ខណៈពលរដ្ឋខ្មែរដែលគាំទ្រគោលជំហររាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ចង់ដឹងថារាជរដ្ឋាភិបាលខ្មែរប្តឹងថៃ រឿងព្រំដែន ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើរដល់ណានោះ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា វិញ លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវជំហររាជរដ្ឋាភិបាលចំពោះការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ គឺដោយសន្តិវិធី មិនប្រើកម្លាំងបាយ គោរពច្បាប់អន្តរជាតិ ហើយប្រទេសកម្ពុជា គ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់ខ្លួននោះទេ ប៉ុន្តែយើងក៏នឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់ខ្លួននោះដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំចតុភាគីនៅថ្ងៃទី១២ ខែតុលា រវាងកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាម៉េរិក ដែលរៀបចំឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានថ្លែងថា ប្រទេសកម្ពុជា បានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមយ៉ាងពេញលេញតាមច្បាប់អន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជា មិនប្រើកម្លាំងបាយដើម្បីដោះស្រាយបញ្ហាឡើយ តែជំនួសទៅវិញ គឺផ្ដោតលើការចរចា សម្របសម្រួល និងគោរពតាមសន្ធិសញ្ញាដែលមានកន្លងមក ដូចជា គណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងគណៈកម្មការចម្រុះព្រំដែន (JBC)។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើពីការងារអាទិភាពសំខាន់ៗមួយចំនួនដែលភាគីកម្ពុជា-ថៃ បានឯកភាពនាពេលថ្មីៗនេះ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការ។ កិច្ចព្រមព្រៀងទាំងនោះមានការដកចេញទៅវិញនូវអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិត ជាដើម។
លោក ប្រាក់ សុខុន បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជា ធ្វើការជាមួយប្រទេសថៃ ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ក្នុងការបំពេញនូវការទទួលខុសត្រូវរួមគ្នាដើម្បីស្ដារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេស និងប្រជាជនទាំងពីរ។
ចំណែកឯតំណាងអចិន្ត្រៃយ៍ថៃ ប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី ប្រាថាណា ឌីស៊ីយ៉ាតាត (Pratana Disyatat) បាននិយាយក្នុងបទអន្តរាគមន៍របស់ខ្លួនថា ប្រទេសកម្ពុជា បានធ្វើរបាយការណ៍ដែលមិនបានឆ្លុះបញ្ចាំងការពិតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ហើយលើកយកសេចក្តីរាយការណ៍នោះទៅបង្ហាញនៅក្នុងវេទិកាអន្តរជាតិធំៗ ដែលមានភាគីច្រើនចូលរួម គឺដើម្បីតែកេងចំណេញផលប្រយោជន៍នយោបាយ។
ការអត្ថាធិប្បាយពីភាគីថៃ យ៉ាងដូចនេះ ជាការឆ្លើយតបនឹងបទអន្តរាគមន៍របស់លោក អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដែលបានលើកឡើងថា ថៃកំពុងប្រើប្រាស់កម្លាំងប្រដាប់អាវុធបណ្តេញពលរដ្ឋខ្មែរចេញពីលំនៅឋានក្នុងតំបន់មានជម្លោះតាមខ្សែបន្ទាត់ព្រំដែនខ្មែរ និងថៃ៕
© 2025, . All rights reserved.