ជនជាតិ​ចិន ៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ចាប់​ខ្លួន។

គ្រឿងញៀន

ករណី​ទារុណកម្ម​លើ​និស្សិត​ជនជាតិ​កូរ៉េខាងត្បូង​ដល់​ស្លាប់​ក្នុង​ការ​ចាប់​បង្ខាំង​នៅ​ស្រុក​ខ្មែរ ផ្អើល​នៅ​កូរ៉េ

By ឌឹ ខេមបូឌា ដេលី

October 15, 2025

ក្រសួង​មហាផ្ទៃ​កម្ពុជា គ្រោង​ស្នើ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា ឱ្យ​មក​ស្តាប់​ការ​ពន្យល់​ដោយ​ផ្ទាល់​អំពី​បច្ចុប្បន្នភាព​ជុំវិញ​ករណី​ឃាតកម្ម​លើ​និស្សិត​កូរ៉េខាងត្បូង ឈ្មោះ Park Minho ក្នុង​សំណុំរឿង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ បន្ថែម​លើ​ឯកសារ​ផ្លូវច្បាប់​ពាក់ព័ន្ធ​ដែល​ក្រសួង​គ្រោង​ផ្តល់​ជូន។

ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​ជនជាតិ​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​១៣ ខែ​តុលា ដែល​ទើប​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា ករណី​ឃាតកម្ម​លើ​និស្សិត​ជនជាតិ​កូរ៉េខាងត្បូង រូប​នេះ តុលាការ​ខេត្ត​កំពត បាន​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ ៣​នាក់ ពី​បទ​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ និង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​រួច​ហើយ។

ខ្លឹមសារ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ រៀបរាប់​ថា កាលពី​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២៥ រំលង​អាធ្រាត្រ នគរបាល​ជំនាញ​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ចំនួន ២​នាក់ ក្រោយ​ប្រទះ​ឃើញ​សាកសព​ក្នុង​រថយន្ត​ដែល​ពួកគេ​កំពុង​បើកបរ ស្ថិត​ក្នុង​ភូមិ​កំពង់បាយខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ប៉ុន្តែ​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់​គេច​ខ្លួន។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​បឋម គេ​រក​ឃើញ​ថា​សព​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​គាំង​បេះដូង ដែល​បណ្តាល​មកពី​ការ​ធ្វើ​ទារុណកម្ម ដោយ​មាន​ស្នាម​ជាំ​ជាច្រើន​កន្លែង​លើ​រាងកាយ។

សាកសព​យុវជន​ឈ្មោះ Park Minho អាយុ ២២​ឆ្នាំ រដ្ឋអំណាច​ខ្មែរ​បាន​តម្កល់​ទុក​ក្នុង​ទូទឹកកក​អស់​រយៈពេល ២​ខែ បន្ទាប់ពី​ឃាតករ​ទុក​ចោល​នៅ​ក្បែរ​ភ្នំ​បូកគោ។ គ្រួសារ​ជនរងគ្រោះ​អធិប្បាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យន់ហាប់ (YONHAP) និង​សារព័ត៌មាន The Guardian ថា យុវជន Park Minho ប្រៀប​ដូចជា​ឃាតកម្ម​ពីរ​ដង​អ៊ីចឹង។ គេ​រៀបរាប់​ថា មាន​ជន​មិន​ស្គាល់​មុខ​បាន​ទូរសព្ទ​ទៅ​ជំរិត​ទារ​ប្រាក់ ២​ម៉ឺន ៦​ពាន់​ដុល្លារ​ម្តង ក៏​បាត់​តែម្តង។

ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ក្រោយពី​សាកសួរ និង​ទទួល​បាន​តម្រុយ​ពី​ជនសង្ស័យ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​បង្ក្រាប​ផ្ទះ​វីឡា​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​រលួស សង្កាត់​បឹងទូក ក្រុង​បូកគោ ខេត្ត​កំពត ដែល​ជា​កន្លែង​ស្នាក់នៅ​របស់​ជនរងគ្រោះ​មុន​ពេល​ស្លាប់ ព្រមទាំង​ចាប់​ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត​ផង​ដែរ ដែល​ជា​អ្នក​គ្រប់គ្រង​អគារ​នោះ ខណៈ​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែម្តង។

កាលពី​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៥ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង YONHAP NEWS AGENCY បាន​រាយការណ៍​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី ចែម្យុង (Lee Jae Myung) បាន​បញ្ជា​ឱ្យ​ក្រសួង​ការបរទេស​កូរ៉េ ចាត់​វិធានការ​ការទូត​គ្រប់​សព្វ​បែប​យ៉ាង​ឆ្លើយតប​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​កើត​ឡើង​ជាបន្តបន្ទាប់​ក្នុង​ប្រទេស​កម្ពុជា លើ​ពលរដ្ឋ​កូរ៉េ កន្លង​មក។ រដ្ឋាភិបាល​ក្រុង​សេអ៊ូល បាន​ចេញ​សេចក្តី​ណែនាំ​ដល់​ពលរដ្ឋ​កូរ៉េខាងត្បូង ឲ្យ​ជៀសវាង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ។ ចំណែក​បក្ស​ប្រឆាំង​នៃ​ប្រទេស​កូរ៉េខាងត្បូង បាន​រិះគន់​រដ្ឋាភិបាល​លោក Lee Jae Myung ថា​ធ្វើការ​ស្ពឹក។

បន្ថែម​ពី​នេះ សារព័ត៌មាន​កូរ៉េ The Chosun Daily បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី ចែម្យុង (Lee Jae Myung) បាន​លើកឡើង​បន្ថែម​ទៀត​ពី​រឿង​ឧក្រិដ្ឋកម្ម​លើ​ជនជាតិ​កូរ៉េ ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២៥ នេះ។

ប្រភព​ដដែល បញ្ជាក់​ថា លោក លី ចែម្យុង (Lee Jae Myung) បាន​ស្នើ​ឱ្យ​គណៈរដ្ឋមន្ត្រី​កូរ៉េ ត្រូវតែ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ប្រទេស​កម្ពុជា ក្នុង​តំបន់​មួយ​ចំនួន។ បន្ថែម​ពី​នេះ លោក​ក៏​បាន​សង្កត់​ធ្ងន់​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍​ពលរដ្ឋ​កូរ៉េ ទាំងឡាយ​ណា​ដែល​រងគ្រោះ​ក្នុង​បទល្មើស​ឧក្រិដ្ឋ​អនឡាញ​នៅ​កម្ពុជា ឲ្យ​បាន​ឆាប់​ផង​ដែរ។

អង្គការ​សិទ្ធិមនុស្ស Amnesty International បាន​រាយការណ៍​កន្លង​មក​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ទីតាំង​ចំនួន ៥៣​កន្លែង ដែល​ឧក្រិដ្ឋជន​ប្រើប្រាស់​ជា​កន្លែង​បង្ខាំង​មនុស្ស ប្រើ​ឲ្យ​ហៅ​ទូរសព្ទ​ឆបោក​តាម​អន្តរ​បណ្ដាញ ហៅ​តាម​អង់គ្លេស​ថា scam centers, call centers, online scam centers។ អ្នក​ស្រាវជ្រាវ​បរទេស​ហៅ​ឧក្រិដ្ឋកម្ម​ឆបោក ជា​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​សង្គម​ខ្មែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សមាជិក​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍ ក៏​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​ស្នើ​ជា​ច្បាប់​លេខ H.R 5490 (House Resolution=HR) កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ផង​ដែរ ដើម្បី​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​រួម​អន្តរ​ក្រសួង​មួយ ក្នុង​គោលបំណង​បំបែក​បណ្ដាញ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ឱ្យ​សាបសូន្យ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​យ៉ាង​ទូលំទូលាយ​នៅ​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​សកម្មភាព​ឆបោក​ពលរដ្ឋ​អាមេរិកាំង​កន្លង​មក។

អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ទទួល​បន្ទុក​ខាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ដែល​ធ្លាប់​ថ្លែង​ប្រាប់​ទូរទស្សន៍ Al Jazeera ថា អ្នកស្រី​មិន​បាន​ដឹង​អំពី​ឧក្រិដ្ឋកម្ម​ជួញដូរ បង្ខាំង​មនុស្ស ដើម្បី​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ ក៏​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​នៅ​សហរដ្ឋ​អាមេរិក​ដែរ៕

© 2025, . All rights reserved.