បានប្រគល់ភារកិច្ចដល់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះ ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចម្រុះព្រំដែន (JBC) ផងដែរ។
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងយោធភូមិភាគទី១ ថៃ ដែលគ្រោងនឹងប្រជុំនៅចុងខែកញ្ញា ត្រូវលើកពេលទៅប្រជុំនៅខែតុលា ឆ្នាំ២០២៥ វិញ ដោយសារខាងភាគីថៃ មានការកែសម្រួល និងផ្លាស់ប្ដូរកងកម្លាំងយោធារបស់ខ្លួន។
ក្រោមការឯកភាពគ្នារវាងកម្ពុជា-ថៃ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងយោធភូមិភាគទី១ ថៃ លើកទី២ គ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ខាងមុខនេះ នៅខេត្តបន្ទាយមានជ័យ ក្នុងនាមកម្ពុជា គឺជាម្ចាស់ផ្ទះ។
កាលពីថ្ងៃទី៣ ខែតុលា កាសែត The Nation របស់ថៃ បានចុះផ្សាយថា មេបញ្ជាការភូមិភាគទី១ ថៃ លោក វីរ៉ាក់យុត លឿងសុវណ្ណ បានស្នើសុំឱ្យពន្យារពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) នេះ ក្រោមហេតុផលថា មិនមានការពិភាក្សាអំពីផែនការជម្លៀសប្រជាជនកម្ពុជា ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលថៃ បានចោទថាពួកគេកំពុងរស់នៅភូមិ Ban Nong Chan និងភូមិ Ban Nong Ya Kaew របស់ប្រទេសថៃ៕
© 2025, . All rights reserved.