ទំហំទឹកប្រាក់ជា bitcoin ជាង ២,៤ពាន់លានដុល្លារអាមេរិករបស់ប្រធានក្រុមហ៊ុន Prince Holding Group (Prince Group) គឺអ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ជនជាតិចិនសញ្ជាតិខ្មែរ ពាក់ព័ន្ធនឹងការក្លែងបន្លំក្នុងអំពើឆបោកតាមអនឡាញ កំពុងត្រូវបានផ្ទេរចេញដើម្បីគេចពីការរឹបអូសរបស់សហរដ្ឋអាមេរិក។
គណនីបណ្ដាញទំនាក់ទំនងសង្គម អិច (X) ឈ្មោះ Arkham នៅថ្ងៃទី១៦ តុលា នេះ បានចុះផ្សាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកគួរតែរឹបអូសទឹកប្រាក់ ចំនួន ២,៤ពាន់លានដុល្លារជា bitcoin នេះបន្ថែមទៀតពីលោក ចេន ហ្ស៊ី (Chen Zhi) ព្រោះពេលនេះ ទឹកប្រាក់ទាំងនោះកំពុងត្រូវបានផ្ទេរចេញយ៉ាងស្ងៀមស្ងាត់ ក្រោយពីអាមេរិករឹបអូសទឹកប្រាក់អស់ ១៥ពាន់លានដុល្លារកាលពីថ្ងៃទី១៤ ខែតុលា កន្លងទៅ។
ម្ចាស់គណនីដដែលនេះ បញ្ជាក់ថា ទឹកប្រាក់ជា bitcoin ជាង ២,៤ពាន់លានដុល្លារអាមេរិករបស់លោក ចេន ហ្ស៊ី (Chen Zhi) ដែលពាក់ព័ន្ធនឹងការក្លែងបន្លំក្នុងអំពើឆបោកតាមអនឡាញនេះ កំពុងត្រូវបានផ្ទេរទៅគណនីថ្មីមួយផ្សេងទៀតតាមរយៈក្រុមហ៊ុនជីករ៉ែ Bitcoin ឈ្មោះ LuBian ដើម្បីគេចចេញពីការរឹបអូសរបស់សហរដ្ឋអាមេរិក។
ក្រសួងយុត្តិធម៌អាមេរិក បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៤ ខែតុលា នេះថា សហរដ្ឋអាមេរិកបានរឹបអូសទឹកប្រាក់ ១៥ពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Gruop) ខណៈលោក ចេន ហ្ស៊ី (Chen Zhi) និងក្រុមហ៊ុនពាក់ព័ន្ធចំនួន ១១៨ ផ្សេងទៀត ក៏រងការចោទប្រកាន់ថាបានពាក់ព័ន្ធនឹងការក្លែងបន្លំក្នុងអំពើឆបោកតាមអនឡាញនេះដែរ។
ក្នុងរបាយការណ៍ក្រសួងយុត្តិធម៌អាមេរិក បង្ហាញថា លោក ចេន ហ្ស៊ី គឺជាមេខ្លោងដែលគ្រប់គ្រងលើបណ្ដាញឧក្រិដ្ឋជនជាច្រើននាក់ និងក្រុមហ៊ុនមួយចំនួនទៀត។ បន្ថែមពីនេះ លោក ចេន ហ្ស៊ី ក៏ជាម្ចាស់ដៃគូភាគហ៊ុនរបស់ធនាគារ ព្រីនស៍ (Prince Bank Plc) ជាមួយលោក គុយ ឆាយ (Guy Chhay) ដែលជាជនជាតិខ្មែរផងដែរ។
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic William បាននិយាយក្នុងវីដេអូឃ្លីបប្រវែង ៥៤វិនាទីជាភាសាខ្មែរកាលពីថ្ងៃទី១៥ ខែតុលា ថា មុខមាត់កេរ្តិ៍ឈ្មោះរបស់កម្ពុជា បានរងនូវភាពអាម៉ាស់ដោយសារតែក្រុមឧក្រិដ្ឋជនអនឡាញ។
លោកបន្តថា ក្រុមឧក្រិដ្ឋជនទាំងនេះបានបង្កផលប៉ះពាល់ខ្លាំងដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស ហើយលោកសង្ឃឹមថាការដាក់ទណ្ឌកម្មរបស់ចក្រភពអង់គ្លេស ទៅលើបណ្ដាញក្រុមឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសកម្ពុជា គឺបង្ហាញនូវការគាំទ្រចំពោះសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា ដែលកំពុងបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ។
ក្រោយពីវិធានការរបស់សហរដ្ឋអាមេរិកនេះ ធនាគារ ព្រីនស៍ (Prince Bank Plc) បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៦ តុលា នេះថា កម្មវិធីធនាគារលើទូរសព្ទដៃបានដំណើរការឡើងវិញហើយ ខណៈមុខងារសំខាន់ៗទាំងអស់អាចប្រើប្រាស់បានដូចធម្មតា បន្ទាប់ពីកម្មវិធី PRINCE Mobile និងវេបសាយរបស់ធនាគារ បានរងការរំខានពីភាគីទីបី។
ប្រភពដដែល អះអាងថា ទោះជាយ៉ាងណា អតិថិជនអាចជួបប្រទះនូវផលរំខាននៃសេវាកម្មមួយចំនួន ឬការពន្យារពេលក្នុងការផ្ទេរប្រាក់នៅក្នុងប្រព័ន្ធធនាគារ ខណៈការពន្យារពេលនេះ កើតឡើងដោយសារបញ្ហាបច្ចេកទេសពីប្រព័ន្ធដៃគូរបស់ធនាគារ។
ធនាគារ ព្រីនស៍ បញ្ជាក់ថា ការផ្ទេរប្រាក់អន្តរជាតិ និងសេវាកម្មពាក់ព័ន្ធមួយចំនួននៅតែផ្អាកជាបណ្ដោះអាសន្ន រហូតដល់ការតភ្ជាប់ជាមួយដៃគូត្រូវបានស្ដារឡើងវិញ។
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំង លោក ទូច វិបុល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ តុលា នេះថា ករណីបុគ្គលឈ្មោះ ចេន ហ្ស៊ី (Chen Zhi) ប្រៀបដូចជាត្រីមួយកន្ត្រក ស្អុយមួយ គឺស្អុយទាំងអស់អ៊ីចឹងដែរ។
លោកអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ ដូចជាសហរដ្ឋអាមេរិក អង់គ្លេស និងកម្ពុជា សហការគ្នាចាត់វិធានការឱ្យបានតឹងរ៉ឹងទៅលើបុគ្គលរូបនេះ និងមន្ត្រីពុករលួយពាក់ព័ន្ធដទៃទៀត ជាពិសេសពិនិត្យ និងសើរើទ្បើងវិញនូវការផ្តល់សិទ្ធិធ្វើពាណិជ្ជកម្មរបស់បុគ្គលរូបនេះនៅលើទឹកដីកម្ពុជា ដើម្បីការពារកិត្តិយសមុខមាត់កម្ពុជា ធ្វើយ៉ាងណាកុំឱ្យមានការរើសអើងជាតិសាសន៍មកលើប្រជាជនស្លូតត្រង់កម្ពុជា និងជាពិសេស កុំឱ្យប្រទេសថៃ ដែលកំពុងឈ្លានពានកម្ពុជា យកបញ្ហានេះធ្វើឱ្យពិភពលោកមើលកម្ពុជា ក្នុងក្រសែភ្នែកមិនល្អ៕
© 2025, . All rights reserved.