ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី អះអាងថា រដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍវិស័យសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសការធានាបាននូវសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋគ្រប់រូប ដែលជាសិទ្ធិមូលដ្ឋានដំបូងបំផុតមិនអាចខ្វះបាន។
លោក កែវ រ៉េមី លើកឡើងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ និងអនុសាសន៍ដែលទទួលបានពីការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤ នៅថ្ងៃទី១៦ ខែតុលា នេះថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងយន្តការសិទ្ធិមនុស្សថ្នាក់តំបន់ ជាពិសេសគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។
ជាងនេះទៀត កម្ពុជាក៏បានអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ក្នុងការដាក់របាយការណ៍ជាតិសិទ្ធិមនុស្សតាមសន្ធិសញ្ញានានាដែរ។
លោក កែវ រ៉េមី លើកឡើងថា តាមរយៈការផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ការអនុញ្ញាតឱ្យមានការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ការទទួលយកអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានបង្ហាញឱ្យឃើញពីការប្រឹងប្រែងក្នុងការធានាឱ្យបាននូវសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បញ្ជាក់ថា កាន់តែបង្ហាញពីឆន្ទៈរបស់រដ្ឋាភិបាលក្នុងការធានាឱ្យបាននូវសិទ្ធិនានាថែមទៀតនោះ កម្ពុជាគ្មានទោសប្រហារជីវិតឡើយ ព្រោះការធានាបាននូវសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋគ្រប់រូប គឺសិទ្ធិមូលដ្ឋានដំបូងបំផុតមិនអាចខ្វះបាន មុននឹងនិយាយអំពីសិទ្ធិដទៃទៀត។
កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ សហគមន៍អន្តរជាតិ បានលើកឡើងពីកង្វល់របស់ពួកគេចំពោះស្ថានភាពសិទ្ធិមនុស្ស និងលំហសេរីភាពក្នុងប្រទេសកម្ពុជា ជាពិសេសការគាបសង្កត់សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋខ្មែរ និងអង្គការសង្គមស៊ីវិលនានា។
ក្នុងកិច្ចប្រជុំនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត ម៉ុនតាបន និងតំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោក Abdoul Aziz Thioye បានលើកឡើងថា លំហសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ពុំទាន់មានការផ្លាស់ប្ដូរជាវិជ្ជមានឡើយ។
ទាំងតំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ និងអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស បានទទូចឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងអ្នកសារព័ត៌មានឱ្យមានសេរីភាពឡើងវិញ និងត្រូវបើកលំហសេរីភាពឱ្យបានទូលំទូលាយថែមទៀត។
ដោយឡែកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក៏បានចេញសេចក្តីថ្លែងការណ៍ស្នើឱ្យរដ្ឋាភិបាលកម្ពុជា កែសម្រួលការអនុម័តច្បាប់ដកសញ្ជាតិខ្មែរវិញផងដែរ ក្រោមហេតុផលថា ច្បាប់ថ្មីនេះអាចជាឧបករណ៍នយោបាយរាំងខ្ទប់សំឡេងពលរដ្ឋ៕
© 2025, . All rights reserved.