រដ្ឋបាលខេត្តបន្ទាយមានជ័យ ច្រានចោលការតវ៉ារបស់រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ ជុំវិញការសាងសង់ជម្រកបណ្ដោះអាសន្នក្នុងតំបន់ទាមទារ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្របពេលដែលអាជ្ញាធរថៃ គ្រោងបណ្តេញពលរដ្ឋខ្មែរនៅថ្ងៃសុក្រនេះ។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ចេញលិខិតមួយទៅកាន់រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៨ ខែតុលា ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៩ តុលា នេះថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវ បានតវ៉ា គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មិនមែនស្ថិតក្នុងទឹកដីថៃ ឡើយ។
ប្រភពដដែល អះអាងថា ទីតាំងនេះប្រជាពលរដ្ឋកម្ពុជា បានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ គឺតាំងពីមុនការចូលជាធរមានរបស់ MOU ឆ្នាំ២០០០ ទៅទៀត ហើយការសាងសង់ជម្រកបណ្ដោះអាសន្ននេះ គឺដោយសារផ្ទះសម្បែង ដីធ្លីរបស់ពួកគេ ត្រូវបានភាគីថៃ រាយលួសបន្លា ដាក់រនាំង ដាក់សម្បកកង់ឡាន និងពង្រាយសំណាញ់ខ្មៅព័ទ្ធយកនាពេលកន្លងមក។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ជម្រកបណ្ដោះអាសន្នទាំងនេះ ធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះ ក្នុងពេលដែលមានការប៉ះទង្គិចគ្នាជាមួយភាគីថៃ និងជាមធ្យោបាយការពារទប់ស្កាត់ឧបទ្ទវហេតុនានាផងដែរ។
លោក អ៊ុំ រាត្រី គូសបញ្ជាក់ថា រដ្ឋបាលខេត្តទាំងពីរមិនមានសមត្ថកិច្ចកំណត់ព្រំដែនក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមារួចរាល់នោះទេ ដូច្នេះរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្ដេជ្ញាប្រកាន់ជំហររង់ចាំលទ្ធផលកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) យ៉ាងម៉ឺងម៉ាត់បន្តទៀត។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កាសែត The Nation របស់ថៃ បានរាយការណ៍ថា នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះដែលអាជ្ញាធរខេត្តស្រះកែវ ត្រៀមអនុវត្តច្បាប់ ខណៈពលរដ្ឋខ្មែរនៅតែបន្តមិនព្រមចាកចេញពីទឹកដីថៃ ក្នុងភូមិបានណងចាន់ ខេត្តស្រះកែវ។
កាសែតថៃ ដដែលនេះ បញ្ជាក់ថា ច្បាប់អន្តោប្រវេសន៍របស់ថៃ ទំនងជាត្រូវបានប្រើប្រាស់ ព្រោះវាអនុញ្ញាតឱ្យមានការចាប់ខ្លួនដើម្បីកាត់ទោស និងនិរទេសអ្នកទាំងឡាយណាដែលឈ្លានពានទឹកដីថៃ។
ជុំវិញបញ្ហានេះ ពលរដ្ឋខ្មែរម្នាក់ឈ្មោះ ឈុំ ហ័រ អាយុ ៨៦ឆ្នាំ ជាម្ចាស់ដីចម្ការ និងផ្ទះដែលត្រូវយោធាថៃ ព័ទ្ធលួសបន្លាយកស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រាប់អង្គភាពសារព័ត៌មាន SBT NEWs កាលថ្ងៃទី៧ ខែតុលា នេះថា ទឹកដីខ្មែរដែលថៃ បានឈ្លានពានយកតាំងពីមុនរហូតដល់បច្ចុប្បន្ន គឺមានប្រវែងប្រមាណជា ៣គីឡូម៉ែត្រ។
លោក ឈុំ ហ័រ បញ្ជាក់ថា ជុំវិញការឈ្លានពានរបស់យោធាថៃ នាពេលនេះ គឺបានវាតទីចូលមកក្នុងដីខ្មែរប្រមាណជា ៥០០ម៉ែត្រ ហើយល្បិចកលដែលថៃ ធ្វើមកលើកម្ពុជា ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាអ្វីដែលពួកគេធ្លាប់ធ្វើពីមុនមកដែរ ប៉ុន្តែខុសគ្នានៅត្រង់ថា ពេលមុន ពួកគេរំកិលបន្តិចៗ តែពេលនេះ គឺប្រើលួសបន្លាព័ទ្ធយកដីខ្មែររាប់រយម៉ែត្រតែម្តង៕
© 2025, . All rights reserved.