ព័ត៌មានអន្តរជាតិ

វេណេហ្ស៊ុយអេឡា បិទ​ស្ថានទូត​នៅ​ន័រវែស បន្ទាប់ពី​ផ្ដល់​រង្វាន់​ណូបែល​សន្តិភាព​ឱ្យ​មេ​បក្ស​ប្រឆាំង

By ឌឹ ខេមបូឌា ដេលី

October 15, 2025

ក្រសួង​ការបរទេស​នៃ​ប្រទេស​ន័រវែស ប្រកាស​ថា រដ្ឋាភិបាល​ប្រទេស​វេណេហ្ស៊ុយអេឡា បាន​សម្រេច​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង​អូស្លូ ដោយ​ពុំ​មាន​ការ​ពន្យល់​ពី​ហេតុការណ៍​ដែល​នាំ​ឱ្យ​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ សម្រេច​បិទ​ស្ថាន​បេសកកម្ម​ទូត​របស់​ខ្លួន​នោះ​ទេ។

តែ​គេ​ថា​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា ដែល​នៅ​ក្រោម​អំណាច​របស់​បុរស​ខ្លាំង Nicolás Maduro ពិត​ណាស់​សម្ដែង​ប្រតិកម្ម​ទៅ​នឹង​ប្រទេស​ន័រវែស និង​គណៈកម្មាធិការ​ពានរង្វាន់​ណូបែល​សន្តិភាព ដែល​សម្រេច​ផ្ដល់​សម្រាប់​ឆ្នាំ​២០២៥ ទៅ​ឱ្យ​មេ​បក្ស​ប្រឆាំង អ្នកស្រី María Corina Machado ដែល​ជា​ស្ត្រី​អ្នក​នយោបាយ​គូប្រជែង​អាច​ធ្វើ​ឱ្យ​លោក Maduro ធ្លាក់​ពី​អំណាច។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ន័រវែស អ្នកស្រី Cecilie Roang បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ន័រវែស ត្រូវ​បាន​គេ​ប្រាប់​ថា ស្ថានទូត​ប្រទេស​វេណេហ្ស៊ុយអេឡា កំពុងតែ​បិទ​ទ្វារ​ហើយ។ ការ​បិទ​ស្ថានទូត​នេះ ក៏​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា មិន​បាន​ជូនដំណឹង​ទៅ​រដ្ឋាភិបាល​ប្រទេស​ន័រវែស ដែរ។

ស្ត្រី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ន័រវែស និយាយ​ថា វា​ជា​ការ​សោកស្ដាយ។ ទោះជា​មាន​គំនិត​ខ្វែង​គ្នា​លើ​បញ្ហា​ជាច្រើន គួរតែ​រក្សា​កិច្ចសន្ទនា​នឹង​គ្នា ហើយ​ន័រវែស នឹង​បន្ត​ពិនិត្យ​មើល​រឿង​នេះ​ឡើងវិញ។

យោង​តាម​ប្រភព​ព័ត៌មាន​ដដែល ការ​ទាក់ទង​តាម​ប្រព័ន្ធ​ទូរសព្ទ​ពី​ខាងក្រៅ​ទៅ​កាន់​ការិយាល័យ​ស្ថានទូត​វេណេហ្ស៊ុយអេឡា នៅ​ក្រុង​អូស្លូ ក៏​លែង​ដំណើរការ​ដែរ ចាប់​តាំងពី​រសៀល​ថ្ងៃ​ចន្ទ ទី​១៣ ខែ​តុលា មក។

ទង្វើ​ពី​រដ្ឋាភិបាល​លោក Maduro ដូចនេះ ធ្វើឡើង ៣​ថ្ងៃ​បន្ទាប់ពី​អ្នកស្រី Machado បាន​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​នៅ​អូស្លូ។

អ្នកស្រី Machado ត្រូវ​បាន​គេ​កត់​ថា​ជា​ស្ត្រី​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល ដែល​ស្ត្រី​ជ័យលាភី​ណូបែល​សន្តិភាព​រូប​នេះ​កំពុង​បំពេញ​បេសកកម្ម​ផ្ដួល​រំលំ​របប​កុម្មុយនីស្ត​នៅ​វេណេហ្ស៊ុយអេឡា។ អ្នកស្រី Machado ក៏​ត្រូវ​បាន​រារាំង​ពី​ការ​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០២៤ ដោយ​គូប្រជែង​របស់​អ្នកស្រី គឺ​លោក Maduro។ ទីបំផុត លោក Maduro ពិត​ជា​ប្រាកដ​ថា​អ្នកស្រី Machado ទេ​ជា​អ្នក​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៤ នោះ។

អ្នកស្រី Machado ត្រូវ​បាន​គណៈកម្មាធិការ​រង្វាន់​ណូបែល​សន្តិភាព ផ្ដល់​រង្វាន់​ណូបែល​ចំពោះ​ភាព​មិន​ហត់នឿយ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ប្រជាធិបតេយ្យ​ដើម្បី​ប្រជាជន​វេណេហ្ស៊ុយអេឡា ដែល​អ្នកស្រី​បាន​តស៊ូ និង​កំពុងតែ​តស៊ូ​ដើម្បី​ការ​ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី និង​យុត្តិធម៌​ពី​អំណាច​ផ្ដាច់ការ​មក​ប្រជាធិបតេយ្យ​វិញ។

នៅ​ថ្ងៃ​ដែល​អ្នកស្រី Machado បាន​ពានរង្វាន់​ណូបែល ត្បិត​ថា​លោក Maduro មិន​បាន​ហៅ​សំដៅ​លើ​ស្ត្រី​វ័យ ៥៨​ឆ្នាំ​ក៏​ពិត​មែន តែ​មាន​ស្ត្រី​អ្នក​នយោបាយ​តែ​ម្នាក់​គត់​នៅ​វេណេហ្ស៊ុយអេឡា ស័ក្តិសម​ជា​គូប្រជែង​អំណាច​របស់​គាត់។

លោក Maduro ថា​ប្រជាជន​ប្រទេស​វេណេហ្ស៊ុយអេឡា ចង់​បាន​សន្តិភាព ហើយ​សន្តិភាព​ជាមួយ​នឹង​សេរីភាព និង​អធិបតេយ្យ។

យ៉ាងណា អ្នកស្រី Machado អ្នក​នយោបាយ​វេណេហ្ស៊ុយអេឡា រូប​នេះ បាន​គាំទ្រ​ជា​ខ្លាំង​នូវ​វត្តមាន​របស់​ទ័ព​សហរដ្ឋ​អាមេរិក​ដែល​កំពុង​ដាក់​ពង្រាយ​នៅ​តំបន់​ឆ្នេរសមុទ្រ​វេណេហ្ស៊ុយអេឡា ដែល​អ្នកស្រី​បាន​ចាត់ទុក​ថា​ពានរង្វាន់​ណូបែល​សន្តិភាព គឺជា​កិត្តិយស​របស់​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ថា​កំពុង​ជួយ​រំដោះ​ទុក្ខវេទនា​របស់​វេណេហ្ស៊ុយអេឡា ពី​អំណាច​ផ្ដាច់ការ​របស់​លោក Maduro។

ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ទូរទស្សន៍ Fox news អ្នកស្រី Machado ថា​លោក ត្រាំ សម​នឹង​ទទួល​បាន​ពានរង្វាន់ ពីព្រោះ​មិន​ត្រឹមតែ​ដោះស្រាយ​សង្គ្រាម​ចំនួន ៨ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទេ តែ​សកម្មភាព​របស់​លោក ត្រាំ ដែល​ឥត​រារែក​ក្នុង​ការ​ជួយ​វេណេហ្ស៊ុយអេឡា ទៅ​រក​សេរីភាព។

គេ​ថា​លោក Maduro កាន់តែ​ធ្វើ​ខ្លួន​ឱ្យ​កាន់តែ​ឯកា​នៅ​លើ​វេទិកា​អន្តរជាតិ ចំពោះ​ការ​បិទ​ស្ថានទូត​នៅ​ប្រទេស​ន័រវែស។ បុរស​ខ្លាំង Nicolás Maduro ពិត​ណាស់ គេ​ស្គាល់ គេ​ដឹង​ឈ្មោះ​លោក​ជា​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា។ គាត់​បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១៣ ជា​ឆ្នាំ​ដែល​ប្រធានាធិបតី Hugo Chávez ស្លាប់​ដោយ​ជំងឺ​មហារីក។ តាំងពី​ពេលនេះ របប​ផ្ដាច់ការ​ដែល​បន្សល់​ពី​លោក Hugo Chávez កាន់តែ​អាក្រក់​ខ្លាំង​ឡើង​នៅ​ក្រោម​អំណាច​របស់​លោក Maduro។ លោក Maduro កំពុង​គាប​សង្កត់​យ៉ាង​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​នយោបាយ​ទៅ​លើ​បក្ស​ប្រឆាំង។

អ្នក​នយោបាយ​ប្រឆាំង​ជាង ៨០០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស។ ជាមួយ​គ្នា​នេះ ប្រជាជន​ជិត ៨​លាន​នាក់​ភៀសខ្លួន​ទៅ​នៅ​ប្រទេស​ជិតខាង ព្រោះតែ​គ្មាន​សេរីភាព​ក្នុង​ការ​រស់នៅ​ក្រោម​របប​លោក Maduro ខណៈ​អំពើពុករលួយ​ជា​ប្រព័ន្ធ​រាលដាល​ពាសពេញ​ស្ថាប័ន​រដ្ឋ។

អត្រា​យុវជន​អត់​ការងារ​ធ្វើ​កាន់តែ​កើន​ឡើង។ សង្គម​កំពុង​ធ្លាក់​ក្នុង​ការ​បែងចែក​ពណ៌​សម្បុរ​បក្ខពួក។ ក្នុង​ស្ថានភាព​នៃ​ការ​រំលោភ​សិទ្ធិ​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ សហគមន៍​អន្តរជាតិ សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន មិន​ទទួលស្គាល់​លោក Maduro ជា​មេដឹកនាំ​ប្រទេស​វេណេហ្ស៊ុយអេឡា ស្រប​ច្បាប់​ឡើយ។ ក្នុង​ស្ថានភាព​ដែល​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​ន័រវែស កាន់តែ​ធ្វើ​ឱ្យ​រដ្ឋការ​លោក ដូណាល់ ត្រាំ ត្រូវតែ​ប្រញាប់​កាត់ផ្ដាច់​របប​លោក Maduro ពី​ឆាក​អន្តរជាតិ ហើយ​ការ​លើក​ទ័ព​អាមេរិក​កម្ទេច​បណ្ដាញ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ដែល​អាមេរិក​ចោទ​ថា​លោក Maduro ជា​មេខ្លោង កាន់តែ​ធ្វើ​ឱ្យ​សេតវិមាន​នៃ​រដ្ឋការ​លោក ត្រាំ ពង្រឹង​ប្រតិបត្តិការ​យោធា​ថែមទៀត ប្រឆាំង​របប​ដឹកនាំ​របស់​លោក Maduro។

គួរ​បញ្ជាក់​ថា ប្រទេស​វេណេហ្ស៊ុយអេឡា ជា​ប្រទេស​មាន​ប្រេងកាត ហើយ​ចុះ​កិច្ចសន្យា​បូម ចម្រាញ់​ប្រេង​ជាមួយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​អាមេរិកាំង ExxonMobil មក​ទល់​នឹង​ពេល​វរសេនីយ៍ឯក Hugo Chavez ធ្វើ​រដ្ឋប្រហារ​ដូរ​ទៅ​ជា​របប​សង្គម​និយម ហើយ​ធ្វើ​ជាតូបនីយកម្ម​រ៉ែ​ប្រេងកាត​ធ្វើ​ជា​សម្បត្តិ​រដ្ឋ លុប​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​អាមេរិកាំង​ជា​ស្ថាពរ៕

© 2025, . All rights reserved.