មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ឃាត់​ខ្លួន​ពាក់ព័ន្ធ​បទល្មើស​នាំ​ជនជាតិ​ថៃ ឆ្លងដែន​ដោយ​ខុស​ច្បាប់​ចូល​កម្ពុជា នៅ​យប់​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

មន្ត្រី​នគរបាល ៦​នាក់​ដែល​នាំ​ជនជាតិ​ថៃ ឆ្លងដែន​ខុស​ច្បាប់​ចូល​កម្ពុជា នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត

By ឌឹ ខេមបូឌា ដេលី

October 10, 2025

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ កំពុង​កសាង​សំណុំរឿង​បញ្ជូន​មន្ត្រី​នគរបាល​សរុប​ចំនួន ៦​នាក់ ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត ក្រោយពី​ឃាត់​ខ្លួន​មន្ត្រី​ទាំងនោះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នាំ​ជនជាតិ​ថៃ ឆ្លងដែន​ចូល​មក​កម្ពុជា ដោយ​ខុស​ច្បាប់ នៅ​ត្រង់​ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​អូរល្ហុង។

នៅ​យប់​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០២៥ ទាហាន​កងពល​លេខ​៥១ ក្រោយ​មាន​បទបញ្ជា​ដែល​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និង​ជា​នាយសេនាធិការ​យោធភូមិ​ទី​៥ បាន​ឃាត់​ខ្លួន​មន្ត្រី​នគរបាល​ខេត្ត​បន្ទាយមានជ័យ ចំនួន ៦​នាក់។ មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំងនេះ រួម​មាន​ទាំង​មេបញ្ជាការរង​វរសេនាតូច​ការពារ​ព្រំដែន​៨៩១ ចំនួន ២​នាក់ គឺ​លោក​វរសេនីយ៍ត្រី សុខ សំអុល និង​លោក​វរសេនីយ៍ត្រី ព្រឹម ដែន ព្រមទាំង​មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​អូរល្ហុង លោក​វរសេនីយ៍ត្រី ព្រំ ផូរ។ ចំណែក​មនុស្ស​ចំនួន ៣​នាក់​ផ្សេង​ទៀត គឺជា​មន្ត្រី​នៃ​វរសេនាតូច​ការពារ​ព្រំដែន​៨៩១ រួម​មាន​ឈ្មោះ ព្រឹម ឌុន កាក់ សេងទ្រី និង ភុំ ចំរើន ខណៈ​ម្នាក់​ទៀត​ឈ្មោះ ង៉ិក មិថុនា ជា​ចុងភៅ គឺ​មិន​ជាប់​ពាក់ព័ន្ធ​ឡើយ។

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​តុលា នេះ ក្រោយ​ការ​ចាប់​ខ្លួន មន្ត្រី​នគរបាល​ទាំង ៦​នាក់​នោះ​កំពុង​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ក្នុង​ការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។

ការ​ចាប់​ឃាត់​ខ្លួន​មន្ត្រី​ល្មើស​ច្បាប់​ទាំង ៦​នាក់​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន នៅ​យប់​ថ្ងៃទី​៨ ខែ​តុលា បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ កម្ចាត់​ចោល​តែម្តង​នូវ​មន្ត្រី និង​ឈ្មួញ​ណា​ដែល​នៅ​បន្ត​លួច​នាំ​ទំនិញ​ថៃ ចូល​កម្ពុជា ក្នុង​អំឡុង​ពេល​ព្រំដែន​បន្ត​បិទ​នៅឡើយ។ លោក ហ៊ុន សែន ក៏​បាន​សរសេរ​ថា ប្រសិនបើ​លោក​នៅ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដូច​ពេល​មុន នោះ​បទបញ្ជា​ចាប់​ខ្លួន ឬ​ដក​ចេញពី​មន្ត្រី​នឹង​ត្រូវ​អនុវត្ត​ភ្លាមៗ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា លោក​សាទរ​ចំពោះ​អាជ្ញាធរ​ដែល​ឃាត់​ខ្លួន​មន្ត្រី​ល្មើស​ច្បាប់​ទាំង ៦​នាក់ ព្រោះ​មន្ត្រី​ទាំងនេះ​បាន​បង្កើត​កំហុស​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ ខណៈ​ប្រទេស​ទាំង​ពីរ​កំពុងតែ​មាន​ជម្លោះ​នឹង​គ្នា។

លោក​ថា ករណី​នេះ មន្ត្រី​ទាំងនោះ​ត្រូវតែ​ចាត់​វិធានការ​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង។ លោក​បន្ត​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរតែ​យក​ច្បាប់​ដកហូត​សញ្ជាតិ​មក​ប្រើ​ចំពោះ​មន្ត្រី​ទាំង ៦​នាក់​នោះ។

ចំណែកឯ​ឧត្ដមសេនីយ៍ឯក ហ៊ុន ជា ដែល​ជា​ក្មួយ​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ដែល​ធ្លាប់​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​រយៈពេល​មួយ​ឆ្នាំ​កន្លះ ពី​បទ​គំរាមកំហែង​សម្លាប់ កាលពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៨ កន្លង​មក បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៩ តុលា នេះ​ថា កុំ​ឱ្យ​ប្រឡាក់​កន្លែង​តុលាការ ដក​សញ្ជាតិ​យក​ដាក់​គុក​ទៅ​ឆាប់​ចប់។

ក្នុង​រយៈពេល ៦​ខែ​ឆ្នាំ​២០២៥ នេះ មន្ត្រី​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ដែល​ប្រចាំការ​បំពេញ​ភារកិច្ច​តាម​បណ្ដា​ច្រក​ទ្វារ​ព្រំដែន រួម​ទាំង​ច្រក​ទ្វារ​ព្រំដែន​អាកាស បាន​ប្រើ​វិធីសាស្ត្រ​ស្រាវជ្រាវ និង​សន្និដ្ឋាន​បឋម ឈាន​ទៅ​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​ករណី​សង្ស័យ​ពាក់ព័ន្ធ​អំពើ​ជួញដូរ​មនុស្ស ដោយ​ឃាត់​ដំណើរ​ឆ្លងដែន​សរុប ១១៨​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ ១០៤​នាក់ ជនជាតិ​ចិន ១៤​នាក់៕

© 2025, . All rights reserved.